ការចំណាយផ្នែកយោធាសកលសរុបកើនដល់ ២.២៤ទ្រីលានដុល្លារក្នុងឆ្នាំ២០២២

ស្តុកខុល៖ ការចំណាយលើវិស័យយោធាសកលនៅឆ្នាំ២០២២ បានកើនឡើង ៣.៧ភាគរយ ឈានដល់ទឹកប្រាក់ ២.២៤ទ្រីលានដុល្លារ ក្នុងនោះការចំណាយនៅអឺរ៉ុបកើនឡើងខ្ពស់បំផុតក្នុងរយៈពេល៣០ឆ្នាំកន្លងមកនេះ។ នេះបើយោងតាមរបាយការណ៍របស់វិទ្យាស្ថានស្រាវជ្រាវសន្តិភាពអន្តរជាតិស្តុកខុល (SIPRI) ដែលបានចេញផ្សាយនៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៣។

សហរដ្ឋអាមេរិក ចិន និងរុស្សី ស្ថិតក្នុងលំដាប់កំពូលទាំងបី ទាក់ទងនឹងការចំណាយលើវិស័យយោធាពិភពលោក ដែលរ៉ាប់រងរហូតដល់៥៦ភាគរយនៃចំនួនសរុបរបស់ពិភពលោក។ សង្គ្រាមនៅអ៊ុយក្រែន និងភាពតានតឹងនៅតំបន់អាស៊ីបូព៌ា បានក្លាយជាកត្តាកំណើនដ៏សំខាន់ក្នុងការចំណាយលើវិស័យយោធាសកលនៅក្នុងឆ្នាំ២០២២ ក្នុងនោះការចំណាយនៅអឺរ៉ុបត្រូវបានគេមើលឃើញថា បានហក់ឡើងយ៉ាងខ្លាំងរហូតដល់១៣ភាគរយ។

អ្នកស្រាវជ្រាវជាន់ខ្ពស់នៃកម្មវិធីចំណាយយោធា និងផលិតអាវុធរបស់ SIPRI លោក Nan Tian បាននិយាយថា ការកើនឡើងជាបន្តបន្ទាប់ នៃការចំណាយលើវិស័យយោធាពិភពលោកក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ គឺជាសញ្ញាមួយដែលបង្ហាញថា ពួកយើងកំពុងរស់នៅក្នុងពិភពលោកដែលប្រឈមនឹងបញ្ហាអសន្តិសុខកាន់តែខ្លាំងឡើង។ ទន្ទឹមគ្នា អ្នករាយការណ៍ព័ត៌មានក៏បានបញ្ជាក់ផងដែរថា ការចំណាយផ្នែកយោធាដោយបណ្តាប្រទេសអឺរ៉ុបកណ្តាល និងខាងលិច បានត្រឡប់ទៅកាន់សង្គ្រាមត្រជាក់វិញហើយ។

គួរបញ្ជាក់ថា នៅក្នុងតំបន់អឺរ៉ុបកណ្តាល បានចំណាយប្រាក់រហូតដល់ ៣៤៥ពាន់លានដុល្លារកាលពីឆ្នាំមុន ខណៈតួលេខនេះបានកើនឡើងលើសពីការចំណាយកាលពីឆ្នាំ១៩៨៩ជាលើកដំបូង និងខ្ពស់ជាង៣០ភាគរយកាលពីឆ្នាំ២០១៣។

ដោយឡែកប្រទេសមួយចំនួនបានបង្កើនការចំណាយលើវិស័យការពារជាតិរបស់ពួកគេរួចហើយ ខណៈដែលប្រទេសដទៃទៀតក៏បានប្រកាសពីចេតនារបស់ពួកគេក្នុងការធ្វើដូច្នេះផងដែរ។ ការកើនឡើងយ៉ាងខ្លាំងលើការចំណាយផ្នែកយោធាត្រូវបានគេមើលឃើញថា មាននៅក្នុងប្រទេសហ្វាំងឡង់ ៣៦ភាគរយ, លីទុយអានី ២៧ភាគរយ, ស៊ុយអែត១២ភាគរយ និងប៉ូឡូញ១១ភាគរយ៕ ប្រភព៖ Tass ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner