កម្ពុជា-ជប៉ុន រំលឹកខួបអនុស្សាវរីយ៍លើកទី៧០ នៃទំនាក់ទំនងការទូត

អត្ថបទដោយ៖
CPA

ព្រះសីហនុ៖ កម្ពុជា-ជប៉ុន រំលឹកខួបអនុស្សាវរីយ៍លើកទី៧០ នៃទំនាក់ទំនងការទូតនៃប្រទេសទាំងពីរ (១៩​៥៣​-២០២៣) ខណៈឆ្នាំ ២០២៣ នេះកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរឈានដល់ «ភា​ព​ជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ»។

នា​​ពិធីបើកការដ្ឋានសាងសង់ចំណតផែកុងតឺន័រនៅខេត្តព្រះសីហនុ និងខួបអនុស្សាវរីយ៍លើកទី៧០ នៃទំនាក់ទំនងការទូតរវាងកម្ពុជា និងជប៉ុន​នា​ថ្ងៃទី១ ខែឧសភា ឆ្នាំ​២០២៣​ លោក អូអិណុ អាត់ស៊ូស៊ី ឯកអគ្គរាជទូតវិសាមញ្ញនិងពេញសមត្ថភាពជប៉ុនប្រចាំកម្ពុជា ថ្លែ​ងថា ​​ក្រោមកិច្ចព្រមព្រៀងរ​វាងនាយករដ្ឋមន្ត្រីជប៉ុ និងនាយករដ្ឋមន្ត្រីកម្ពុជា កាលពីខែ វិ​ច្ឆិកាឆ្នាំមុន ទំនាក់ទំនងនៃប្រទេសទាំងពីរ បានដំឡើងដល់ «ភាពជាដៃគូយុទ្ធសាស្ត្រ គ្រប់ជ្រុងជ្រោ​យ»។

លោក អូអិណុ អាត់ស៊ូស៊ី មានប្រសាសន៍ថា ៖ «លើសពីនេះទៅទៀត កាលពីខែមីនា​ឆ្នាំនេះ  នា​យករដ្ឋមន្ត្រីជប៉ុន បានប្រកាស​ពីផែនការថ្មី គឺ ​ឥណ្ឌូប៉ាស៊ីហ្វិកសេរី និងបើកចំហរ​ ដែលកម្ពុជាជាប្រ​ទេសដំបូងគេនៅក្នុងតំបន់អាស៊ានបានគាំទ្រ​គម្រោងនេះ»។

លោកបន្តថា ផែនការថ្មីនេះ នឹងតភ្ជាប់តំបន់ជាស្នូលនៃកិច្ចសហប្រតិបត្តិការ ឥណ្ឌូប៉ាស៊ីហ្វិកសេរី  និងបើកចំហរ ដែលតាមទស្សនៈនេះ ការអភិវឌ្ឍន៍កំពង់ផែក្រុងព្រះសីហនុ នឹងរួមចំណែកដល់ស​ន្តិភា​ព​ និងវិបុលភាព នៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ទាំងមូល។

ក្នុងឱកាសនោះដែរឯកឧត្តមទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ក៏​បានថ្លែងដែរថា ​ជាមួយនឹងកិច្ចសហប្រតិបត្តិការយ៉ាងល្អប្រសើរតាំងពីដើមរៀងមក ឆ្នាំ២០២៣នេះ គឺជាខួបអនុស្សាវរីយ៍លើកទី៧០ នៃការបង្កើតទំនាក់ទំនងការទូតរវាងកម្ពុជា-ជប៉ុន (១៩៥៣-២០២​៣)។​

ឯកឧត្តមបញ្ជាក់​ថា ៖ «តាមរយៈទំនាក់ទំនងការទូត និងមិត្តភាពដ៏រឹងមាំនេះ បានជំរុញ និងប្រែក្លាយចំណងការទូតរវាងប្រទេសទាំងពីរទៅជា​ភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ នៅក្នុងឆ្នាំ២​០​២​៣នេះ ដែលនឹងផ្តល់នូវផ្លែផ្កាដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមយ៉ាងច្រើនដល់ ប្រជាជននៃប្រ​ទេ​សទាំងពីរ។​

ក្នុងឱកាសប្រារព្ធខួបលើកទី៧០ នៃចំណងការទូត​កម្ពុជា-ជប៉ុននេះ​ដែរ​សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាថ្លែងឡើងដែរ​ថា ជប៉ុន​ជាមិត្តដ៏សំខាន់មួយរបស់កម្ពុជា ដែលតែងតែបានផ្ដល់ការគាំទ្រ តា​មរយៈឥណទាន សម្បទាន និងហិរញ្ញប្បទានឥតសំណង ព្រមទាំងជំនួយបច្ចេកទេសជាច្រើនសន្ធឹកសន្ធាប់ដល់ការអភិវឌ្ឍនៅកម្ពុជា។

សម្ដេចតេជោបានបន្តថា ក្នុងនោះរួមមាន៖ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងគ្រប់គ្រងកំពង់ផែ, ការអ​ភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និងការគ្រប់គ្រងប្រព័ន្ធចមោះទឹកកខ្វក់, ការសិក្សាគម្រោងហេដ្ឋារ​ចនាសម្ព័ន្ធផ្លូវ-ស្ពានសំខាន់ៗ និងការរៀបចំផែនការមេប្រព័ន្ធភស្តុភារកម្មនៅកម្ពុជា។

សម្ដេចតេជោ ហ៊ុន មានប្រសាសន៍សង្កត់ធ្ងន់ថា ៖ «នេះសបញ្ជាក់ថា ជប៉ុននៅតែជាដៃគូមិនអាចខ្វះបានរ​បស់កម្ពុជាទាំងក្នុងអតីតកាល បច្ចុប្បន្នកាល និងបន្តទៅអនាគតកាលផងដែរ»។ ​​

បើតាម​សម្ដេចតេជោ ហ៊ុន សែន ក្នុងទិវា​រំលឹកខួបអនុស្សាវរីយ៍លើកទី៧០ នៃទំនាក់ទំនងការទូតនៃប្រទេសកម្ពុជា-ជប៉ុនឆ្នាំនេះ អតីតឯកអគ្គរដ្ឋទូតជប៉ុន និងបច្ចុប្បន្នជាប្រធានសមាគមមិត្តភាពកម្ពុជា-ជប៉ុន លោក តាកាហាស៊ី ហ្វ៊ូមីអាគី (Takahashi Fumaiki) នឹងនាំយកកាំជ្រួចជប៉ុនមកកាន់កម្ពុជា និង​ស្នើឱ្យមានការ​បាញ់កាំជ្រួចជប៉ុននេះ ចំនួនបីដង នៅមុខព្រះបរមរាជវាំងនៅក្នុងខែវិច្ឆិកា ឆ្នាំ​២០២៣ ដើម្បីឱ្យពលរដ្ឋកម្សាន្តរីករាយ៕

ដោយ៖គឹម យុត្ថារ៉ូ

ads banner