ប្រធានាធិបតីតួកគី៖ ពីរទសវត្សរ៍មកនេះ តួកគីបានកាត់បន្ថយការពឹងផ្អែកលើឧស្សាហកម្មការពារជាតិបរទេស ពី ៨០ភាគរយ ទៅ ២០ភាគរយ

អង់ការ៉ា៖ ប្រធានាធិបតីតួកគី លោក តាយយីប អឺដូហ្គាន់ នៅថ្ងៃទី២៤ ខែមេសា បានថ្លែងថា តួកគីបានកាត់បន្ថយការពឹងផ្អែកផ្នែកឧស្សាហកម្មការពារជាតិរបស់ប្រទេសដៃគូរបស់ខ្លួន ពីប្រហែល ៨០ភាគរយ មកនៅត្រឹម ២០ភាគរយប៉ុណ្ណោះ ក្នុងរយៈពេលពីរទសវត្សរ៍កន្លងមកនេះ។

ប្រធានាធិបតីតួកគី លោក តាយយីប អឺដូហ្គាន់ បាននិយាយនៅក្នុងពិធីប្រគល់រថក្រោះ Altay ថ្មីដល់កងកម្លាំងប្រដាប់អាវុធតួកគី សម្រាប់ការធ្វើតេស្តនៅភាគពាយ័ព្យខេត្ត Sakarya ថា ចំនួនរថក្រោះនៃគម្រោងការពារជាតិរបស់ប្រទេសតួកគី ដែលមានត្រឹមតែ៦២គ្រឿងក្នុងឆ្នាំ២០០២… ថ្ងៃនេះបានកើនឡើងលើសពី៧៥០គ្រឿង។

ហើយស្របពេលជាមួយគ្នានេះដែរ តួកគីបានកំណត់គោលដៅក្លាយជាប្រទេសឧស្សាហកម្មការពារជាតិឯករាជ្យ។ប្រធានាធិបតីតួកគីរូបនេះ បានសង្កត់ធ្ងន់ទៀតថា កញ្ចប់ថវិការបស់ប្រទេសតួកគីសម្រាប់គម្រោងការពារជាតិ ដែលមានត្រឹមតែ ៥.៥ពាន់លានដុល្លារក្នុងឆ្នាំ២០០២ ឥឡូវនេះ កញ្ចប់ថវិកានោះបានកើនឡើងរហូតដល់ ៧៥ពាន់លានដុល្លារ រួមទាំងគម្រោងផ្សេងទៀតនៅក្នុងដំណើរការដេញថ្លៃផងដែរ។

ក្រុមហ៊ុនផលិតសម្ភារៈការពារជាតិ BMC របស់ប្រទេសតួកគី បានប្រគល់រថក្រោះប្រយុទ្ធដ៏សំខាន់ Altay ដល់កងកម្លាំងតួកគីសម្រាប់ការធ្វើតេស្ត ហើយបើគ្មានអ្វីប្រែសម្រួលទេនោះ រថក្រោះប្រភេទនេះ ត្រូវបានគេរំពឹងថា នឹងបញ្ចប់ដំណើរការសាកល្បងទាំងស្រុងនៅឆ្នាំ២០២៤ខាងមុខ៕ ប្រភព៖ ស៊ីនហួរ ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner