ក្រសួងបរិស្ថាន និង អង្គការដៃគូនឹងរៀបចំអន្ទាក់សូន្យដំណាក់កាលទី២ នាថ្ងៃទី២២ ខែមេសា នៅស្រុកវាលវែង ខេត្តពោធិ៍សាត់

ខេត្តពោធិ៍សាត់ ៖ ក្រសួងបរិស្ថាន និងអង្គការដៃគូបានរួមគ្នាបើកយុទ្ធនាការ អន្ទាក់សូន្យដំណាក់កាលទី២នៅស្រុកវាលវែង ខេត្តពោធិ៍សាត់ ដើម្បីសំដៅធ្វើយ៉ាងណាឱ្យពលរដ្ឋយល់ដឹងពីគ្រោះថ្នាក់នៃអន្ទាក់ យល់ដឹងពីផលប្រយោជន៍សត្វព្រៃ និងពិសេសបញ្ឈប់ការបរិភោគសាច់សត្វព្រៃដែលតែងបង្កគ្រោះថ្នាក់ដល់សុខភាព ។ ខេត្គគោលដៅសម្រាប់យុទ្ធនាការអន្ទាក់សូន្យក្នុងដំណាក់កាលទី២នេះ មាន ខេត្តពោធិ៍សាត់ ខេត្តកំពង់ស្ពឺ ខេត្តកោះកុង ខេត្តសៀមរាប ខេត្តបាត់ដំបង និងខេត្តប៉ៃលិន។

ថ្លែងក្នុងសន្និសីទសារព័ត៌មានស្តីពីយុទ្ធនាការ អន្ទាក់សូន្យ នៅសាលាស្រុកវាលវែង ខេត្តពោធិ៍សាត់នារសៀលថ្ងៃទី២១ ខែ មេសា ឆ្នាំ ២០២៣នេះ ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋលេខាធិការ និងជាមន្រ្តីនាំពាក្យក្រសួងបរិស្ថានបានឱ្យដឹងថា ៖ បន្ទាប់ពីយុទ្ធនាការលើកទី១ កាលពីឆ្នាំ២០២២កន្លងមក ត្រូវបានបញ្ចប់ដោយយោគជ័យរួចមក ក្រសួង និង អង្គការដៃគូបានបន្តបើកយុទ្ធនាការនេះ នៅស្រុកវាលវែងបន្តទៀតដោយសារតែតំបន់នេះមានការដាក់អន្ទាក់ច្រើន និងជាកន្លែងសំបូរសត្វព្រៃច្រើន ។ ម្យ៉ាងទៀតតំបន់នេះមានព្រៃឈើច្រើន ហើយដើម្បីបណ្តុះគំនិតដល់ប្រជាពលរដ្ឋយល់ដឹងពីគុណសម្បត្តិរបស់សត្វព្រៃរុក្ខជាតិ ដែលជាប្រព័ន្ធអេកូឡូស៊ី ក្នុងការជួយទ្រង់ទ្រងជីវិតសត្វ និងមនុស្ស ។

ឯកឧត្តម រដ្ឋលេខាធិការបានបញ្ជាក់ថា តំបន់ជួរភ្នំក្រវ៉ាញ គឺជាតំបន់ដែលសំបូរដោយអន្ទាក់ច្រើនជាងគេ ដោយសារតែតំបន់នេះសំបូរដោយសត្វព្រៃ ដូចជាសត្វដំរី សត្វតេស សត្វប្រឹស សត្វជ្រូកព្រៃ ។ល។ ហើយ«ការធ្វើយុទ្ធនាការនេះគឺដើម្បីជួយសង្គ្រោះជីវិតសត្វព្រៃដែលកំពុងធ្លាក់ចុះ ដែលរយៈពេល៧០ឆ្នាំមកនេះការធ្លាក់ចុះសត្វព្រៃ ហើយតាមការស្រាវជ្រាវគឺប្រមាណ ៦០ភាគរយ » ។

ឯកឧត្តម បានលើកឡើងថា ការធ្លាក់ចុះប្រភេទសត្វព្រៃនេះដោយសារមានការរកឃើញអន្ទាក់ត្រូវបានព្រានព្រៃដាក់ក្នុងព្រៃដើម្បីដាក់ចាប់សត្វ ។ អ្វីដែលសំខាន់នោះយុទ្ធនាការអន្ទាក់សូន្យលើកទី២នេះដែរ ដើម្បីអប់រំដល់ប្រជាពលរដ្ឋឲ្យយល់ដឹងពីហានិភ័យ នៃការបាត់បង់សត្វព្រៃ បែរមកនាំគ្នាចូលរួមអភិរក្សសត្វព្រៃនៅកម្ពុជា ។

លោក គង់ ពុទ្ធិរ៉ា ប្រធានមន្ទីបរិស្ថាន ខេត្ត ពោធិ៍សាត់ បានលើកឡើងថា បន្ទាប់ពីបើកយុទ្ធនាការលើកទី១កន្លងមកនេះបានធ្វើឲ្យប្រជាពលរដ្ឋមានការយល់ដឹងច្រើនពីតម្លៃសត្វព្រៃ ហើយបច្ចុប្បន្នគេឃើញ ថាតាមទីផ្សា ដែលធ្លាប់ដាក់តាំងលក់សាច់សត្វព្រៃ មានការថយចុះ ចំណុចនេះដោយ សារប្រជាពលរដ្ឋមានការយល់ដឹងច្រើនពីគុណសម្បត្តិរបស់សត្វព្រៃ និងដឹងពីគុណវិ បត្តិនៃការបរិភោគសាច់សត្វព្រៃ។

ទាក់ទិនក្នុងរឿងនេះដែរ លោក ងួន ប៊ុណ្ណារ៉ា នាយករដ្ឋបាលព្រៃឈើ ខេត្តពោធិ៍សាត់ បានគូសបញ្ជាក់ថាខាងរដ្ឋបាលព្រៃឈើតែងបានធ្វើការចុះណែនាំអាជីវករ និងទីតាំងអាហារដ្ឋានទាំង អស់នៅក្នុងខេត្តពោធិ៍សាត់មិនត្រូវដាក់បង្ហាញមុខម្ហូប នៅបញ្ជីឈ្មោះមានប្រភេទសត្វព្រៃជាដាច់ខាត។ លោកថារដ្ឋបាលព្រៃឈើក៏បានសហការជាមួយដៃគូរពាក់ព័ន្ធនានាក្នុងធ្វើការហាមឃាត់ និងអប់រំដល់ប្រជាពលរដ្ឋក្នុងស្រុកឲ្យដឹងពីគុណសម្បត្តិ និងគុណវិបត្តិនៃការបរិភោពសាច់សត្វព្រៃ។

លោក សេង ទៀក នាយកអង្គការ WWFប្រចាំកម្ពុជា បានគូសបញ្ជាក់ថា៖តាមឯកសារស្រាវជ្រាវ និង របាយការណ៍ស្រាវជ្រាវវិទ្យាសាស្រ្ត ជំងឺដែលកើតឡើងប្រមាណ៦០ភាគរយដែលមានលក្ខណៈស្រដៀងកូវីដ១៩និងខ្លះខ្លាំងជាងកូវីដ១៩គឺមានប្រភពចេញពីសត្វស្រុកឬសត្វព្រៃ ។វីរុសដែលកើតតាមផ្លូវដង្ហើមវិញគឺគេសង្ស័យកើតចេញពីប្រចៀវហើយឆ្លងទៅសេះបន្ទាប់មកវាឆ្លងមកដល់មនុស្ស។ជំងឺទាំងអស់នេះបានឆ្លងបន្តពីសត្វមួយទៅសត្វមួយទៀតមុនឆ្លងដល់មនុស្ស ដែលនេះបានបង្ហាញពីវីរុសសាហាវៗកើតចេញពីសត្វព្រៃតែម្តង ។

តាមការឱ្យដឹងរបស់ ឯកឧត្តម នេត្រ ភក្ត្រា ខេត្តពោធិ៍សាត់ មានតំបន់ការ ពារធម្មជាតិចំនួន ០៦ គឺឧទ្យានជាតិជួរភ្នំក្រវាញខាងត្បូង ឧទ្យានជាតិជួរភ្នំក្រវាញកណ្ដាល ដែនជម្រកសត្វព្រៃភ្នំសំកុស ដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ តំបន់ប្រើប្រាស់ច្រើនយ៉ាងបឹងទន្លេសាប និងរបៀងអភិរក្សជីវៈចម្រុះប្រព័ន្ធតំបន់ការពារធម្មជាតិ ៕
អត្ថបទ៖លោក ជិន ម៉ាដេប៉ូ
រូបភាព៖លោក រិន រចនា

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner