ហ្វីលីពីនរក្សាកំណើន GDP ក្នុងគោលដៅពី ៦ ទៅ ៧ភាគរយសម្រាប់ឆ្នាំ២០២៣

ម៉ានីល៖ ក្រុមសេដ្ឋកិច្ចរបស់រដ្ឋាភិបាលហ្វីលីពីន នៅថ្ងៃទី២៤ ខែមេសា បានរក្សាការព្យាករណ៍ពីកំណើនផលិតផលក្នុងស្រុកសរុប (GDP) នៅចន្លោះពី ៦ ទៅ ៧ភាគរយនៅក្នុងឆ្នាំ២០២៣នេះ ប៉ុន្តែបានដំឡើងគោលដៅអតិផរណាឱ្យនៅចន្លោះពី ៥ ទៅ ៧ភាគរយ។

លេខាធិការថវិការបស់ប្រទេសហ្វីលីពីន លោកស្រី អាមិនណា ផាងហ្គានដាម៉ាន់ បានប្រាប់សន្និសីទសារព័ត៌មានយ៉ាងដូច្នេះថា យើងបានរក្សាគោលដៅកំណើន GDP របស់យើងនៅត្រឹមចន្លោះពី ៦ ទៅ ៧ភាគរយសម្រាប់ឆ្នាំ២០២៣ និងនៅចន្លោះពី ៦.៥ ទៅ ៨ភាគរយសម្រាប់ឆ្នាំ២០២៤ ដល់ឆ្នាំ២០២៨ ដោយផ្អែកលើហានិភ័យដែលបង្កឡើងពីភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយ និងពាណិជ្ជកម្ម ព្រមទាំងការធ្លាក់ចុះសេដ្ឋកិច្ចសកលដែលអាចកើតមាន និងការរំខានផ្នែកអាកាសធាតុនៅក្នុងប្រទេសហ្វីលីពីន។

លោកស្រីបន្តថា ការសន្មត់ពីអត្រាអតិផរណាជាមធ្យមក្នុងឆ្នាំ២០២៣នេះ នឹងកើនឡើងពីចន្លោះ ៥ ទៅ ៧ភាគរយ បើធៀបនឹងការសន្មត់ពីមុនមានចន្លោះពី ២.៥ ទៅ ៤.៥ភាគរយ ដោយសារតែការកើនឡើងតម្លៃម្ហូបអាហារ ថាមពល និងថ្លៃដឹកជញ្ជូនខ្ពស់។ ទោះបីយ៉ាងណាក៏ដោយ លោកស្រីបានអះអាងថា រដ្ឋាភិបាលហ្វីលីពីនប្តេជ្ញាបន្តអនុវត្តនូវរាល់វិធីសាស្រ្តទាំងអស់របស់រដ្ឋាភិបាល ដើម្បីបន្តអនុវត្តយុទ្ធសាស្រ្តរយៈពេលខ្លី និងមធ្យម ដើម្បីកាត់បន្ថយអតិផរណា ក៏ដូចជាធានាសន្តិសុខស្បៀងអាហារ និងថាមពល។

យុទ្ធសាស្ត្ររបស់រដ្ឋាភិបាលនឹងផ្តោតលើការធ្វើទំនើបកម្មកសិកម្ម, ការពង្រីកអាជីវកម្មកសិ-ពាណិជ្ជកម្ម, ការលើកទឹកចិត្តឱ្យមានការចូលរួមពីវិស័យឯកជន ក្នុងការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ, ការលើកកម្ពស់ការផ្លាស់ប្តូរឌីជីថល និងការលើកកម្ពស់ការប្រកួតប្រជែងនៃវិស័យឧស្សាហកម្មក្នុងស្រុក ក្នុងចំណោមវិស័យផ្សេងៗទៀត។

គួរបញ្ជាក់ថា ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានព្យាករថា សេដ្ឋកិច្ចហ្វីលីពីននឹងកើនឡើង ៦ភាគរយនៅឆ្នាំ២០២៣នេះ ហើយនឹងកើនឡើងបន្ថែមទៀតដល់ ៦.២ភាគរយនៅឆ្នាំ២០២៤។ ធនាគារដែលមានមូលដ្ឋាននៅទីក្រុងម៉ានីលមួយនេះ ក៏បានបញ្ជាក់ដែរថា កំណើនសេដ្ឋកិច្ចហ្វីលីពីនត្រូវបានគេរំពឹងថា នឹងនៅតែស្ថិតក្នុងរបៀបនៃការពង្រីកខ្លួនប្រកបដោយភាពល្អប្រសើរ ពីព្រោះមានការគាំទ្រខ្លាំងពីកំណើនតម្រូវការក្នុងស្រុក និងការងើបឡើងវិញនៃសេវាកម្ម៕ ប្រភព៖ ស៊ីនហួរ ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner