ប្រធានាធិបតីក្វាតេម៉ាឡាកំពុងបំពេញទស្សនកិច្ចនៅតៃវ៉ាន់ ធ្វើឱ្យចិនចេញប្រតិកម្មមិនពេញចិត្តយ៉ាងខ្លាំង
ក្វាតេម៉ាឡា៖ ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៣ ប្រធានាធិបតីប្រទេសក្វាតេម៉ាឡា (Guatemala) លោក អាលេចានដ្រូ ហ្គាម៉ាថី (Alejandro Giammattei) បានធ្វើដំណើរមកដល់កោះតៃវ៉ាន់ ក្នុងគោលបំណងពង្រឹងទំនាក់ទំនងការទូតជាមួយកោះមួយនេះ។ ដំណើរបំពេញទស្សនកិច្ចនេះ បានធ្វើឱ្យប្រទេសចិនមានការមិនពេញចិត្តយ៉ាងខ្លាំង។
គួរបញ្ជាក់ថា ប្រទេសក្វាតេម៉ាឡា គឺជាប្រទេសមួយក្នុងចំណោមប្រទេសមួយចំនួនទៀតដែលនៅទទួលស្គាល់អធិបតេយ្យភាពរបស់តៃវ៉ាន់។ យ៉ាងណក៏ដោយ ចំនួនប្រទេសដែលទទួលស្គាល់តៃវ៉ាន់ បានធ្លាក់ចុះក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយសារតែទីក្រុងប៉េកាំង បានព្យាយាមដាក់ទីក្រុងតៃប៉ិឱ្យនៅក្រៅឆាកអន្តរជាតិ។
ប្រទេសចិនចាត់ទុកកោះតៃវ៉ាន់ជាផ្នែកមួយនៃទឹកដីរបស់ខ្លួន ដែលនឹងត្រូវដណ្តើមយកមកវិញនៅថ្ងៃណាមួយ ហើយចិនក៏មិនបានអនុញ្ញាតឱ្យប្រទេសផ្សេងទៀតទទួលស្គាល់ទាំងរដ្ឋាភិបាលទីក្រុងប៉េកាំង និងទីក្រុងតៃប៉ិក្នុងពេលតែមួយបានឡើយ។
កាលពីថ្ងៃចន្ទ រូបភាពមួយបានចេញផ្សាយដោយក្រសួងការបរទេសតៃវ៉ាន់ ដោយបានបង្ហាញថា លោក ហ្គាម៉ាថី ត្រូវបានអមដំណើរនាំផ្លូវដោយរដ្ឋមន្ត្រីការបរទេសតៃវ៉ាន់ លោក ចូសេហ្វ វូ (Joseph Wu) នៅពេលដែលលោកទើបនឹងមកដល់អាកាសយានដ្ឋានអន្តរជាតិតាវយ័ន (Taoyuan)។
គួររំឭកថា មុនពេលចាកចេញឆ្ពោះទៅកាន់ទីក្រុងតៃប៉ិ លោក ហ្គាម៉ាថី បាននិយាយថា លោកមានគោលបំណងធ្វើដំណើរទស្សនកិច្ចមួយដើម្បីជាការផ្ញើសារយ៉ាងច្បាស់ថា ប្រទេសនានាមានសិទ្ធិក្នុងការគ្រប់គ្រង និងស្វ័យសម្រេចដោយខ្លួនឯង។
ក្នុងអំឡុងពេលទស្សនកិច្ចរបស់លោក ចាប់ពីថ្ងៃចន្ទ រហូតដល់ថ្ងៃព្រហស្បតិ៍ លោក ហ្គាម៉ាថី គ្រោងនឹងថ្លែងសុន្ទរកថានៅឯសមាជរបស់តៃវ៉ាន់ និងទៅទស្សកិច្ចក្រុមហ៊ុនបច្ចេកវិទ្យានៅទីក្រុងថាយឆុង (Taichung) ដែលស្ថិតនៅភាគខាងត្បូងនៃទីក្រុងតៃប៉ិ។
អ្នកនាំពាក្យក្រសួងការបរទេសចិនលោកស្រី ម៉ៅ នីង (Mao Ning) បានប្រាប់អ្នកសារព័ត៌មានថា ៖ «ឯករាជ្យភាព និងចលនាអបគមន៍របស់តៃវ៉ាន់ គឺជាការប្រឆាំងនឹងប្រវត្តិសាស្ត្រ ហើយគ្មានអ្វីក្រៅពីល្បិចបោកបញ្ឆោតខ្លួនឯងដោយអាជ្ញាធរគណបក្សប្រជាធិបតេយ្យរីកចម្រើននោះទេ»។
លោកស្រីបានបន្តថា ៖ «គេមិនអាចបញ្ឈប់និន្នាការប្រវត្តិសាស្ត្រនៃការបង្រួបបង្រួមគ្នារបស់ចិនបាននោះទេ»។
គួរដឹងដែរថា ដំណើរទស្សនកិច្ចរបស់លោក ហ្គាម៉ាថី ធ្វើឡើងបន្ទាប់ពីប្រធានាធិបតីតៃវ៉ាន់ លោកស្រី សៃ អ៊ីងវេន (Tsai Ing-wen) បានបំពេញទស្សនកិច្ចនៅប្រទេសក្វាតេម៉ាឡា និងប្រទេសបេលី (Belize) ដែលជាប្រទេសអាមេរិកកណ្តាលតែមួយគត់មួយទៀតដែលនៅបន្តរក្សាទំនាក់ទំនងការទូតជាមួយតៃវ៉ាន់ចាប់តាំងពីប្រទេសហុងឌូរ៉ាស (Honduras) បានផ្លាស់ប្តូរទំនាក់ទំនងការទូតពីតៃវ៉ាន់ទៅរកចិនកាលពីខែមុន។
អំឡុងពេលដែលលោកស្រី សៃ បានធ្វើដំណើរត្រឡប់ទៅទីក្រុងតៃប៉ិវិញ លោកស្រីបានឆ្លៀតចុះចតនៅសហរដ្ឋអាមេរិក ដើម្បីចូលជួបប្រធានសភាអាមេរិក លោក ខេវិន ម៉ាក់ខេធី (Kevin McCarthy)។ ជាការឆ្លើយតប ចិនបានធ្វើសមយុទ្ធយោធារយៈពេលបីថ្ងៃជុំវិញកោះតៃវ៉ាន់ ដោយបានធ្វើការហាត់សមបាញ់ប្រហារគោលដៅមួយចំនួន និងបានធ្វើការបិទច្រកចេញចូលកោះមួយនេះ។
គេសង្កេតឃើញថា ទំនាក់ទំនងរវាងតៃវ៉ាន់ និងប្រទេសប៉ារ៉ាហ្កាយ (Paraguay) ក៏កំពុងស្ថិតនៅក្នុងស្ថានភាពហានិភ័យផងដែរ ដោយបេក្ខជនមកពីគណបក្សប្រឆាំង លោក អេហ្វ្រេន អាលេហ្គរ៍ (Efrain Alegre) ត្រូវបានគេរាយការណ៍ថា លោកនឹងប្តូរពីការទទួលស្គាល់តៃវ៉ាន់ ទៅបង្កើតទំនាក់ទំនងជាមួយទីក្រុងប៉េកាំងវិញ ប្រសិនបើលោកជាប់ឆ្នោតក្នុងការបោះឆ្នោតប្រធានាធិបតីនៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៣ ខាងមុខនេះ៕
ប្រែសម្រួល៖ធា សុណា ប្រភព៖ Guatemalan president in Taiwan for visit that has drawn China’s ire