ប្រមុខអង្គការសហប្រជាជាតិព្រមានថា ជម្លោះនៅស៊ូដង់អាចរីករាលដាលដល់តំបន់ និងក្រៅប្រទេស

អ.ស.ប៖ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក អាន់ថូនីញ៉ូ ហ្គូទែរេស នៅថ្ងៃទី២៤ ខែមេសា បានព្រមានថា ជម្លោះយោធានៅស៊ូដង់ អាចបន្តរីករាលដាលដល់តំបន់ទាំងមូល និងក្រៅប្រទេស ហើយថា ស្ថានភាពនៅស៊ូដង់បន្តកាន់តែអាក្រក់ទៅៗ ចាប់តាំងពីការប្រយុទ្ធគ្នាបានផ្ទុះឡើងនៅថ្ងៃទី១៥ ខែមេសា ដែលធ្វើឱ្យមនុស្សរាប់រយនាក់បានស្លាប់ និងរាប់ពាន់នាក់រងរបួស។

ថ្លែងប្រាប់កិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខស្តីពី “ពហុភាគីនិយមប្រកបដោយប្រសិទ្ធភាព” អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក អាន់ថូនីញ៉ូ ហ្គូទែរេស បានបញ្ជាក់ថា អំពើហឹង្សាត្រូវតែបញ្ឈប់ជាបន្ទាន់… ជម្លោះប្រដាប់អាវុធនេះ ប្រថុយនឹងការបះបោរដ៏មហន្តរាយនៅក្នុងប្រទេសស៊ូដង់ ដែលអាចរីករាលដាលដល់តំបន់ទាំងមូល និងក្រៅប្រទេស។

លោក ហ្គូទែរេស បាននិយាយយ៉ាងដូច្នេះថា ខ្ញុំថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះការទម្លាក់គ្រាប់បែកមិនរើសមុខលើតំបន់ជនស៊ីវិល រួមទាំងកន្លែងថែទាំសុខភាព។ ខ្ញុំអំពាវនាវឱ្យភាគីពាក់ព័ន្ធនានា បញ្ឈប់ប្រតិបត្តិការប្រយុទ្ធនៅក្នុងតំបន់ដែលមានប្រជាជនច្រើន និងអនុញ្ញាតឱ្យមានប្រតិបត្តិការផ្តល់ជំនួយមនុស្សធម៌។

ជនស៊ីវិលត្រូវតែមានលទ្ធភាពទទួលបានស្បៀងអាហារ ទឹកស្អាតប្រើប្រាស់ និងការផ្គត់ផ្គង់សម្ភារៈចាំបាច់ផ្សេងទៀត ហើយត្រូវជម្លៀសចេញពីតំបន់ប្រយុទ្ធគ្នា។ លោក ហ្គូទែរេស បានសង្កត់ធ្ងន់ទៀតថា គាត់កំពុងទាក់ទងជានិច្ចជាមួយភាគីជម្លោះ និងបានអំពាវនាវឱ្យពួកគេបន្ថយភាពតានតឹង ហើយ ត្រឡប់ទៅរកតុចរចាវិញ ហើយថា អង្គការសហប្រជាជាតិនឹងបន្តកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនជាមួយដៃគូ ដើម្បីធានាថា ការប្រយុទ្ធគ្នានឹងត្រូវបញ្ឈប់ជាអចិន្ត្រៃយ៍ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។

គួរបញ្ជាក់ថា ការប៉ះទង្គិចគ្នាដោយហិង្សាបានផ្ទុះឡើងរវាងកងកម្លាំងប្រដាប់អាវុធស៊ូដង់ និងទាហានប៉ារ៉ា (RSF) កាលពីថ្ងៃទី១៥ ខែមេសា នៅក្នុងរដ្ឋធានីខាទុំ និងទីកន្លែងផ្សេងទៀត។ បុគ្គលិករបស់អង្គការសហប្រជាជាតិមានប្រហែល ៤.០០០នាក់នៅក្នុងប្រទេសស៊ូដង់ ហើយក្នុងចំណោមពួកគេមាន ៨០០នាក់ជាបុគ្គលិកអន្តរជាតិ៕ ប្រភព៖ ស៊ីនហួរ ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner