ឯកឧត្តម ជា វ៉ាន់ដេត អញ្ជើញជួបសំណេះសំណាលជាមួយ ក្មួយៗ កម្មករជាង ពីរពាន់នាក់នៅឃុំដូងនិងឃុំចំប៉ី
តាកែវ៖ ឯកឧត្តមបណ្ឌិត ជា វ៉ាន់ដេត សមាជិកគណៈកម្មាធិការកណ្ដាល គណបក្សប្រជាជនកម្ពុជា និងជា ប្រធានក្រុមការងារគណបក្ស ចុះ មូលដ្ឋាន ស្រុកបាទី កាលពីព្រឹកថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៣ បានដឹកនាំក្រុមការងារ អញ្ជើញជួបសំណេះសំណាលជាមួយបងប្អូន កូនក្មួយ កម្មករ កម្មការិនី ចំនួន ២ ៥៦០ នាក់ មកពីឃុំដូង និង ឃុំចំប៉ី ស្រុកបាទី ខេត្តតាកែវនៅ ពីរទីតាំងផ្សេងគ្នា។
មានប្រសាសន៍នៅក្នុងពិធីសំណេះសំណាលនេះ ឯកឧត្តម ជា វ៉ាន់ដេត បានជម្រាបជូនបងប្អូន កូនក្មួយ កម្មករ កម្មការិនី ពី អត្ថប្រយោជន៍ ផ្សេងៗពីការងារដែលបងប្អូនទទួលបានក្នុងឆ្នាំថ្មីនេះនិងឆ្នាំបន្ទាប់ៗទៀត ព្រមទាំងចំណេះដឹងនិងជំនាញ ដែលកម្ពុជាកំពុងត្រូវការ នា ពេលបច្ចុប្បន្ន និងសមិទ្ធផលធំៗរបស់រាជរដ្ឋាភិបាលដែលសម្រេចបានដូចជា ការរក្សា សន្តិភាពនិងសណ្តាប់ធ្នាប់សង្គម ការអភិវឌ្ឍហេដ្ឋា រចនាសម្ព័ន្ធ ក៏ដូចជា ភាពជោគជ័យនៃការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ជាពិសេស គឺ មោទកភាព ជាតិក្នុងការធ្វើជាម្ចាស់ ផ្ទះរៀបចំ ព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ដែលជាព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្តរបស់ កម្ពុជាដែល ពលរដ្ឋ កម្ពុជាបានរងចាំអស់រយៈពេល ៦៤ឆ្នាំ មកហើយ។
បន្ថែមពីនេះ ឯកឧត្តម ជា វ៉ាន់ដេត ក៏បានលើកឡើងពីបច្ចុប្បន្នភាព ស្ថានភាពនយោបាយ និងសេដ្ឋកិច្ចក្នុងប្រទេសនិងសកលលោក ស្ថានភាពគណបក្សប្រឆាំងនាពេលបច្ចុប្បន្ន ។
ជាមួយគ្នានេះ ឯកឧត្តម ជា វ៉ាន់ដេត ក៏បានណែនាំបងប្អូនឱ្យបន្ត យក ចិត្តទុកដាក់បំពេញការងារ និងបញ្ជូនកូនចៅឱ្យបន្តការ សិក្សាឱ្យ បាន គ្រប់ៗគ្នាដើម្បីទទួលបានការងារ និងប្រាក់ចំណូល និងចូលរួម អភិវឌ្ឍន៍ សង្គមនិងសេដ្ឋកិច្ចជាតិ និងការណែនាំយកចិត្តទុកដាក់លើ បញ្ហា ជីវភាពគ្រួសារ ជៀសវាងអំពើហឹង្សាក្នុងគ្រូសារ ផ្តល់សុភមង្គលក្នុង ក្រុមគ្រួសារ។
ឯកឧត្តមបណ្ឌិត ជា វ៉ាន់ដេត ក៏បានថ្លែងអំណរគុណដល់ប្អូន កូន ក្មួយ កម្មករ កម្មការិនី នៃអង្គពិធីដែលតែងតែគាំទ្រ គណបក្ស ប្រជាជនកម្ពុជា នាពេលកន្លងមក និងអញ្ជើញទៅបោះឆ្នោតនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ ជូនគណបក្សប្រជាជនកម្ពុជា ឱ្យបានគ្រប់ៗគ្នា ដើម្បីបងប្អូន ក្មួយៗ បានទទួលផលប្រយោជន៍ដូចបច្ចុប្បន្ន និងបានទទួល ផលប្រយោជន៍តទៅមុខទៀត ដើម្បីគណបក្សប្រជាជនកម្ពុជាបន្តដឹកនាំ ប្រទេស ឱ្យកាន់តែរីកចម្រើន និងសុខសន្តិភាពបន្តទៀត៕
អត្ថបទ៖ ង៉ាន់ ទិត្យ រូបភាព រិន រចនា


