សម្ដេចតេជោនាយករដ្ឋមន្ត្រីជំរុញឱ្យរៀបចំព្រឹត្តិការណ៍ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម និងដំណើរការបោះឆ្នោតជាតិឱ្យបានល្អប្រសើរ និងរលូន
ភ្នំពេញ៖ ក្នុងពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំសមាគម សហជីព កម្មករ និយោជិត តំណាងមន្ត្រីរាជការ គ្រូបង្រៀន និងតំណាងសមាគមសេដ្ឋកិច្ចក្រៅប្រព័ន្ធចំនួន៣,៥០០នាក់ នៅសាលមហោស្រពកោះពេជ្រ រាជធានីភ្នំពេញ ដើម្បីអបអរខួបអនុស្សាវរីយ៍លើកទី១៣៧ ទិវាពលកម្មអន្តរជាតិ ១ ឧសភា ឆ្នាំ២០២៣ ក្រោមប្រធានបទ «សន្តិភាព ស្ថិរភាព មុខរបរ និងការងារ» សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានមានប្រសាសន៍ថា គិតត្រឹមថ្ងៃទី២៣ ខែមេសា គឺសល់តែ១២ថ្ងៃទៀតតែប៉ុណ្ណោះ នឹងដល់ព្រឹត្តិការណ៍ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ដែលកម្ពុជា ត្រូវធ្វើជាម្ចាស់ផ្ទះ។សម្តេចសូមឱ្យរៀបចំព្រឹត្តិការណ៍នេះ ឲ្យបានល្អប្រសើរ និងរលូន ដើម្បីឱ្យភ្ញៀវអន្តរជាតិទាំងអស់ពេលដែលមកដល់កម្ពុជាម្ដងហើយ គេចង់មកម្ដងទៀតនៅពេលក្រោយ។

សម្តេចតេជោ បានមានប្រសាសន៍ទៀតថា បន្ទាប់ពីព្រឹត្តិការណ៍ស៊ីហ្គេមរួចហើយនោះ ព្រឹត្តិការណ៍នៃការបោះឆ្នោតជាតិ នឹងត្រូវចូលមកដល់ ក្នុងន័យនេះ សម្ដេច បានអំពាវនាវធ្វើយ៉ាងណាឲ្យការបោះឆ្នោតជាតិនៅពេលខាងមុខនេះ បានប្រព្រឹត្តទៅដោយរលូន មិនមានការគាបសង្កត់ ដោយសេរី និងយុត្តិធម៌ ពោលគឺត្រូវស្ថិតក្នុងបរិយាកាសល្អបំផុត។

ជាមួយគ្នានេះដែរ សម្តេចតេជោនាយករដ្ឋមន្ត្រី នៅតែបន្តអំពាវនាវ ឱ្យបងប្អូនប្រជាពលរដ្ឋត្រូវរួមគ្នាបន្តប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ជាបន្តទៀត ត្បិតតែយើងមានការបន្ធូរបន្ថយកាតព្វកិច្ចជាច្រើនក៏ពិតមែន ប៉ុន្តែជំងឺនេះមិនទាន់ចប់នៅឡើយនោះទេ ៕ អត្ថបទ៖ ស៊ូ វណ្ណលុក, រូបភាព៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ