សម្ដេចតេជោប្រមុខរាជរដ្ឋាភិបាលគាំទ្រជប៉ុន ឱ្យធ្វើសមាហរណកម្មរវាងតំបន់សេដ្ឋកិច្ចពិសេស និងកំពង់ផែក្រុងព្រះសីហនុ
ព្រះសីហនុ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជាបានថ្លែងថា សម្ដេចគាំទ្រចំពោះគំនិតផ្តួចផ្តើមរបស់ឯកអគ្គរាជទូតជប៉ុន ក្នុងការធ្វើសមាហរណកម្ម កំពង់ផែស្វ័យក្រុងព្រះសីហនុ ជាមួយនឹងតំបន់សេដ្ឋកិច្ចពិសេសនៅជាប់គ្នាតែម្តង ដើម្បីទាក់ទាញអ្នកវិនិយោគមកពីក្រៅប្រទេស ជាពិសេស វិនិយោគិនជប៉ុន។
សម្ដេចតេជោនាយករដ្ឋមន្រ្តីបានថ្លែងបែបនេះ នៅក្នុងពិធីបើកការដ្ឋានសាងសង់ចំណតផែកុងតឺន័រ នៅខេត្តព្រះសីហនុ និងខួបអនុស្សាវរីយ៍លើកទី៧០ នៃទំនាក់ទំនងការទូតរវាងកម្ពុជា និងជប៉ុននៅព្រឹកថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៣។
សម្ដេចតេជោបន្តថា រាល់កិច្ចប្រជុំជាមួយថ្នាក់ដឹកនាំប្រទេសជប៉ុន តែងតែអំពាវនាវចំពោះការអភិវឌ្ឍកំពង់ផែទឹកជ្រៅនៅក្នុងកំពង់ផែស្វយ័តក្នុងព្រះសីហនុនេះ។ កម្ពុជា-ជប៉ុន បានការយកចិត្តទុកដាក់លើផ្នែកភស្តុភារកម្មនិងពន្លឿន ដោយធ្វើយ៉ាងណាឱ្យទឹកនៅកំពង់ផែនេះរឹតតែជ្រៅ ដើម្បីអាចឱ្យនាវាធំៗចូលចតនៅកំពង់ផែនេះបាន ដើម្បីកាត់បន្ថយតម្លៃ នៃការដឹកជញ្ជូន។

សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ថា «ខ្ញុំតែងតែអំពាវនាវឱ្យជប៉ុនពង្រីកឱ្យបានលឿនបំផុត តាមដែលអាចធ្វើទៅបាននូវផែទឹកជ្រៅ។ កាលណោះ ខ្ញុំបានអំពាវដល់អតីតនាយករដ្ឋមន្រ្តីជប៉ុន ហ្ស៊ិន ហ្ស៊ូអាបេ ដែលបានទទួលមរណភាពទៅហើយនោះ ឱ្យឱ្យសោកស្តាយណាស់ គឺអំពាវនាវឱ្យពន្លឿនឱ្យធ្វើយ៉ាងម៉េច ឱ្យទឹកមានជម្រៅកាន់ជ្រៅ»។
សម្ថេចតេជោបានគូសបញ្ជាក់បន្ថែមថា ៖ «ជម្រៅទឹករបស់យើងនេះ មានតែជាង៨ម៉ែត្រទេ ប៉ុន្តែជប៉ុនបានធ្វើឱ្យយើងដល់ទៅ៩,២ម៉ែត្រ ប៉ុន្តែខ្ញុំសូមបញ្ជាក់ ៩,២ម៉ែត្រនេះ យើងទទួលបានទំនិញត្រឹមតែ១៨ភាគរយទេ ព្រោះនាវាធំៗ អត់បានចូលមកដល់ទេ ។ ពិតមែន តែយើងពង្រីកចំណតកុងទីន័រ ៣៥០ម៉ែត្រ ហើយចំនួនកុងតឺន័រ ដែលចូលមក នឹងមានចំនួនពី ៥៥០ ០០០ ដល់ ១លាន ប៉ុន្តែនៅតែទទួលក្នុងកបរិមាណ១៨ភាគរយដដែលនៃសមត្ថភាពទទួលក្នុងកំពង់ផែនេះ ដូចនេះយើងនៅតែខាត ២០០ដុល្លារ ក្នុងមួយកុងតឺន័រដដែល»។
ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានបន្តថា នៅជំហានខាងមុខ ឆ្នាំ២០២៦ ចំណតផែកុងតឺន័រថ្មី-ជំហានទី១ ប្រវែង៣៥០ម៉ែត្រ ជម្រៅទឹកសាងសង់ -១៤.៥ម និងជំហានទី២ ប្រវែង ៤០០ម៉ែត្រ ជម្រៅទឹក សាងសង់ -១៦.៥ម អនុញ្ញាតឱ្យនាវាក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកប្រមាណ ៩៣ ចូលចតបានកាត់បន្ថយតម្លៃដឹកជញ្ជូនតាមសមុទ្រប្រមាណ ២០០ដុល្លារ/TEUs បង្កើនភាពប្រកួតប្រជែង នោះកំពង់ផែកម្ពុជាដូចគេដូចឯងដែរហើយ។

លោក UENO Atsushi ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា ក៏បានលើកឡើងដែរថា កម្ពុជា-ជប៉ុន បានគិតរួមគ្នាក្នុងការកសាងកំពុងផែស្វយ័តក្នុងព្រះសីហនុ ទៅជាកំពុងផែសេរី ដែលមានទំនាក់ទំនងគ្នារវាងកំពង់ផែ និងតំបន់សេដ្ឋកិច្ចពិសេស ជាពិសេសតំបន់សេដ្ឋកិច្ចពិសេសក្នុងខេត្តព្រះសីហនុ។
លោកមានប្រសាសន៍ថា ៖ «ចាប់តាំងពីឆ្នាំ១៩៩៦មកប្រទេសជប៉ុន បានបន្តគាំទ្រដល់ការកសាងកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដើម្បីឱ្យកំពង់ផែនេះ អាចដំណើការទៅបានល្អ»។
ចំណែកឯកឧត្តមទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ក៏បានលើកឡើងដែរថា កំពង់ផែស្វយ័តក្រុងព្រះសីហនុ ដែលបាននិងកំពុងរួមចំណែកគាំទ្រដល់ការរីកចម្រើននិងការអភិវឌ្ឍរបស់ប្រទេសជាតិ តាមរយៈការកើនឡើងគួរឱ្យកត់សម្គាល់នូវបរិមាណទំនិញឆ្លងកាត់នៅក្នុងកំពង់ផែនេះដែលធ្វើឱ្យប្រាក់ចំណូលរបស់កំពង់ផែ ក៏ដូចជាប្រាក់ចំណូលរបស់ជាតិមានការកើនឡើងជាលំដាប់។
ឯកឧត្តមបានបញ្ជាក់ទៀតថា ៖ បរិមាណទំនិញឆ្លងកាត់នៅឆ្នាំ២០២២ មានចំនួនប្រមាណប្រាំលានតោន កើនឡើង ០,១៨ភាគរយ និងចំណូលសរុបមានចំនួនប្រមាណ ៣៤៤ប៊ីលានរៀល (ប្រមាណ ៨៤លានដុល្លារ អាមេរិក) កើនឡើង ០,៤១ភាគរយ បើធៀបនឹងឆ្នាំ២០២១»។
នៅក្នុងជំនួបជាមួយអ្នកសារព័ត៌មាន នៅខេត្តព្រះសីហនុ កាលពីសប្តាហ៍មុនឯកឧត្តម លូ គឹមឈន់ អគ្គនាយកកំពង់ផែស្វយ័តក្រុងព្រះសីហនុបានប្រាប់ថា សាងសង់ចំណតផែកុងតឺន័រថ្មី គឺជាការអភិវឌ្ឍបន្ថែមទៀត ដើម្បីពង្រីកសមត្ថភាពរបស់កំពង់ផែស្វយ័តក្រុងព្រះសីហនុនិងឆ្លើយតប ទៅនឹងការកើនឡើងនៃបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែនាពេលបច្ចុប្បន្ននិងពេលអនាគត ដោយការសាងសង់នឹងចែកចេញជា៣ជំហាន។
ឯកឧត្តមបានបញ្ជាក់ថា ៖ «គម្រោងទាំងបី នឹងប្រើប្រាស់ថវិកាសរុបប្រមាណ ៩៧៣លានដុល្លារអាមេរិក ក្នុងនោះ ឥណទានសម្បទានពីរដ្ឋាភិបាលនៃប្រទេសជប៉ុនចំនួនប្រមាណ ៧៦០លានដុល្លារថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជាសម្រាប់ពន្ធអាករផ្សេងៗចំនួនប្រមាណ ១៩២លានដុល្លារ, និងថវិកាផ្ទាល់របស់កំពង់ផែស្វយ័តក្រុងព្រះសីហនុចំនួនប្រមាណ ២១លានដុល្លារ»។
ឯកឧត្តមបានបន្តថា ដោយផ្អែកតាមការសិក្សាសមិទ្ធិលទ្ធភាព គម្រោងសាងសង់ចំណតផែកុងតឺន័រថ្មីទាំង៣ជំហាននេះ នឹងប្រែក្លាយកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដែលបច្ចុប្បន្នជាកំពង់ផែអន្តរជាតិខ្នាតតូច(Feeder Port) ឱ្យទៅជាកំពង់ផែអន្តរជាតិខ្នាតធំ(Hub Port) ដែលអនុញ្ញាតឱ្យនាវាកុងតឺន័រធុនធំ ដែលមានផ្លូវ ដឹកជញ្ជូនពីគ្រប់តំបន់នៅក្នុងពិភពលោកអាចចូលចតបាន ដោយពុំមានឧបសគ្គលើជម្រៅទឹក ទៀតឡើយ។
ឯកឧត្តម លូ គឹមឈន់ ថា គម្រោងទាំងនេះនឹងផ្តល់ផលចំណេញសេដ្ឋកិច្ច(EIRR)ប្រមាណ២៣,៣ភាគរយនិងផលប្រយោជន៍ហិរញ្ញវត្ថុ(FIRR) ប្រមាណ ៧,៧ភាគរយ ផងដែរ៕ ដោយ៖វណ្ណ សុជាតា