ឧត្តមសេនីយ៍ឯក អ៊ី សុខឃី បានចាត់ទុកការចូលរួមរបស់ភ្នាក់ងារសន្ដិសុខឯកជន គឺជាកិច្ចការងារដ៏ល្អសម្រាប់សង្គមជាតិទាំងមូល ពិសេសការអនុវត្តនូវគោលនយោបាយរបស់រាជរដ្ឋាភិបាល
ភ្នំពេញ ៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក អ៊ី សុខឃី អគ្គស្នងការរងនគរបាលជាតិ បានធ្វើការវាយតម្លៃខ្ពស់ និងកោតសរសើរចំពោះភ្នាក់ងារសន្ដិសុខឯកជនទាំងអស់ ដែលបានចូលរួមជាកម្លាំងជំនួយនៅគ្រប់កាលៈទេសៈ ជាមួយអគ្គស្នងការដ្ឋាននគរបាលជាតិ បន្ថែមពីអ្វីដែលជាតួនាទីភារកិច្ចរបស់ខ្លួន តាមសំណូមពររបស់អគ្គស្នងការដ្ឋាននគរបាលជាតិ ពិសេសនាយកដ្ឋានគ្រប់គ្រងសន្ដិសុខឯកជន។

ក្នុងឱកាសអញ្ជើញចូលរួមពិធីបិទវគ្គបំប៉នជំនាញភ្នាក់ងារសន្តិសុខឯកជនលើកទី៤៨ កាលពីល្ងាចថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៣នេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក អ៊ី សុខឃី បានចាត់ទុកការចូលរួមរបស់ភ្នាក់ងារសន្ដិសុខឯកជន គឺជាកិច្ចការងារដ៏ល្អសម្រាប់សង្គមជាតិទាំងមូល ពិសេសការអនុវត្តនូវគោលនយោបាយរបស់រាជរដ្ឋាភិបាល។
ឯកឧត្តម ឧត្តមសេនីយ៍ឯក អ៊ី សុខឃី បានថ្លែងយ៉ាងដូច្នេះថា «ក្រៅពីការបំពេញការងារស្នូល កាតព្វកិច្ចដែលត្រូវការពារតាមគោលដៅ ទីតាំងដែលឈរជើង ភ្នាក់ងារសន្ដិសុខឯកជន បានរួមចំណែកយ៉ាងសកម្មបំផុតក្នុងការចូលរួមអនុវត្តគោលនយោបាយរបស់ រាជរដ្ឋាភិបាល ដែលនេះគឺជាអ្វីដែលយើងបានធ្វើ និងតែងឆ្លើយតបតាមសំណូមពររបស់អគ្គស្នងការដ្ឋាននគរបាលជាតិ»។

កិច្ចការងារដែលភ្នាក់ងារសន្ដិសុខឯកជន បានចូលរួមនាពេលកន្លងទៅថ្មីៗនេះ ហើយដែលជាចំណុចដ៏លេចធ្លោរនោះ ត្រូវបានឯកឧត្តម ឧត្តមសេនីយ៍ឯក អ៊ី សុខឃី គូសបញ្ជាក់ឱ្យដឹងថា ទី១៖ ចូលរួមទប់ស្កាត់ ប្រយុទ្ធប្រឆាំងការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ពិសេសអំឡុងពេលបិទខ្ទប់, ទី២៖ ការចូលរួមការពារកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ, ទី៣៖ ការប្រកួតកីឡាជាតិ និងទី៤៖ ព្រឹត្តិការណ៍អង្គសង្គ្រាន្ដ។

ស្របពេលដែលកម្ពុជាកំពុងតែត្រៀមធ្វើជាម្ចាស់ផ្ទះការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម នាពេលខាងមុខឆាប់ៗនេះ ភ្នាក់ងារសន្ដិសុខឯកជន ក៏នឹងចូលរួមជាមួយកងកម្លាំងមានសមត្ថកិច្ច ដើម្បីការពារសន្ដិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាពព្រឹត្តិការណ៍ជាប្រវត្តិសាស្ដ្រនេះផងដែរ។ នេះបើតាមការគូសបញ្ជាក់របស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក អ៊ី សុខឃី ។

ឯកឧត្តម ឧត្តមសេនីយ៍ឯក អគ្គស្នងការរង ក៏បានថ្លែងអំណរគុណដល់ម្ចាស់សហគ្រាស គ្រឹះស្ថាន និងក្រុមហ៊ុនផ្ដល់សេវាភ្នាក់ងារសន្ដិសុខឯកជន ជាពិសេសភ្នាក់ងារសន្ដិសុខឯកជនផ្ទាល់ខ្លួនតែម្ដង ដែលបានចូលរួមយ៉ាងសកម្ម ប្រកបដោយក្រមសីលធម៌ វិជ្ជាជីវៈជាភ្នាក់ងារសន្ដិសុខឯកជន ជាមួយកងកម្លាំងមានសមត្ថកិច្ច ហើយឯកឧត្តមក៏បានស្នើសុំឲ្យបន្ដកិច្ចសហប្រតិបត្តិការនេះ ឲ្យកាន់តែល្អប្រសើរបន្ថែមទៀត ៕




ដោយ-រ៉ាវុធ