សម្តេចតេជោ ហ៊ុន សែន កម្ពុជា ធ្វើជាម្ចាស់ផ្ទះ ព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម មិនមែនដើម្បីលុយទេ
ភ្នំពេញ៖ ក្នុងជំនួបសំណេះសំណាលជាមួយគណៈប្រតិភូកីឡារបស់កម្ពុជា នាល្ងាចថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៣ មុនពួកគេចូលរួមប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ដែលរៀបចំឡើងនៅកម្ពុជា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានលើកឡើងថា ការរៀបចំស៊ីហ្គេមរបស់កម្ពុជា មិនមែនដើម្បីលុយនោះទេ តែជាការបង្ហាញកម្ពុជា ពិតទៅកាន់ពិភពលោក។
សម្តេចតេជោ បានបន្តថា ព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ មិនយកលុយពីកីឡាករបរទេស គឺជាការបើកឱកាសឲ្យពិភពលោកស្គាល់កម្ពុជាកាន់តែច្បាស់បន្ថែមទៀត និងជាការវិនិយោគលើរយៈពេលវែងសម្រាប់កម្ពុជា។
សម្ដេចបានលើកឡើងថា ការបង្កើតប្រវត្តិសាស្ត្រមិនយកលុយ និងចែកសំបុត្រឥតគិតថ្លៃដល់ការទស្សនាស៊ីហ្គេម គឺសម្ដេចចង់បង្ហាញពីការពិតរបស់កម្ពុជា ធ្វើយ៉ាងណាឱ្យគេបានស្គាល់កម្ពុជា កាន់តែច្រើន។
សម្ដេចបញ្ជាក់ថា៖ ចង់បើកឱកាសសម្រាប់ប្រទេសនានា ចូលមកស្គាល់កម្ពុជា ថាវាយ៉ាងមិច? បង្ហាញពីកម្ពុជាពិតទៅដល់បរទេស។ សំខាន់បំផុត ឱ្យគេស្គាល់កម្ពុជា ដើម្បីបង្កើតនូវរូបភាពអនុគ្រោះមួយដល់កម្ពុជា។
សម្ដេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងទៀតថា ប្រទេសមួយចំនួន បានស្គាល់កម្ពុជា ដោយអង្ករ, មួយចំនួនទៀត បានស្គាល់ដោយផលិតផល និងប្រទេសមួយចំនួនទៀត បានស្គាល់កម្ពុជា ដោយស៊ីហ្គេមនេះ ដែលជាមោទនភាពរបស់ប្រទេសកម្ពុជា៕ អត្ថបទ៖ វណ្ណលុក, រូបភាព៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ



