ក្រុមហ៊ុនផលិតថាមពលព្រមានថា អឺរ៉ុបត្រូវបង្កើតគោលនយោបាយថ្មី និងគាំទ្រផ្នែកថវិកាដល់ឧស្សាហកម្មថាមពល
អឺរ៉ុប៖ បណ្ដាក្រុមហ៊ុនផលិតថាមពលបៃតងនៅអឺរ៉ុបបានលើកឡើងថា ឧស្សាហកម្មថាមពលកកើតឡើងវិញដែលមានទីតាំងស្ថិតនៅឈូងសមុទ្ររបស់អឺរ៉ុប មានទំហំតូចនៅឡើយ ផ្គត់ផ្គង់ថាមពលបៃតងមិនទាន់គ្រប់គ្រាន់ និងមិនអាចឈានទៅដល់គោលដៅរបស់រដ្ឋាភិបាលក្នុងការពង្រីកថាមពលបៃតងឱ្យបានយ៉ាងឆាប់រហ័សនាពេលខាងមុខនោះទេ។ ដូច្នេះហើយ ប្រាកដណាស់ វាទាមទារឱ្យមានការបង្កើតគោលនយោបាយគាំទ្រ និងការផ្តល់មូលនិធិបន្ថែមទៀតដើម្បីឈានទៅរកគោលដៅ។
គួរដឹងដែរថា ការអំពាវនាវរួមគ្នារបស់បណ្ដាក្រុមហ៊ុនទាំងអស់នោះ ធ្វើឡើងស្របពេលដែលមេដឹកនាំមកពីប្រទេសចំនួន ៩ រួមមានអាល្លឺម៉ង់ បារាំង និងអង់គ្លេសជាដើម គ្រោងនឹងមានកិច្ចប្រជុំមួយនៅទីក្រុងអូស្ទែន (Ostend) ប្រទេសបែលហ្ស៊ិក នៅថ្ងៃចន្ទខាងមុខនេះ។
គោលបំណងនៃកិច្ចប្រជុំ គឺការប្ដេជ្ញាបង្កើនសមត្ថភាពខ្យល់បក់ពីឆ្នេរសមុទ្រនៅសមុទ្រខាងជើងឱ្យលើសពីបួនដងនៃបរិមាណខ្យល់បច្ចុប្បន្ននៅត្រឹមឆ្នាំ២០៣០ ខាងមុខ។
បណ្ដាក្រុមហ៊ុន និងស្ថាប័នដែលធ្វើការនៅក្នុងវិស័យមួយនេះប្រមាណជាង ១០០ ស្ថាប័នបានបញ្ជាក់ប្រាប់នៅក្នុងសេចក្តីថ្លែងការណ៍រួមមួយថា ៖ «ឧស្សាហកម្មរបស់យើងបច្ចុប្បន្ននេះ មិនមានទំហំធំគ្រប់គ្រាន់នៅឡើយក្នុងការបំពេញបាននូវការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលទាំងប្រាំបួនចំណុច និងមិនអាចបំពេញតម្រូវថាមពលដែលកំពុងកើនឡើងខ្លាំងនោះទេ ជាក់ស្ដែងដូចជាអ៊ីដ្រូសែនកកើតឡើងវិញជាដើម»។
នៅក្នុងសេចក្ដីថ្លែងការណ៍នោះបានបន្ថែមថា ៖ «ពួកយើងនឹងធ្វើអ្វីគ្រប់យ៉ាងដើម្បីធានាថាកសិដ្ឋានខ្យល់ថ្មីជាច្រើននឹងអាចផលិតថាមពលបានច្រើននៅអឺរ៉ុប»។
«សព្វថ្ងៃនេះ ឧស្សាហកម្មអ៊ឺរ៉ុបអាចផលិតថាមពលខ្យល់នៅសមុទ្របាន ប្រាំពីរ ជីហ្គាវ៉ាត់ក្នុងមួយឆ្នាំ» នេះជាការលើកឡើងរបស់បណ្ដាក្រុមហ៊ុនដែលជាភាគីហត្ថលេខី រួមមានក្រុមហ៊ុនផលិតថាមពល Orsted (ORSTED.CO) ក្រុមហ៊ុន Shell (SHEL.L) និងក្រុមហ៊ុន Equinor (EQNR.OL) ព្រមទាំងក្រុមហ៊ុនផលិតទួរប៊ីនខ្យល់រួមមានក្រុមហ៊ុន Siemens Gamesa និងក្រុមហ៊ុន National Grid (NG.L) ក៏ដូចជាក្រុមហ៊ុនផលិតឧបករណ៍អ៊ីដ្រូសែនដែលអាចកកើតឡើងវិញរួមមានក្រុមហ៊ុន Nel (NEL.OL) និងសមគមឧស្សាហកម្មថាមពលឈ្មោះថា Wind Europe។
គួរបញ្ជាក់ថា ដើម្បីឈានដល់គោលដៅរបស់បណ្ដាប្រទេសនៅអឺរ៉ុបទាំងអស់នោះ គឺតម្រូវឱ្យមានការផលិតថាមពលបន្ថែមលើសពី ២០ ជីហ្កាវ៉ាត់ក្នុងមួយឆ្នាំក្នុងរយៈពេលពីរទៅបីឆ្នាំខាងមុខ។ ជាការកត់សម្គាល់ ការវិនិយោគនៅក្នុងកសិដ្ឋានខ្យល់នៅឯឈូងសមុទ្រអឺរ៉ុបបានធ្លាក់ចុះក្នុងឆ្នាំ២០២២ ដោយសារតែម្ចាស់អភិវឌ្ឍន៍គម្រោងបានប្រឈមមុខនឹងអតិផរណាខ្ពស់ អត្រាការប្រាក់កើនឡើង ការឡើងថ្លៃជួលផ្ទៃបាតសមុទ្រ និងទីផ្សារថាមពលដែលមានការប្រែប្រួលឆាប់រហ័សហួសប្រមាណ។
យ៉ាងណាក៏ដោយ ចំនួននៃការវិនិយោគបានស្ទុះងើបឡើងវិញនៅមួយរយៈចុងក្រោយនេះ ប៉ុន្តែក្រុមហ៊ុនទាំងនោះបានឱ្យដឹងថា ពួកគេនៅតែត្រូវការការគាំទ្រពីរដ្ឋាភិបាលបន្ថែម បើមិនដូច្នោះទេ វិស័យថាមពលកកើតឡើងវិញរបស់អឺរ៉ុបអាចនឹងជួបការលំបាកក្នុងការផ្តល់នូវតម្រូវការទៅតាមគោលដៅដែលចង់បាន។ មិនត្រឹមតែប៉ុណ្ណោះ ពួកគេក៏បានរំលេចឡើងផងដែរ អំពីហានិភ័យនៃការពឹងផ្អែកកាន់តែខ្លាំងទៅលើថាមពលនាំចូលពីប្រទេសផ្សេង។
ជារួម ក្រុមហ៊ុនទាំងអស់នោះបានអំពាវនាវឱ្យមានការបង្កើនការផ្តល់មូលនិធិពីភាគីរដ្ឋាភិបាល និងពីសហភាពអឺរ៉ុបបន្ថែម ដើម្បីពង្រីកការបង្កើតគ្រឿងបន្លាស់ និងឧបករណ៍សម្រាប់ផលិតថាមពលកកើតឡើងវិញបន្ថែមទៀត។ លើសពីនេះ ពួកគេក៏បានស្នើឱ្យមានការបន្ធូរបន្ថយតម្លៃសន្ទស្សន៍អតិផរណានៅក្នុងការដេញថ្លៃរបស់រដ្ឋាភិបាល ដើម្បីគាំទ្រដល់វិស័យកសិដ្ឋានខ្យល់។
ស្របពេលនេះដែរ ក្រុមហ៊ុននានាបានព្រមានសហភាពអឺរ៉ុប ប្រឆាំងនឹងការកំណត់តម្លៃទៅលើការរកប្រាក់ចំណូលរបស់ពួកគេពីវិស័យផលិតថាមពល ដោយបានអះអាងថា វាគឺជាការបង្អាក់ដល់ដំណើរការវិនិយោគនៅក្នុងវិស័យមួយនេះ៕
ប្រែសម្រួល៖ធា សុណា ប្រភព៖ European firms warn renewables need policy, funding support to stay on track