ចិន និងមីយ៉ាន់ម៉ាព្រមព្រៀងជំរុញកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ

ណៃពិដោ៖ រដ្ឋាភិបាលចិន និងមីយ៉ាន់ម៉ា នៅថ្ងៃទី០២ ខែឧសភា បានព្រមព្រៀងគ្នាជំរុញកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយបន្ថែមទៀតរវាងប្រទេសទាំងពីរ។

នៅក្នុងជំនួបជាមួយមេដឹកនាំរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា លោក មីន អោងឡាំង នៅរដ្ឋធានីប្រទេសមីយ៉ាន់ម៉ា ទីប្រឹក្សារដ្ឋចិន និងជារដ្ឋមន្ត្រីការបរទេសចិន លោក ឈីន កាង បាននិយាយថា ចិនបានត្រៀមខ្លួនជាស្រេច ក្នុងការរួមដៃជាមួយមីយ៉ាន់ម៉ា ដើម្បីកសាងសហគមន៍ចិន-មីយ៉ាន់ម៉ា ជាមួយនឹងអនាគតរួមគ្នា និងឈានមុខគេ ក្នុងការអនុវត្តគំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកល, គំនិតផ្តួចផ្តើមសន្តិសុខសកល និងគំនិតផ្តួចផ្តើមអរិយធម៌សកល។

លោក កាង បន្តថា ចិនគាំទ្រមីយ៉ាន់ម៉ាក្នុងការជំរុញដំណើរការអន្តរកាលនយោបាយរបស់ខ្លួន និងគាំទ្រភាគីពាក់ព័ន្ធក្នុងប្រទេសមីយ៉ាន់ម៉ា ដោះស្រាយភាពខុសគ្នា និងស្វែងរកការបង្រួបបង្រួមជាតិ ក្រោមក្របខណ្ឌរដ្ឋធម្មនុញ្ញ និងច្បាប់។ លោកថា សហគមន៍អន្តរជាតិគួរតែគោរពអធិបតេយ្យភាពរបស់មីយ៉ាន់ម៉ា និងដើរតួនាទីស្ថាបនា ក្នុងការជួយមីយ៉ាន់ម៉ាឱ្យសម្រេចបានសន្តិភាព និងការផ្សះផ្សាជាតិ។

ចំណែកលោក មីន អោងឡាំង បាននិយាយថា ក្នុងរយៈពេលជិត៧០ឆ្នាំចាប់តាំងពីមីយ៉ាន់ម៉ា និងចិនបានបង្កើតទំនាក់ទំនងការទូតមក ប្រទេសទាំងពីរតែងតែរក្សានូវសន្ទុះនៃការអភិវឌ្ឍន៍ និងសម្រេចបានលទ្ធផលជាផ្លែផ្កា។

លោកថា មីយ៉ាន់ម៉ាមានឆន្ទៈក្នុងការធ្វើការជាមួយប្រទេសចិន ដើម្បីបង្កើនទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការមីយ៉ាន់ម៉ា-ចិន និងសកម្មក្នុងការកសាងសហគមន៍មីយ៉ាន់ម៉ា-ចិនជាមួយនឹងអនាគតរួមគ្នា៕ ប្រភព៖ ស៊ីនហួរ ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner