កម្ពុជា និងអ៊ីតាលី ពិភាក្សាលើករណីស្មុំកូនពីកម្ពុជា (Video Inside)
កម្ពុជា និងអ៊ីតាលី បានពិភាក្សាគ្នាឡើងវិញរឿងករណីស្មុំកូន ក្រោយអាក់ខានមួយរយៈ ពាក់ព័ន្ធនឹងផ្នែកច្បាប់។ ប្រទេសអ៊ីតាលី មានទំនាក់ទំនងលើការងារស្មុំកូនអន្តរប្រទេស តាំងពីឆ្នាំ២០០២ រហូតដល់ឆ្នាំ២០១១ ដែលក្នុងនោះ កុមារកម្ពុជា ដែលបានផ្តល់ជាកូនទៅប្រទេសអ៊ីតាលីនោះ គឺមានចំនួនរហូតដល់៧៩៥នាក់ ក្នុងនោះស្រី២៥៧នាក់។
រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា លោក វង សូត ដែលជាប្រធានអាជ្ញាធរកណ្តាលស្មុំកូនអន្តរប្រទេសកម្ពុជា នៅក្នុងជំនួបមួយនៅថ្ងៃទី៣ ឧសភា ជាមួយមន្ត្រីអ៊ីតាលី លោក វីនសេនហ្សូ ស្តារីតា VINCENZO STARITA ដែលជាអនុប្រធានអាជ្ញាធរកណ្ដាលស្មុំកូនអន្តរប្រទេសអ៊ីតាលី បានជួបជជែកគ្នាលើបញ្ហានេះសាឡើងវិញ បន្ទាប់ពីការផ្អាកមួយរយៈកន្លងមកនេះ។
លោក វង សូត បានលើកឡើងថា កម្ពុជាស្វាគមន៍ចំពោះទឹកចិត្ត របស់ប្រជាជន និងរដ្ឋាភិបាលអ៊ីតាលី ដែលស្រលាញ់សាច់ឈាមប្រជាជនខ្មែរ ដោយស្នើសុំស្មុំកូនពីកម្ពុជា ទៅចិញ្ចឹមនៅប្រទេសខ្លួន ខណៈករណីនេះ គឺភាគីទាំងពីរមានការទំនាក់ទំនង និងធ្វើមកអស់រយៈពេលជាយូរមកហើយ ប៉ុន្តែបានផ្អាកមួយរយៈដោយសារកត្តាផ្សេងៗ ជាពិសេសគឺផ្នែកច្បាប់នេះតែម្តង។
កម្ពុជាបន្ទាប់ពីបានរៀបចំតាក់តែងច្បាប់ស្តីពីការស្មុំកូនរួចមកហើយនោះ បានអនុញ្ញាតឲ្យបើកស្មុំកូនឡើងវិញ នៅត្រីមាសទី១ ឆ្នាំ២០២០។
លោក វីនសេនហ្សូ ស្តារីតា បានលើកឡើងថា ក្នុងនាមរដ្ឋាភិបាលអ៊ីតាលី លោកពិតជាមាន សេចក្តីរីករាយយ៉ាងខ្លាំងចំពោះកិច្ចការស្មុំកូនជាមួយប្រទេសកម្ពុជា។
លោកបានថ្លែងបញ្ជាក់ ថាប្រជាជនអ៊ីតាលីពិតជាស្រលាញ់សាច់ឈាមកម្ពុជាពិតប្រាកដ ហើយដើម្បីឲ្យកិច្ចការនេះ ស្របទៅតាមស្តង់ដាជាតិ និងអន្តរជាតិ រដ្ឋាភិបាលអ៊ីតាលីនឹងបញ្ជូនមន្រ្តីជំនាញរបស់ខ្លួន មកធ្វើការបណ្តុះបណ្តាលដល់មន្រ្តីកម្ពុជាទាក់ទងនឹងករណីស្មុំកូននេះ៕