ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មទ្វេភាគីកម្ពុជា និងតំបន់ស្វយ័តក្វាងស៊ី តាមរយៈវេទិកា ស្តីពី “ការជំរុញពាណិជ្ជកម្ម និងវិនិយោគកម្ពុជា-ចិន (ក្វាងស៊ី)”

ភ្នំពេញ៖ ការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងតំបន់ស្វយ័តក្វាងស៊ី តាមរយៈវេទិកា ស្តីពី “ការជំរុញពាណិជ្ជកម្ម និងវិនិយោគកម្ពុជា-ចិន(ក្វាងស៊ី)”ត្រូវបានប្រារព្ធ ឡើងកាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៣ ក្រោមអធិបតីភាព ឯកឧត្តម ឈួន ដារ៉ា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាងរបស់ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និង ឯកឧត្តម ឡាន ធានលី អភិបាលតំបន់ស្វយ័តជនជាតិជាំង ក្វាងស៊ី នៃសាធារណរដ្ឋប្រជាមានិតចិន ។

ក្នុងឱកាសនេះ ឯកឧត្តម ឡាន ធានលី បានលើកឡើងថា ចំណង មិត្តភាពកម្ពុជា-ចិន បានក្លាយជាមិត្តភាពត្បួងពេជ្រ នាឆ្នាំ២០២៣នេះ គឺគម្របខួបទី៦០ នៃកិច្ចទំនាក់ទំនងការទូត និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។ តាមរយៈកិច្ចសហប្រតិបត្តិការកម្ពុជា-ចិន ក្រោមគម្រោងផ្លូវមួយខ្សែក្រវាត់មួយ ក្នុងការកសាងសហគមន៍ជោគវាសនាតែមួយ និងមានកិច្ចព្រមព្រៀងពាណិជ្ជកម្មកម្ពុជា-ចិន បានជំរុញឱ្យកិច្ចការអភិវឌ្ឍសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ និងកសិកម្មកាន់តែស៊ីជម្រៅ និងកាន់តែរឹងមាំបន្ថែមទៀត។ ជាក់ស្តែង តំបន់ស្វយ័តក្វាងស៊ី បានធ្វើការទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយកម្ពុជា ដែលកម្ពុជាបានអញ្ជើញចូលរួមពិព័រណ៍ចិន-អាស៊ាននៅទីក្រុងណានីងជារៀងរាល់ឆ្នាំ។

ថ្លែងក្នុងវេទិកាដ៏មានសារៈសំខាន់នេះ ឯកឧត្តមរដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្រ្តី បានលើកឡើងថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានផ្តល់ការលើកទឹកចិត្តដល់ធុរជន និងវិនិយោគិនបរទេស តាមរយៈការអនុគ្រោះពន្ធ និងកិច្ចសម្រួលពាណិជ្ជកម្មឱ្យកាន់តែមានភាពងាយស្រួល និងកាន់តែមានទំនុកចិត្តខ្ពស់។ ជាក់ស្តែង កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន បានចូលជាធរមានមុនគេបង្អស់សម្រាប់ប្រទេសកម្ពុជា បន្ទាប់មកគឺកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ និងកិច្ចព្រមព្រៀងRCEP ហើយថ្មីៗនេះបានបញ្ចប់ជាផ្លូវការនៃការចរចាកិច្ចព្រមព្រៀមភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយរវាងកម្ពុជា-អេមីរ៉ាតអារ៉ាប់រួម ហើយគ្រោងនឹងចុះហត្ថលេខា នាពេលខាងមុខនេះ។

ឯកឧត្តមរដ្ឋមន្ត្រីប្រតិភូ បានបន្តថា កម្ពុជាបានបង្កើតមជ្ឈមណ្ឌលពាណិជ្ជកម្មឯកជនកម្ពុជានៅសាធារណរដ្ឋប្រជាមានិតចិនចំនួន១០ទីតាំង និងគ្រោងបើកចំនួនប្រាំបន្ថែម ក្រោមការគាំទ្រ និងកិច្ចសហប្រតិបត្តិការល្អរវាងប្រទេសទាំងពីរ។

ឯកឧត្តម បានបញ្ជាក់ជូនសហគ្រាស-ក្រុមហ៊ុនចិនពីខេត្តក្វាងស៊ីដែលអញ្ជើញមកទស្សកិច្ចនៅព្រះរាជាណាចក្រកម្ពុជានាពេលនេះ សូមធ្វើការបណ្តាក់ទុន និងវិនិយោគនៅប្រទេសកម្ពុជា លើការផលិត និងកែច្នែផលិតផលកសិកម្ម ដែលកម្ពុជាមានទីផ្សារនាំចេញទៅសហភាពអឺរ៉ុប បណ្តាប្រទេសនៅក្នុងតំបន់ និងលើពិភពលោក។

ឯកឧត្តម សង្ឃឹមថាការចូលរួមពិព័រណ៍ចិន-អាស៊ាន និងវេទិកាពាណិជ្ជកម្ម និងវិនិយោគ នាខែកញ្ញា នៅទីក្រុងណាននីង ប្រទេសចិន នឹងជួយជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងវិនិយោគរវាងប្រទេសទាំងពីរបន្ថែមមួយកម្រិតទៀត។

ក្នុងវេទិកានេះដែរ ក៏មានពិធីចុះហត្ថលេខាលើគម្រោងអជីវកម្មរវាងក្រុមហ៊ុនកម្ពុជា-ចិន ចំនួន១១ ទាក់ទងនឹងកិច្ចសហប្រតិបត្តិការលើការជំរុញវិស័យដាំដុះ និងកែច្នៃផលិតផលកសិកម្មផងដែរ៕
អត្ថបទ រូបភាព ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner