ថៃនាំចេញអង្ករកើនឡើង១៨.៥ភាគរយ ក្នុងត្រីមាសទី១ ឆ្នាំ២០២៣
បាងកក៖ ទិន្នន័យផ្លូវការ នៅថ្ងៃទី២៤ ខែមេសា បានបង្ហាញថា ការនាំចេញអង្កររបស់ប្រទេសថៃបានកើនឡើង ១៨.៤៨ភាគរយពីមួយឆ្នាំទៅមួយឆ្នាំដល់ចំនួន ២.០៦លានតោននៅក្នុងត្រីមាសដំបូង ឆ្នាំ២០២៣ ដោយសារតម្រូវការពីទីផ្សារអាស៊ី និងអាហ្រ្វិកបានកើនឡើង។
យោងតាមក្រសួងពាណិជ្ជកម្មថៃបានឱ្យដឹងថា ប្រទេសថៃទទួលបានប្រាក់ចំណូល ៣៨.០៦ពាន់លានបាត ឬប្រមាណ ១.១១ពាន់លានដុល្លារ ពីការដឹកជញ្ជូនអង្ករក្នុងអំឡុងខែមករា ដល់ខែមីនាឆ្នាំនេះ កើនឡើង ២៩.៣ភាគរយ បើធៀបនឹងឆ្នាំមុន។
អគ្គនាយក នៃនាយកដ្ឋានពាណិជ្ជកម្មបរទេសរបស់ក្រសួងពាណិជ្ជកម្មថៃ លោក រ៉ុនណារ៉ុង ភូភីផាត បាននិយាយថា អ៊ីរ៉ាក់គឺជាប្រទេសនាំចូលអង្ករថៃច្រើនជាងគេ ដែលមានចំនួន ១៦.៤ភាគរយនៃការនាំចេញសរុប បន្ទាប់មកគឺប្រទេសឥណ្ឌូណេស៊ី សហរដ្ឋអាមេរិក និងអាហ្វ្រិកខាងត្បូង។
លោក រ៉ុនណារ៉ុង បន្ថែមថា អង្ករថៃត្រូវបានគេរំពឹងថា នឹងមើលឃើញពីការប្រកួតប្រជែងតម្លៃក្នុងពេលប៉ុន្មានខែខាងមុខនេះ ដោយសារតែទិន្នផលពីរដូវច្រូតកាត់ គ្រោងនឹងវាយលុកទីផ្សារក្នុងខែមីនា និងខែមេសានេះ។
យោងតាមក្រសួងកសិកម្ម និងសហករណ៍ថៃ បានឱ្យដឹងថា ផលិតកម្មស្រូវរបស់ប្រទេសថៃត្រូវបានគេរំពឹងថា នឹងកើនឡើងនៅក្នុងឆ្នាំ២០២៣នេះ ដោយសារតែការផ្គត់ផ្គង់ទឹកគ្រប់គ្រាន់សម្រាប់ការដាំដុះ។
ក្នុងនាមជាប្រទេសនាំចេញអង្ករដ៏សំខាន់មួយរបស់ពិភពលោក ប្រទេសថៃកាលពីខែមីនាបានបង្កើនគោលដៅនាំចេញអង្កររបស់ខ្លួននៅក្នុងឆ្នាំនេះ រហូតដល់៨លានតោន កើនឡើងលើសគោលដៅពីមុន ដែលមានត្រឹម៧.៥លានតោន ដោយសារតែទិន្នផលស្រូវកើនឡើងខ្ពស់៕ ប្រភព៖ ស៊ីនហួរ ប្រែសម្រួលដោយ៖ ឈឹម ទីណា


