សម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យបន្តការអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ឱ្យបានខ្ចាប់ខ្ជួន
ភ្នំពេញ៖ ក្នុងពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំសមាគម សហជីព កម្មករ និយោជិត តំណាងមន្ត្រីរាជការ គ្រូបង្រៀន និងតំណាងសមាគមសេដ្ឋកិច្ចក្រៅប្រព័ន្ធចំនួន៣,៥០០នាក់ នៅសាលមហោស្រពកោះពេជ្រ រាជធានីភ្នំពេញ ដើម្បីអបអរខួបអនុស្សាវរីយ៍លើកទី១៣៧ ទិវាពលកម្មអន្តរជាតិ ១ ឧសភា ឆ្នាំ២០២៣ ក្រោមប្រធានបទ «សន្តិភាព ស្ថិរភាព មុខរបរ និងការងារ» សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានបន្តអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋ ចូលរួមថែរក្សាសុខសន្តិភាពឱ្យបានគង់វង្ស។ ជាមួយគ្នានោះ ក៏ត្រូវខិតខំថែរក្សាស្ថេរភាពម៉ាក្រូសេដ្ឋកិច្ច ទប់ស្កាត់អតិផរណា។ គ្រប់ស្ថាប័នទាំងអស់ ត្រូវចេះសន្សំសំចៃក្នុងការចំណាយផ្សេងៗ និងត្រូវចូលរួមលុបបំបាត់ការរកស៊ីគេចពន្ធ ព្រមទាំងត្រូវខិតខំរកចំណូលសម្រាប់ជាតិឲ្យបានច្រើន។

សម្តេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវឲ្យមានការចូលរួមការពារសន្តិសុខសណ្តាប់ធ្នាប់សង្គម បន្តការអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាពឲ្យបានខ្ជាប់ខ្ជួនជានិច្ច ដូចជាទប់ស្កាត់ការការជួញដូរ និងប្រើប្រាស់គ្រឿងញៀន ល្បែងស៊ីសងគ្រប់ប្រភេទ និងរួមគ្នាទប់ស្កាត់បញ្ហាគ្រោះថ្នាក់ចរាចរណ៍។

សម្ដេចតេជោក៏បានជំរុញឲ្យបន្តយកចិត្តទុកដាក់ដោះស្រាយជីវភាពប្រជាពលរដ្ឋដែលខ្សត់ខ្សោយ ជាពិសេសប្រជាពលរដ្ឋដែលងាយរងគ្រោះផ្សេងៗ ដូចជា ពលរដ្ឋដែលរងគ្រោះក្នុងវិបត្តិកូវីដ១៩ ជាដើម។ ត្រូវចូលរួមក្នុងការដោះស្រាយការងារជូនប្រជាពលរដ្ឋ ទាំងការងារសេដ្ឋកិច្ចក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធ គឺត្រូវបន្តយកចិត្តទុកដាក់ជាប់ជាប្រចាំ ជាពិសេសគោលនយោបាយគាំពារសង្គម ដូចជាការអនុវត្តគាំពារស្ត្រីមានផ្ទៃពោះរហូតដល់កូនអាយុ២ឆ្នាំ។

សម្តេចតេជោ ហ៊ុន សែន បានសង្កត់ធ្ងន់ថា ក្នុងនាមជាប្រធានគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សដឹកនាំប្រទេសជាតិ គឺសម្តេចមិនបណ្តោយឲ្យប្រជាពលរដ្ឋណាម្នាក់ស្លាប់ដោយអត់បាយ ហើយដោយយើងមិនបានដឹងនោះទេ គឺយើងត្រូវតែយកចិត្តទុកដាក់មើលឲ្យបានគ្រប់ជ្រុងជ្រោយចំពោះប្រជាពលរដ្ឋដែលជួបទុក្ខលំបាក ៕
អត្ថបទ៖ ស៊ូ វណ្ណលុក, រូបភាព៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ

