ជនជាតិដើមភាគតិចរាប់រយនាក់ នាំគ្នាបោះជំរុំ នៅទីក្រុងប្រាស៊ីលីយ៉ា ដើម្បីទាមទារការការពារទឹកដីរបស់ពួកគេ
ប្រាស៊ីលីយ៉ា៖ ក្រុមជនជាតិដើមភាគតិចរាប់រយនាក់មកពីទូទាំងប្រទេសប្រេស៊ីល បានប្រមូលផ្តុំគ្នាដើម្បីបោះជំរុំជាលើកទី១៩ នៅក្នុងទីក្រុងប្រាស៊ីលីយ៉ា ស្របពេលដែលពួកគេនឹងស្នើសុំរដ្ឋាភិបាលរបស់ប្រធានាធិបតីប្រេស៊ីល លោក លូឡា ដាស៊ីលវ៉ា សម្រាប់ការបោះបង្គោលទឹកដី និងការការពារធនធានធម្មជាតិ ដែលបន្សល់ទុកពីដូនតារបស់ពួកគេ ពីការជីកយករ៉ែ និងការកាប់បំផ្លាញព្រៃឈើខុសច្បាប់ ក្នុងចំណោមឧក្រិដ្ឋកម្មផ្សេងទៀត។
លោក យ៉ាខារី គូអ៊ីគូរ៉ូ មេហ៊ីណាគូ បុរសជនជាតិដើមភាគតិចមកពីទឹកដី អាល់តូ ស៊ីនហ្គូ បាននិយាយថា ជាការពិត ទឹកដីជនជាតិដើមភាគតិច ស៊ីនហ្គូ មានការរស់នៅប្រៀបដូចជាកោះព្រៃឈើ ប៉ុន្តែសព្វថ្ងៃនេះ មានការបំផ្លិចបំផ្លាញយ៉ាងច្រើនជុំវិញទឹកដីរបស់ពួកយើង ដែលនេះជាសាររបស់យើងទៅកាន់រដ្ឋាភិបាលថា ពួកគេគួរតែថែរក្សាបរិស្ថានដូចជនជាតិដើមភាគតិចដែរ។
លោកបន្តថា ថ្ងៃនេះ យើងមានការរំពឹងទុកដោយក្តីសង្ឃឹមថា យើងនឹងអាចការពារទឹកដីរបស់ពួកយើង និងព្រៃឈើរបស់ពួកយើង ខណៈដែលរដ្ឋាភិបាលរបស់លោក លូឡា នឹងផ្តល់ធនធានបន្ថែមទៀតសម្រាប់គម្រោងនានា ដើម្បីឱ្យមាននិរន្តរភាពបន្ថែមទៀត នោះគឺជាអ្វីដែលយើងរំពឹងទុក។
លោកបន្ថែមថា រដ្ឋាភិបាលអាណត្តិមុន គឺអាក្រក់ណាស់សម្រាប់ពួកយើង ដោយគាត់ចង់សំដៅដល់អតីតប្រធានាធិបតីស្តាំនិយមរបស់ប្រេស៊ីល លោក ច៊ែរ បូលសូណារ៉ូ ដែលបានធ្វើឱ្យជនជាតិដើមភាគតិចប្រឆាំងនឹងគ្នាទៅវិញទៅមក។
បញ្ហានេះគឺជាចំណុចអវិជ្ជមានបំផុតសម្រាប់ពួកយើង។ ប៉ុន្តែរដ្ឋាភិបាលបច្ចុប្បន្នរបស់លោក លូឡា ពួកយើងជឿជាក់ថា គាត់នឹងផ្តល់ធនធានបន្ថែមទៀតសម្រាប់ពួកយើង ហើយក៏សម្រាប់គម្រោងការពារទឹកដីរបស់ពួកយើងដែរ៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា



