កូដកម្មនាំឲ្យចរាចរណ៍ផ្លូវដែកត្រូវផ្អាក ក្នុងប្រទេសអាល្លឺម៉ង់
ប៊ែកឡាំង៖ កូដកម្មបាននាំឲ្យចរាចរណ៍ផ្លូវដែកត្រូវផ្អាក នៅក្នុងប្រទេសអាល្លឺម៉ង់ កាលពីថ្ងៃសុក្រ សប្តាហ៍នេះ។
ចរាចរណ៍ផ្លូវដែកបានឈានដល់ការជាប់គាំងស្ទើរតែទាំងស្រុង នៅក្នុងប្រទេសអាឡឺម៉ង់កាលពីថ្ងៃសុក្រ ខណៈដែលកម្មករនៅទូទាំងប្រទេសបានធ្វើកូដកម្មទាមទារប្រាក់ឈ្នួលខ្ពស់ដើម្បីជួយទូទាត់អតិផរណា។
អ្នកនាំពាក្យប្រតិបត្តិករផ្លូវដែកជាតិ ឌុយ ឈូ បាន (Deutsche Bahn) លោក អាឈីម ស្ទុស (Achim Stauss) បានប្រាប់អ្នកយកព័ត៌មាន នៅស្ថានីយ៍កណ្តាលដែលបោះបង់ចោល នាទីក្រុងប៊ែកឡាំងថា “ស្ទើរតែគ្មានរថភ្លើង” កំពុងដំណើរការដោយសារតែកង្វះខាតបុគ្គលិក។
យោងតាមសហជីពដឹកជញ្ជូន EVG ដែលតំណាងឱ្យកម្មករប្រហែល ២៣ម៉ឺននាក់ បានឱ្យដឹងថា និយោជិតជាង ១៥០០០ នាក់មកពីក្រុមហ៊ុនចំនួន ៥០ បានចូលរួមកូដកម្ម។
អ្នកតំណាង EVG និង សហជីពផ្សេងទៀត បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា កូដកម្មដែលមានរយៈពេល រហូតដល់ម៉ោង ១១ គឺមានបំណង “បង្កើនសម្ពាធលើនិយោជក” ។
ពួកគេបាននិយាយថា “និយោជកគិតថា ពួកគេអាចមិនអើពើនឹងការទាមទាររបស់និយោជិតរបស់ពួកគេ ហើយចង់កំណត់ការចរចាជាសមូហភាពពីខាងលើ។ នេះមិនអាចទទួលយកបានទេ”។
សម្រាប់ប្រទេសអាល្លឺម៉ង់ ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ កម្មករក្នុងវិស័យផ្សេងៗគ្នា រួមទាំងការថែទាំសុខភាព ការថែទាំកុមារ និងការដឹកជញ្ជូន ក៏បានបន្តធ្វើកូដកម្មដើម្បីទាមទារលក្ខខណ្ឌល្អប្រសើរ។
កូដកម្មប្រភេទនេះ ចេះតែកើតមានឡើង ខណៈអតិផរណានៅក្នុងប្រទេសអាល្លឺម៉ង់ បានឈរនៅ ៧.៤ ភាគរយនៅក្នុងខែមីនា ដែលនៅតែមានការកើនឡើងយ៉ាងខ្លាំង បើទោះបីជាបានធ្លាក់ចុះពីកម្រិតខ្ពស់បំផុតនៃ ៨.៨ ភាគរយនៅក្នុងខែតុលាក៏ដោយ៕ ប្រភពពី AFP ប្រែសម្រួលដោយ៖ សារ៉ាត


