សម្ដេចតេជោ ហ៊ុន សែន លើកទ្រឹស្ដីចំនួន៣ ជាគ្រឹះលើការវិភាគ ក្រោយឃើញសមត្ថភាពវិភាគរបស់មន្ដ្រីគណបក្សប្រជាជនកម្ពុជាមួយចំនួន នៅមានកម្រិត

ភ្នំពេញ៖ ក្នុងពិធីប្រគល់សញ្ញាបត្រជូនគរុសិស្ស គរុនិស្សិត និស្សិត និងបុគ្គលិកអប់រំជាង ២ពាន់នាក់ ដែលបានបញ្ចប់ការសិក្សាដោយជោគ ជ័យនៅវិទ្យាស្ថានជាតិអប់រំ នៅព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នា យក រដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសចង់បង្រៀនដោយផ្ទាល់ លើទ្រឹស្ដីចំនួន៣ ក្រោយឃើញសមត្ថភាពវិភាគរបស់មន្ដ្រីគណបក្សប្រជាជនកម្ពុជាមួយចំនួន នៅមានកម្រិត ។

សម្ដេចបានថ្លែងដូច្នេះថា៖ សមត្ថភាពវិភាគរបស់មន្ដ្រីគណបក្សប្រជាជនកម្ពុជាមួយចំនួននៅមានកម្រិត ។ សម្ដេចចង់បង្រៀននូវទ្រឹស្ដីចំនួន៣ ដល់មន្ដ្រីគណបក្សប្រជាជនកម្ពុជាដោយផ្ទាល់តែម្ដង ដើម្បីឲ្យចេះវិភាគត្រូវសភាពការណ៍ជាក់ស្ដែង។ សម្ដេច ថា ទ្រឹស្ដីចំនួន៣ ដែលសម្ដេចចង់បង្រៀនទៅមន្ដ្រីគណបក្សប្រជាជនកម្ពុជា នោះរួមមាន៖ ទី១-សម្ភារៈនិយមវីចារវិទ្យា, ទី២៖ សម្ភារៈនិយមប្រវត្តិសាស្ត្រ និងទី៣៖ វីធីសាស្ត្រដឹកនាំ និងធ្វើការងារ ដើម្បីដាក់ជាគ្រឹះលើការវិភាគ។ សម្ដេច ចង់ដាក់គ្រឹះសម្រាប់អ្នកវិទ្យាសាស្ដ្រនយោបាយ អ្នកធ្វើគោលនយោបាយ ទាក់ទិននឹងការវិភាគ ។

សម្ដេចតេជោ ក៏បានប្រៀបធៀបអ្នកនយោបាយ ដូចជា៖ គ្រូពេទ្យអញ្ចឹងដែរ ក្នុងករណីវាយតម្លៃអាការៈអ្នកជំងឺមិនបានត្រឹមត្រូវទេនោះ ដូច្នេះនៅពេលចេញថ្នាំទៅក៏មិនត្រឹមត្រូវដូចគ្នា។ សម្រាប់អ្នកនយោបាយក៏ដូច្នោះដែរ ប្រសិនបើវិភាគខុស នឹងដាក់វិធានការខុសដូចគ្នា។

សម្ដេចបន្តថា វិធីសាស្ដ្រ៣ ដែលសម្ដេចតែងតែប្រើប្រាស់ក្នុងការវិភាគ៖ វិធីសាស្ដ្រទី១៖ សម្ភារៈនិយមវីចារវិទ្យា, ទី២៖ ទស្សនៈប្រវត្តិសាស្ដ្រ និងទី៣៖ តក្កវិទ្យា។ វិធីសាស្ដ្រទាំង៣គូបផ្សំគ្នានេះហើយ បានធ្វើឲ្យសម្ដេច កម្រវាយតម្លៃខុសណាស់ ដែលកន្លងទៅក្នុងគណបក្សប្រជាជនកម្ពុជា តែងគោរពទៅតាមការវាយតម្លៃរបស់សម្ដេចទៅលើសភាពការណ៍នានា ព្រោះបើកាលវាយតម្លៃខុស នឹងដាក់វិធានការណ៍ខុស ។

សម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏បានមើលឃើញពីភាពទន់ខ្សោយរបស់ក្រុមប្រឆាំងលើការវិភាគនេះផងដែរ ទើបធ្វើឲ្យគេវាយតម្លៃផ្ទៃក្នុងរបស់គណបក្សប្រជាជនកម្ពុជា មិនដែលចេះត្រូវនោះឡើយ។ ដូច្នេះហើយ បានជាសម្ដេច តែងតែរំលឹកទៅមន្ដ្រីគណបក្សប្រជាជនកម្ពុជាទាំងអស់ ដោយទុកឲ្យក្រុមប្រឆាំងវាយតម្លៃខុសបន្ដទៀតចុះ ៕

អត្ថបទ៖ ស៊ូ វណ្ណលុក, រូបភាព៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner