កម្ពុជាកំពុងពន្លឿនបញ្ចប់សេចក្តីព្រាងអនុក្រឹត្យស្តីពីការគ្រប់គ្រងអាកាសយានគ្មានមនុស្សបើកឱ្យបានមុនបោះឆ្នោតជាតិ

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ក្រសួងមហាផ្ទៃនិងស្ថាប័នពាក់ព័ន្ធ កំពុងពន្លឿនបញ្ចប់សេចក្តីព្រាងអនុក្រឹត្យស្តីពីការគ្រប់គ្រងអាកាសយានគ្មានមនុស្សបើកហៅថា(ដ្រូន)ឱ្យបានមុនព្រឹត្តិការណ៍នៃរៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ដើម្បីបម្រើដល់ការរៀបចំវិស័យសន្តិសុខ សណ្តាប់ធ្នាប់ជាតិ ឱ្យបានល្អប្រសើរ។

ការជំរុញនិងពន្លឿននេះ ត្រូវបានធ្វើឡើងនៅក្នុងកិច្ចប្រជុំដើម្បីបន្តពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងអនុក្រឹត្យស្តីពីការគ្រប់គ្រងអាកាសយានគ្មានមនុស្សបើក (ដ្រូន) កាលពីថ្ងៃទី៥ ខែឧសភា ឆ្នាំ ២០២៣ ដែលដឹកនាំដោយឯកឧត្តម ប៊ុន ហុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររៀបចំតាក់តែងសេចក្តីព្រាងអនុក្រឹត្យនេះ។

ប្រភពក្រសួងមហាផ្ទៃឱ្យដឹងថា ក្នុងកិច្ចប្រជុំនេះក៏មានការចូលរួមពីរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល អគ្គស្នងការដ្ឋាននគរបាលជាតិ អគ្គលេខាធិការដ្ឋាន អគ្គនាយកដ្ឋានពាក់ព័ន្ធចំណុះក្រសួងមហាផ្ទៃ ព្រមទាំងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត។

ក្នុងឱកាសនេះឯកឧត្តម ប៊ុន ហុន បានលើកឡើងថា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃសម្ដេចក្រឡាហោម ស ខេង បានណែនាំឱ្យក្រុមការងារបន្តរៀបចំកិច្ចប្រជុំដើម្បីពិនិត្យ និងពិភាក្សាលម្អិតបន្ថែមលើការងារដែលនៅសេសសល់ជាមួយរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ដើម្បីឱ្យដំណើរការរៀបចំសេចក្តីព្រាងអនុក្រឹត្យនេះឆាប់បានឈានដល់ការបញ្ចប់ទាំងស្រុងយ៉ាងឆាប់រហ័ស។

ឯកឧត្តមគូសបញ្ជាក់ថា ៖ «មកដល់បច្ចុប្បន្ននៅកម្ពុជា ការប្រើប្រាស់អាកាសយានគ្មានមនុស្សបើក (ដ្រូន)នេះ មានការប្រើប្រាស់យ៉ាងច្រើនសន្ធឹកសន្ធាប់លើគ្រប់វិស័យ ហើយក្នុងនោះក៏មានការប្រើប្រាស់ក្នុងវិស័យមួយចំនួនបានធ្វើឱ្យប៉ះពាល់ ក៏ដូចជាកំពុងធ្វើឱ្យមានការព្រួយបារម្មណ៍ចំពោះវិស័យសន្តិសុខជាតិផងដែរ»។

ឯកឧត្តមបានបន្ថែមថា ជាការពិតណាស់ បើតាមផែនការនៃការគ្រោងទុករបស់រាជរដ្ឋាភិបាល ការរៀបចំសេចក្តីព្រាងអនុក្រឹត្យស្តីពីការគ្រប់គ្រងអាកាសយានគ្មានមនុស្សបើកនេះ ត្រូវបញ្ចប់ និងដាក់ឱ្យអនុវត្តបម្រើដល់ការរៀបចំសន្តិសុខសណ្តាប់ធ្នាប់នៅមុនការរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ក៏ប៉ុន្តែតែសេចក្តីព្រាងអនុក្រឹត្យនេះនៅមិនទាន់បានបញ្ចប់នៅឡើយ។

សម្រាប់ជាផែនការបន្ទាប់ឯកឧត្តម ប៊ុន ហុន បានបញ្ជាក់បន្ថែមថាក្រុមការងារក្រសួងមហាផ្ទៃ បាននិងកំពុងធ្វើការពិនិត្យ និងពិភាក្សាលើការងារដែលនៅសេសសល់ជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ ដើម្បីធ្វើឱ្យសេចក្តីព្រាងអនុក្រឹត្យនេះ ត្រូវបានបញ្ចប់នៅមុនព្រឹត្តិការណ៍នៃរៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ ខាងមុខ ។

ទន្ទឹមនោះដែរ ឯកឧត្តម ជា អូន រដ្ឋលេខាធិការប្រចាំការនៃរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល បានវាយតម្លៃខ្ពស់ចំពោះក្រុមការងារដែលបានរៀបចំតាក់តែងសេចក្តីព្រាងអនុក្រឹត្យនេះឡើងនិងបានរៀបចំដំណើរការកិច្ចប្រជុំពិភាក្សា ពិនិត្យ និងពិគ្រោះយោបល់ផ្តល់ធាតុចូលជាច្រើនលើកច្រើនសារនាពេលកន្លងមក។

ជាមួយគ្នានេះឯកឧត្តមបានបង្ហាញការឯកភាពចំពោះក្រសួងមហាផ្ទៃ ដែលបានជំរុញឱ្យការរៀបចំតាក់តែងសេចក្តីព្រាងអនុក្រឹត្យនេះ ឱ្យបានចប់មុនពេលព្រឹត្តិការណ៍បោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត ខាងមុខ ដើម្បីសម្រាប់បម្រើដល់ការរៀបចំវិស័យសន្តិសុខ សណ្តាប់ធ្នាប់ជាតិ ឱ្យបានល្អប្រសើរ។

សូមជម្រាបថា សេចក្តីព្រាងអនុក្រឹត្យស្តីពី ការគ្រប់គ្រងអាកាសយានគ្មានមនុស្សបើក មាន៨ ជំពូក និង៣២មាត្រា។អនុក្រឹត្យនេះមានគោលបំណងគ្រប់គ្រងការចុះបញ្ជី ការអនុញ្ញាតផលិត ការដំឡើង ការកែច្នៃ ការកំណត់តំបន់មហាឃាត់ និងការប្រើប្រាស់អាកាសយានគ្មានមនុស្សបើក គ្រប់ប្រភេទ ដើម្បីធានាសុវត្ថិភាពសន្ដិសុខសណ្ដាប់ធ្នាប់សាធារណៈកម្ពុជា។

ជាងនេះទៅទៀត អនុក្រឹត្យនេះ មានវិសាលភាពអនុវត្តចំពោះអាកាសយានគ្មានមនុស្សបើក (ដ្រូន) គ្រប់ប្រភេទ និងអ្នកប្រើប្រាស់ អ្នកផលិត អ្នកតម្លើង អ្នកកែច្នៃនៅលើដែនដីនៃព្រះរាជាណាចក្រកម្ពុជា លើកលែងតែអាកាសយានគ្មានមនុស្សបើក (ដ្រូន) ដែលប្រើប្រាស់សម្រាប់បម្រើឱ្យវិស័យការពារជាតិ និងសន្ដិសុខជាតិ ដែលកំណត់ដោយលិខិតបទដ្ឋានគតិយុត្តដោយឡែក៕ ដោយ៖ សុខ រក្សា

ads banner