បង្កើតគម្រោងជួយកាត់បន្ថយជម្លោះរវាងមនុស្ស និងសត្វដំរី ដើម្បីអភិរក្សសត្វដំរីអាស៊ីនៅភូមិចំនួនពីរ ខេត្តពោធិ៍សាត់

ពោធិ៍សាត់៖ គម្រោងដំណាំដើម្បីការអភិរក្សសត្វដំរីអាស៊ី ហើយដែលគម្រោងមួយនេះត្រូវបានគេដឹងថាជាការកាត់បន្ថយជម្លោះរវាងមនុស្ស និងសត្វដំរីត្រូវបាន បង្កើតឡើងនៅក្នុងសហគមន៍តំបន់ការពារធម្មជាតិស្ថិតនៅក្នុងភូមិចំនួនពីរនៃឃុំប្រមោយ ស្រុកវាលវែងខេត្តពោធិ៍សាត់។ គម្រោងនេះក៏ដើម្បីទប់ស្កាត់ការកើតវិវាទឡើងរវាងសត្វ និងមនុស្សដោយសារការទន្ទ្រានទីកន្លែងរកចំណីរបស់សត្វដំរី និងប្រជាពលរដ្ឋរស់នៅតំបន់ព្រៃភ្នំ។

គួរបញ្ជាក់ថាក្រសួងបរិស្ថាន អង្គការដៃគូនិងភាគីពាក់ព័ន្ធបានចុះពិនិត្យនៅទីតាំងដែលជាគម្រោងដំណាំការពារដំរីអាស៊ីដើម្បីបន្ធូបន្ថយជម្លោះវិវាទរវាងមនុស្ស និង ដំរីស្ថិតនៅក្នុងភូមិ ផ្ចឹកជ្រុំ ឃុំប្រមោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់កាលពីថ្ងៃទី ២១ ខែ មេសា ឆ្នាំ ២០២៣កន្លងមក។

ថ្លែងក្នុងពិធីនេះ ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋលេខាធិការ និងជាមន្រ្តីនាំពាក្យក្រសួងបរិស្ថានបានឱ្យដឹងថា តំបន់ជួរភ្នំក្រវាញគឺជាទីជម្រកនៃសត្វដំរីព្រៃមួយកន្លែងដែរ ក្នុងចំណោមទីជម្រកធំៗ២កន្លែងនៅប្រទេសកម្ពុជា។ក្នុងពេលបច្ចុប្បន្ន សត្វដំរីអាស៊ីដែលមានវត្តមានកម្ពុជានៅសល់ប្រហែលចន្លោះពី៤០០ ទៅ៦០០ក្បាល ដែលភាគច្រើនរស់នៅក្នុងតំបន់ជួរភ្នំក្រវាញ តំបន់ខ្ពង់រាបខាងជើងទន្លេសាប និងតំបន់ខ្ពង់រាបភាគខាងកើតក្នុងខេត្តមណ្ឌលគិរី ដោយសារទីនោះជាតំបន់ជីវៈចម្រុះដ៏សម្បូរបែប មានប្រព័ន្ធអេកូទ្បូស៊ី និងមានទីជម្រាលអំណោយផលដល់ការរស់នៅដល់ពួកវា និងសត្វព្រៃផ្សេងៗទៀត។

ឯកឧត្តមបានបញ្ជាក់ថាចំពោះគម្រោងដំណាំការពារដំរីអាស៊ីនេះដើម្បីទប់ស្កាត់បញ្ហាប្រឈម ដោយសារតំបន់មួយកន្លែងនេះគឺជាទីកន្លែងដែលសត្វដំរីឆ្លងកាត់ ដោយក្នុងនេះដំរីវាអាចស៊ីដំណាំអ្នកស្រុក ។អញ្ចឹងដើម្បីការពារសត្វដំរីយើងបានលើកកម្ពស់ជីវភាពប្រជាពលរដ្ឋដោយបានអនុវត្តនូវគម្រោងមួយនេះ”។

ជាមួយគ្នានេះ ឯកឧត្តមរដ្ឋលេខាធិការបានបញ្ជាក់ថា”នៅកន្លែងនេះតំបន់ព្រៃស្រោងដែលជាកន្លែងរស់នៅរបស់សត្វដំរី ប៉ុន្តែដោយសារកំណើនរបស់ប្រជាជនបានធ្វើឱ្យមានការទន្រ្ទានដីព្រៃ ហើយក្នុងកន្លែងខ្លះជាទីជម្រករបស់វា ដែលបង្កឱ្យមានជម្លោះរវាងមនុស្សនិងសត្វដំរី។ក្នុងនេះដំរីជាសត្វរកស៊ីចំណីអាហារបែបវិលជុំ បានសេចក្តីថាបើវាធ្លាប់រកស៊ីតំបន់ណាមួយហើយ វាតែងមក កន្លែងនោះវិញដដែល។ហេតុនេះបើកន្លែងណាមួយក្រុមមនុស្សបានប្រើប្រាស់កន្លែងវាសម្រាប់អាស្រ័យផលដាំដំណាំនោះដំរីវាតែងមក កម្ទេចដំណាំរបស់អ្នកស្រុកចោលហើយ។ការកើតនូវហេតុការណ៍បែបនេះវានឹងបង្កឱ្យមានជម្លោះរវាងមនុស្ស និងសត្វដំរីពុំខាន។ដណ្តើមកន្លែងទីតាំងគ្នាក្នុងការរកចំណី និងប្រកបរបរកសិកម្មចិញ្ចឹមជីវិត។ព្រោះតែហេតុផលនេះ ហើយទើបគេបានបង្កើតគម្រោងមួយសម្រាប់ដោះស្រាយបញ្ហានេះឡើងដើម្បីកាត់បន្ថយជម្លោះរវាងមនុស្សនិងសត្វដំរី។

ដោយឡែក លោក ទុយ សេរីវឌ្ឍនា នាយកកម្មវិធីអង្គការសម្ព័ន្ធសត្វព្រៃ និងធម្មជាតិបានបញ្ជាក់ប្រាប់ថានៅក្នុងតំបន់ភូមិផ្ចឹកជ្រុំ ឃុំប្រមោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ ស្ថិតក្នុងការអនុវត្តគម្រោង ដំណាំដើម្បីការអភិរក្សសត្វដំរីអាស៊ី។នៅកម្ពុជាយើងមិនទាន់មានជម្លោះខ្លាំងក្លាដូចនៅប្រទេសមួយចំនួនដូចជា អាហ្រ្វិក ឥណ្ឌា ស្រីលង្កាទេ។សម្រាប់នៅកម្ពុជាយើងនេះសត្វដំរីវាក៏ធ្លាប់ចូលមកស៊ីដំណាំរបស់បងប្អូនកសិករយើងដែរដូចជាក្នុងឆ្នាំ ១៩៩៦ឆ្នាំ ១៩៩៧ក៏ធ្លាប់កើតបញ្ហានេះឡើងដែរ។មិនមែនតែទីកន្លែងនេះទេសូម្បីតែនៅតាមតំបន់ជួរភ្នំក្រវាញក្នុងនោះដូចជាតំបន់ពេជ្រនិល គីរីរម្យ ក្នុងខេត្តកំពង់ស្ពឺ តំបន់បូទុមសាគរ ជីផាតខេត្តកោះកុងក៏មានបញ្ហាជម្លោះរវាងសត្វដំរីជាមួយមនុស្សនេះដូចគ្នា។

លោកបានបញ្ជាក់បន្ថែម”នៅកន្លែងនេះគឺគ្រាន់ជាគំរូមួយទេ មិនទាន់ជាគម្រោងដែលធំដូចអ្វីដែយើងចង់បាន។ឧបមាថាទីកន្លែងនេះមានស្រូវឬចេក និងទីតាំងខ្លះដំាអំពៅ អញ្ចឹងមានន័យវាជាដំណាំទាក់ទាញសម្រាប់សត្វដំរី។អញ្ចឹងដើម្បីកុំឱ្យវាកើតមានផលប៉ះពាល់ណាមួយជាមួយសត្វដំរីទើបយើងបានណែនាំឱ្យបងប្អូនធ្វើការផ្លាស់ប្តូរដំណាំណាមួយដែលពុំទាក់ទាញដល់សត្វដំរី។យើងនឹងពង្រីកនៅតាំងភូមិហើយថ្ងៃខាងមុខយើងនឹងពង្រីកទៅកាន់តំបន់ផ្សេងៗទៀត”។

លោក ទុយ សេរីវឌ្ឍនា បញ្ជាក់បន្ថែមថា៖គម្រោងមួយនេះបានចាប់ផ្តើមរយៈពេលជិត៣ឆ្នាំហើយ។តំបន់នេះត្រូវបានរៀបចំឡើងចំនួន២កន្លែងគឺតំបន់ការពារធម្មជាតិ ភូមិ ប្រទាល ជ្រុំ និង ភូមិ ផ្ចឹកជ្រុំ ។ក្នុងចំណោមប្រជាពលរដ្ឋចំនួន១០គ្រួសារដែលទទួលបានក្នុងការចូលគម្រោងនេះត្រូវបានគេណៃនាំឱ្យដំាដំណាំដែលមិនទាក់ទាញដល់សត្វដំរីដូចជា ដាំសណ្តែកកួរ ត្រសក់ទ្រើង ម្ទេស ត្រប ជាដើម។

លោកបានបញ្ជាក់ថា”ដើម្បីកាត់បន្ថយជម្លោះរវាងមនុស្ស និងសត្វដំរីគឺគេធ្វើអញ្ចឹង។សម្រាប់នៅកន្លែងនេះគ្រាន់តែគម្រោងមួយដែលពុំមានសូវកើតមានជម្លោះវិវាទរវាងមនុស្ស និងសត្វដំរីទេ ប៉ុន្តែនៅស្រុកកំពង់សិលាកើតមានច្រើនដែលនៅទីនោះគេបានណែនាំឱ្យមានការបាញ់កាំជ្រួចតូចៗបង្អើល។តំបន់ខ្លះទៀតគេបានណែនាំឱ្យការដុតកាំជ្រួចឬថ្មស្អុយតាមបំពង់ឫស្សី ឬបង្កើតជាសំឡេងលាន់ឮខ្លាំងៗ ដូចជាផ្លុំស្នែងជាដើម ដើម្បីបង្អើលសត្វដំរីពេលពួកវាចូលមកជិតចម្ការស៊ីផលដំណាំបានជាដើម។

លោកទុយ សេរីវឌ្ឍនា បន្ថែមថាសត្វដំរីព្រៃអាចរងការរំខានដោយសារតែវត្តមានរបស់មនុស្សនៅក្នុងតំបន់ដែនជម្រករបស់ពួកវា និងលើសពីនេះ ដំរីព្រៃអាចទទួលរងការវាយតបពីសំណាក់ប្រជាជនរហូតដល់រងរបួស ឬឈានដល់ការសម្លាប់ ជាការសងសឹកនឹងដំរីព្រៃដែលបានចូលមកស៊ីដំណាំរបស់ពួកគេ។

ដោយឡែកឯកឧត្តម នេត្រ ភក្រ្តាលេខាធិការក្រសួងបរិស្ថានបានថ្លែងដោយបញ្ជាក់ឱ្យដឹងដែរថាតាមរយៈគម្រោងផែនការ និងក៏ដូចជាកិច្ចការពារអភិរក្សសត្វដំរីទាំងក្រសួងបរិស្ថាន និងអង្គការដៃគូដែលមានរយៈពេល១០ឆ្នាំគ្រោងចំណាយថវិការ៤០លានដុល្លារអាមេរិកដែលស្ថិតនៅក្រោមក្របខណ្ឌផែនការសកម្មភាពចំនួន៧ធំៗក្នុងនេះក៏មានគម្រោងកាត់បន្ថយជម្លោះរវាងសត្វដំរីជាមួយមនុស្សផងដែរ។

មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានរូបនេះបានថ្លែងដោយបញ្ជាក់បន្ថែមថាក្រៅពីមានបញ្ហាទាំងនេះគេក៏ឃើញអន្ទាក់បានបង្កើតជាបញ្ហាដល់សុវត្ថិភាពរបស់សត្វដំរី ដែលមានវត្តមាននៅប្រទេសកម្ពុជា៕ អត្ថបទ៖លោក ជិនម៉ាដេប៉ូ រូបភាព៖ លោករិន រចនា

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner