ឯកឧត្តម វ៉ាត់ ចំរើន៖ បដិសណ្ឋារកិច្ចប្រកបដោយភាពកក់ក្តៅ ស្នាមញញឹមចេញពិបេះដូង ជូនប្រតិភូកីឡា គឺជាចំនុចសំខាន់ មុនព្រឹត្តការណ៍ស៊ីហ្គេម
ភ្នំពេញ៖ គណៈកម្មការពិធីការ និងបដិសណ្ឋារកិច្ច នៃគណៈកម្មាធិការជាតិ CAMSOC-CAMPAPGOC បានរៀបចំវគ្គបណ្ដុះបណ្ដាលពិធីការ និងបដិសណ្ឋារកិច្ច នៅទីស្ដីការក្រសួងការពារជាតិ ដោយមានអ្នកស្ម័គ្រចិត្តសរុបប្រមាណ ៥០០នាក់ចូលរួម។
ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ នៃគណៈកម្មាធិការជាតិ CAMSOC-CAMPAPGOC បានមានប្រសាសន៍ថា អ្នកស្ម័គ្រចិត្ត ជាពិធីការ ពិធីការិនី មានកាតព្វកិច្ច និងភារកិច្ច ២យ៉ាង គឺទី១-អ្វីដែលត្រូវធ្វើ ទី២-អ្វីដែលយើងកុំធ្វើ។ ដូច៣កុំ៣ការពារ អញ្ចឹងជាទូទៅយើងត្រូវអនុវត្តគោលការណ៍នេះ ដូច្នេះអ្វីដែលមិនច្បាស់លាស់ និងធ្វើទៅឆ្គងគឺយើងកុំធ្វើ ហើយអ្វីដែលយើងអាចធ្វើបាន តាមតួនាទីភារកិច្ចយើង គឺធ្វើចេញពីបេះដូង ធ្វើដោយស្នាមញញឹម ធ្វើដោយមានការទទួលខុសត្រូវទើបភ្ញៀវមានភាពកក់ក្តី ហើយទទួលបាននូវការទុកចិត្តដល់សេវាបំរើរបស់យើង ដែលកើតចេញពីខ្លួនយើង ដោយជំនឿចិត្ត។ ឯកឧត្តម វ៉ាត់ ចំរើន បន្ថែម។
ឯកឧត្តម អគ្គលេខាធិការ បន្តថា ក្នុងព្រឹត្តការណ៍កីឡា គេចាត់ទុកអ្នកស្ម័គ្រចិត្ត គឺជា DNA Of The Games គឺជាសរសៃឈាមរបស់ហ្គេម បើអ្នកស្ម័គ្រចិត្តអត់ធ្វើការ ហ្គេមនិងគាំង ដូច្នេះស្នាមញញឹមរបស់អ្នកស្ម័គ្រចិត្ត គឺជាការលើកគុណតម្លៃព្រឹត្តការណ៍អោយដំណើរការទៅមុខតាមរយៈអ្នកស្ម័គ្រចិត្តជាង៦០០០នាក់ បូកអ្នកធ្វើការតាមសហព័ន្ធជាតិសរុបជិតមួយម៉ឺននាក់ គឺទៅកន្លែងណាក៏មានអ្នកស្ម័គ្រចិត្តយើងទៅដល់ នេះជាកត្តាសំខាន់។ ឯកឧត្តម វ៉ាត់ ចំរើន បញ្ជាក់ទៀតថា តាមរយៈបទពិសោធន៍របស់វិគ្មិនយើង ឯកឧត្តម ផាត វិបុលសុភ័ក្រ្ត កញ្ញា តៃ លីដា ធ្លាប់ចូលរួមកីឡាអូឡាំពិក និងចែករំលែកព័ត៌មានល្អជូនដល់អ្នកស្ម័គ្រចិត្តយើង។
អគ្គលេខាធិការ CAMSOC-CAMPAPGOC បានបន្ថែមថា សារពិសេសៗ ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ នាយករដ្ឋមន្រ្តី គេបានប្រសិទ្ធនាមអោយស៊ីហ្គេម នៅកម្ពុជា គឺជា Free Game ពាក្យថា Free អ្នកណាក៏ចង់បានដែរ ហើយ Free Game នេះនៅលើលើកនេះអត់មានទេ អញ្ចឹងមានតែកម្ពុជាទេដែលប្រទេសតូចបេះដូងធំ បានធ្វើអោយប្រទេសនីមួយៗបានអបអរសាទរក្រោយកម្ពុជាប្រកាសមិនយកកម្រៃ។ ដូច្នេះ DNA Of The Games ត្រូវនាំសារថា កម្ពុជាធ្វើបាន កម្ពុជាធ្វើខុសប្លែកពីគេ អញ្ចឹងយើងត្រូវមានមោទនភាពជាខ្មែរ មោទនភាពជាម្ចាស់ផ្ទះ មោទនភាពថ្នាក់ដឹកនាំដែលផ្តល់ទឹកចិត្តក្នុងព្រឹត្តការណ៍ស៊ីហ្គេមនេះ។ ឯកឧត្តម វ៉ាត់ ចំរើន បានផ្តាំផ្ញើអោយអ្នកស្ម័គ្រចិត្តត្រូវមានវិន័យសេចក្តិថ្នៃថ្នូរ គោរពពេលវេលា តួនាទី មិនត្រូវហ្វេសប្រហែសធ្វើអោយប្រតិភូកីឡាប្រទេសណាមានការខកចិត្ត។
ជាចុងក្រោយ ឯកឧត្តម ស្នើអោយអ្នកស្ម័គ្រចិត្តទាំងអស់ប្រឆាំងនូវព័ត៌មានក្លែងក្លាយ តែជួយផ្សព្វផ្សាយព័ត៌មានផ្លូវការ និងវិជ្ជមានពីព្រឹត្តការណ៍ ថាកម្ពុជាធ្វើការជាក្រុមល្អ មានសាមគ្គីភាពល្អ មានការរៀបរយល្អ នៅពេលស៊ីហ្គេមចប់ធ្វើអោយពិភពលោកមើលមកកម្ពុជានូវរបត់ថ្មីមួយដ៏អស្ចារ្យ ជាមុខមាត់របស់រាជរដ្ឋាភិបាល។
នៅក្នុងព្រឹត្តការណ៍ស៊ីហ្គេម មាន២ចំនុចជោកជ័យខ្លាំងទី១-ពិធីបើក-បិទ ជាពិសេសពិធីបើកគឺត្រូវធ្វើអោយមានភាពអស្ចារ្យដែលមិនធ្លាប់មាន ធ្វើកម្រិតស្តង់ដារអូឡាពិកពិភពលោក មិនមែនកម្រិតតំបន់ដូចគេនោះទេ ជោគជ័យទី២- គឺបច្ចេកទេ កន្លែងប្រកួតកីឡាស្តង់ដាររៀបចំបានល្អ ការប្រកួតប្រព្រឹត្តទៅដោយរលួន កីឡាករ កីឡាការិនីកម្ពុជាបង្កើនគុណផលកីឡាបានល្អ នេះគឺជោគជ័យរបស់ម្ចាស់ផ្ទះ តែសរុបមកវិញ អ្នកស្ម័គ្រចិត្តទាំងអស់ គឺជា Man Power មានគុណភាពទើបជោគជ័យ គឺ Legacy of the Sea Games In Cambodia យើងចង់បានកេរ្ត៍ឈ្មោះល្អនៅកម្ពុជា យើងកំពុងតែលក់កិត្តិយសកម្ពុជារបស់យើងដែលមានផូរផង់ល្អ វប្បធម៌ល្អទៅកាន់ពិភពលោក។ ឯកឧត្តមអគ្គលេខាធិការ បន្ថែម។
គួរបញ្ជាក់ថា វគ្គបណ្ដុះបណ្ដាលពិធីការ និងបដិសណ្ឋារកិច្ច ត្រូវបានអញ្ជើញចូលរួមបើកដោយឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការនៃគណៈកម្មាធិការជាតិ CAMSOC-CAMPAPGOC និងមានវាគ្មិនចំនួន ៣រូប ឯកឧត្តម ផាត វិបុលសុភ័ក្ត្រ អនុប្រធានគណៈកម្មការពិធីការ, ឯកឧត្តម ផន យិនយូរ៉ា អនុប្រធានពិធីការ, កញ្ញា តៃ លីដា អនុប្រធានប្រចាំការពិធីការ CAMSOC ចូលរួមធ្វើបទបង្ហាញដល់៕ ចាន់ វិចិត្រ




