២៤ម៉ោងអាស៊ានមានអ្នកឆ្លងកូវីដ១៩ ជាង ៨ពាន់ករណី (Video Inside)
ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ ប្រទេសភាគច្រើនក្នុងអាស៊ាននៅតែមានករណីឆ្លង និងស្លាប់ដោយសារកូវីដ១៩ ក្នុងនោះកម្ពុជាក៏មានការឆ្លងថ្មី ១ករណីផងដែរ។
តួលេខឆ្លងថ្មីកូវីដ១៩ ក្នុងប្រទេសអាស៊ាននៃរយៈពេល ២៤ម៉ោងចុងក្រោយនេះ មានចំនួន ៨ពាន់ ៣០២ករណី ដែលជាតួលេខឆ្លងថយចុះមកវិញចំនួន ១ពាន់ ៩១៤ករណី ធៀបនឹង ការឆ្លងកាលពីថ្ងៃម្សិលមិញ។
ការឆ្លងក្នុងរយៈពេល ២៤ម៉ោងកន្លងមកនេះ បានកើតលើប្រទេសចំនួន៧ នៅអាស៊ានរួមមានប្រទេសឥណ្ឌូនេស៊ី, ហ្វីលីពីន, វៀតណាម, មីយ៉ាន់ម៉ា, កម្ពុជា, សឹង្ហបុរី និងប្រទេសឡាវ។
ប្រទេសវៀតណាម គឺជាប្រទេសដែលមានតួលេខឆ្លងច្រើនជាងគេ ដែលមានអ្នកឆ្លងចំនួន ២ពាន់ ៥៥ករណី។ តួលេខឆ្លងតិចជាងគេ គឺប្រទសកម្ពុជា ដែលមានអ្នកឆ្លងតែ ១ករណីប៉ុណ្ណោះ។ ប្រទេសម៉ាឡេស៊ី, ថៃ និងប្រទេសប្រុយណេ គឺជាប្រទេសដែលគ្មានសេចក្តីរាយការណ៍ជុំវិញតួលេខឆ្លង និងស្លាប់ឡើយ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ។
តួលេខស្លាប់ដោយសារកូវីដ១៩ ក្នុងប្រទេសអាស៊ានរយៈពេល ២៤ម៉ោងចុងក្រោយនេះ មានចំនួន ២២នាក់ ដែលជាពលរដ្ឋនៃប្រទេសឥណ្ឌូនេស៊ី និងប្រទេសវៀតណាម។
គិតសរុបរួមនៃប្រទេសទាំង១០ អាស៊ាននាពេលនេះ ការឆ្លងសរុបមានចំនួន ៣៥លាន ៩៥ម៉ឺន ៦ពាន់ ៥១៣ករណី, និងការស្លាប់សរុបមានចំនួន ៣៦ម៉ឺន ៧ពាន់ ៣៧៩នាក់។ បើគិតសរុបនៅលើសាកលលោកនោះវិញ ការឆ្លងវីរុសកូវីដ១៩ សរុបមានចំនួនជាង ៦៨៧លានករណី, និងការស្លាប់មានជាង ៦លាន ៨៧ម៉ឺននាក់៕