ភ្លើងឆេះព្រៃនៅកាណាដា ភៀសខ្លួនមនុស្ស ២៥០០០នាក់
អូតាវ៉ា៖ មនុស្ស ២៥០០០ នាក់ត្រូវបានជម្លៀសចេញដោយសារតែភ្លើងឆេះព្រៃ នៅក្នុងប្រទេសកាណាដា។ ប្រជាជនកាណាដាប្រហែល ២៥០០០ នាក់ត្រូវបានបង្ខំឱ្យចាកចេញពីផ្ទះរបស់ពួកគេដោយសារតែភ្លើងឆេះព្រៃជាច្រើនដែលបានផ្ទុះឡើង នៅក្នុងខេត្តភាគខាងលិចនៃ ខេត្ត អាល់បឺតា (Alberta) ជាកន្លែងដែលរដ្ឋាភិបាលក្នុងតំបន់បានប្រកាសភាពអាសន្ន កាលពីចុងសប្តាហ៍។
អគ្គីភ័យដែលបណ្តាលមកពីខ្យល់បក់ខ្លាំង បានកើនឡើងដល់ ១១០កន្លែង ខណៈដែលប្រជាពលរដ្ឋត្រូវបានព្រមានឱ្យត្រៀមខ្លួនចាកចេញពីផ្ទះបន្តទៀត។
មន្ត្រីជាន់ខ្ពស់ប្រចាំខេត្ត អាល់បឺតា (Alberta) លោកស្រី ដាណែល ស្មីត (Danielle Smith) បាននិយាយថា « យើងបានប្រកាសភាពអាសន្ន” នៅក្នុងខេត្តដើម្បីធានា “សុវត្ថិភាព សុខភាព និងសុខុមាលភាពរបស់ ប្រជាជនក្នុងខេត្ត» ។ លោកស្រីបានប្រកាសបែបនេះ អំឡុងសន្និសីទសារព័ត៌មាន បន្ទាប់ពីកិច្ចប្រជុំនៃគណៈកម្មាធិការគ្រប់គ្រងគ្រាអាសន្នរបស់រដ្ឋាភិបាល។
ខេត្តរបស់ប្រទេសកាណាដាមួយនេះ ជាតំបន់ផលិតប្រេងដ៏ធំបំផុតមួយ ប៉ុន្តែ បានជួបប្រទះនឹងរដូវប្រាំង និងកក់ក្តៅ និងមានឈើច្រើនណាស់៕ ប្រភពពី AFP ប្រែសម្រួលដោយ៖ សារ៉ាត

