ប្រធានាធិបតីអាមេរិកចេញ«បទបញ្ជាប្រតិបត្តិស្តីពីយុត្តិធម៌បរិស្ថាន»
លោក Biden ចុះហត្ថលេខាលើ «បទបញ្ជាប្រតិបត្តិស្តីពីយុត្តិធម៌បរិស្ថាន» នៅមុនទិវាផែនដី (Earth Day)។
ប្រធានាធិបតីសហរដ្ឋអាមេរិកបានចុះហត្ថលេខាលើ «បទបញ្ជាប្រតិបត្តិស្តីពីយុត្តិធម៌បរិស្ថាន» នៅមុនទិវាផែនដី (Earth Day) កាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៣។ ប្រធានាធិបតី Joe Biden និយាយថា យុត្តិធម៌បរិស្ថាននឹងក្លាយជាការទទួលខុសត្រូវរបស់រដ្ឋាភិបាល។
លោក Biden ប្រាប់ភ្ញៀវនៅក្នុងសួនកុលាបនៃសេតវិមាន (White House Rose Garden) មុនពេលចុះហត្ថលេខាថា “នោះមានន័យថា គ្រប់ទីភ្នាក់ងារសហព័ន្ធត្រូវតែគិតគូរពីផលប៉ះពាល់បរិស្ថាន និងសុខភាពលើសហគមន៍ និងការងារដើម្បីការពារផលប៉ះពាល់អវិជ្ជមានទាំងនោះ” ។
លោក Biden បានប្រាប់សកម្មជន សមាជិកសភា និងអ្នកពាក់ព័ន្ធផ្សេងទៀតថា «នេះគឺអំពីសុខភាពរបស់មនុស្ស។ វានិយាយអំពីសុខភាពសហគមន៍របស់យើង។ វាគឺអំពីអនាគតនៃភពផែនដីរបស់យើងប៉ុណ្ណោះ»។
បទបញ្ជានេះនឹងបង្កើតការិយាល័យយុត្តិធម៌បរិស្ថានថ្មី នៅក្នុងសេតវិមាន ដើម្បីសម្របសម្រួលកិច្ចខិតខំប្រឹងប្រែងនៅទូទាំងរដ្ឋាភិបាល ហើយតម្រូវឱ្យភ្នាក់ងារសហព័ន្ធជូនដំណឹងដល់សហគមន៍ ប្រសិនបើសារធាតុពុលត្រូវបានបញ្ចេញចេញពីកន្លែងរបស់សហព័ន្ធ។
គ្រោះមហន្តរាយ ដូចជាការធ្លាក់រថភ្លើងដឹកទំនិញ នៅភាគខាងកើតរដ្ឋអូហៃអូ ក្នុងខែកុម្ភៈ បណ្តាលឱ្យមានការធ្លាយសារធាតុគីមីដែលមានគ្រោះថ្នាក់បាននាំមកនូវការយកចិត្តទុកដាក់ដល់ការខូចខាតបរិស្ថាន ដែលសហគមន៍មួយចំនួនជួបប្រទះ ក្នុងអត្រាខ្ពស់ជាងនេះ៕ ប្រភពពី AFP ប្រែសម្រួលដោយ៖ សារ៉ាត