ក្រសួងមហាផ្ទៃ ត្រៀមជ្រើសរើសមន្រ្តីឱ្យចូលរួមបេសកកម្មនៅអង្គការសហប្រជាជាតិ
ភ្នំពេញ៖ក្រសួងមហាផ្ទៃកាលពីថ្ងៃទី២៨ខែមេសាបានបើកកិច្ចប្រជុំក្រុមការងារចំពោះកិច្ចសម្របសម្រួលរៀបចំជ្រើសរើសបេក្ខភាពមន្ដ្រីជំនាញនគរបាលជាតិនិងមន្ដ្រីជំនាញពន្ធនាគារនៃក្រសួងមហាផ្ទៃ ដើម្បីចូលរួមក្នុងបេសកកម្មប្រតិបត្តិការថែរក្សាសន្ដិភាព នៅអង្គការសហប្រជាជាតិ (អ.ស.ប) សម្រាប់ឆ្នាំ ២០២៣ ។
ឯកឧត្តម ដាំ វុទ្ធី អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃមានប្រសាសន៍ថា ការជ្រើសរើសបេក្ខភាពមន្ដ្រីជំនាញនគរបាលជាតិមន្ដ្រីជំនាញពន្ធនាគារឱ្យទៅចូលរួមក្នុងបេសកកម្មប្រតិបត្តិការថែរក្សាសន្ដិភាពនេះត្រូវមានលក្ខខណ្ឌដូចជា កម្រិតវប្បធម៌ថ្នាក់បរិញ្ញាបត្រ នគរបាលយុត្តិធម៌ព្រហ្មទណ្ឌ វិទ្យាសាស្ដ្រសង្គម ឬជំនាញដែលពាក់ព័ន្ធ មានបទពិសោធន៍ការងារ ជាពិសេសចេះភាសាបារាំង និងចេះបើកបររថយន្ដផងដែរ។ នេះបើតាមការចុះផ្សាយរបស់ក្រសួងមហាផ្ទៃ។
ទន្ទឹមនឹងនេះដែរឯកឧត្តម ដាំ វុទ្ធី បានផ្ដាំផ្ញើដល់ក្រុមការងារទាំងអស់ ឱ្យមានការសិក្សាឱ្យបានច្បាស់លាស់ ក្នុងការជ្រើសរើសមន្ដ្រីឱ្យទៅបម្រើការងារក្នុងបេសកកម្មប្រតិបត្តិការថែរក្សាសន្ដិភាព និងមានទំនាក់ទំនងឱ្យកាន់តែជិតស្និទ្ធជាមួយ គណៈកម្មាធិការជាតិសម្របសម្រួលការជ្រើសរើសឱ្យបម្រើការងារក្នុងបេសកកម្មប្រតិបត្តិការថែរក្សាសន្ដិភាព។
នាឱកាសនោះ លោក អ៊ួង ចន្ធី អគ្គនាយករង និងជាប្រធាននាយកដ្ឋានបុគ្គលិកនៃអគ្គនាយកដ្ឋានរដ្ឋ
បាល ក្រសួងមហាផ្ទៃ បានលើកឡើងថា ការជ្រើសរើសបេក្ខភាព ឱ្យចូលរួមក្នុងបេសកកម្មប្រតិបត្តិការថែរក្សាសន្ដិភាព គឺជាការងារថ្មីមួយសម្រាប់មន្ដ្រីនគរបាលជាតិ និងមន្ដ្រីពន្ធនាគារ។
លោកបន្ដថា៖« មន្ដ្រីនគរបាលជាតិ និងមន្ដ្រីពន្ធនាគារ ត្រូវមានលក្ខខណ្ឌច្រើន មុនចេញដំណើរទៅបំពេញការងារក្នុងបេសកកម្មប្រតិបត្តិការថែរក្សាសន្ដិភាព»។
ជាមួយគ្នានេះដែរ លោក ម៉ៅ សុភារម្យ អគ្គនាយករង និងជាប្រធាននាយកដ្ឋានរដ្ឋបាលសរុប នៃអគ្គនាយកដ្ឋានពន្ធនាគារ បានសម្ដែងនូវសេចក្ដីរីករាយចំពោះមន្ដ្រីពន្ធនាគារ ដែលមានឱកាសចូលរួមក្នុងបេសកកម្មប្រតិបត្តិការថែរក្សាសន្ដិភាព ដែលជាកិច្ចការងារមួយដ៏មានសារៈសំខាន់បំផុត។
លោកថា៖«ក្រោយការផ្សព្វផ្សាយ ក្នុងការជ្រើសរើសមន្ដ្រីពន្ធនាគារ ឱ្យចូលរួមបម្រើក្នុងបេសកម្មនេះ ក៏មានមន្ដ្រីពន្ធនាគារជាច្រើនមានចំណាប់អារម្មណ៍ក្នុងការចូលរួមបេសកម្មនេះផងដែរ»៕ ដោយ៖ សុខ រក្សា