អាវុធនុយក្លេអែរត្រូវបានបង្ហាញ ក្នុងពិធីដង្ហែក្បួនយោធា «ថ្ងៃជ័យជំនះ» របស់រុស្ស៊ី
មូស្គូ៖ អាវុធនុយក្លេអែរត្រូវបានដាក់តាំងបង្ហាញ នៅពេលដែលលោក ពូទីន ធ្វើពិធីដង្ហែក្បួនយោធា «ថ្ងៃជ័យជំនះ»។
ប្រធានាធិបតីប្រទេសរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានរៀបចំក្បួនដង្ហែរ «ទិវាជ័យជំនះ»របស់រុស្ស៊ី នៅលើទីលានក្រហម ក្នុងទីក្រុងមូស្គូ ដែលជាការអបអរសាទរយ៉ាងខ្លំាងនៃជ័យជំនះរបស់សហភាពសូវៀតលើពួកណាស៊ីអាល្លឺម៉ង់។
ទ្រង់ទ្រាយទ័ពធំៗ រថពាសដែក និងក្បួនដង្ហែកាំជ្រួចផ្លោង ដើរដោយថាមពលនុយក្លេអែរ ត្រូវបានដង្ហែ ក្នុងអំឡុងពេលនោះ។
ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បាននិយាយ នៅឯក្បួនដង្ហែរ កាលពីថ្ងៃអង្គារ សប្តាហ៍នេះ ថា ពិភពលោកកំពុងស្ថិតក្នុង “ចំណុចរបត់” ហើយបានអះអាងថា “សង្រ្គាម” ត្រូវបានផ្ទុះឡើងប្រឆាំងនឹងរុស្ស៊ី។
លោកបានប្តេជ្ញាថា នឹងទទួលបានជ័យជម្នះ ហើយបាននិយាយថា អនាគតរបស់រុស្ស៊ីគឺស្ថិតនៅលើទាហានរបស់ខ្លួនដែលកំពុងប្រយុទ្ធនៅអ៊ុយក្រែន។
ព្រឹត្តិការណ៍បែបប្រពៃណីរបស់សូវៀតដែលប្រារព្ធពិធីទទួលជ័យជម្នះរបស់ទីក្រុងម៉ូស្គូលើពួកណាស៊ីបានធ្វើឡើង ចំពេលមានការភ័យខ្លាចផ្នែកសន្តិសុខ ពោលគឺរយៈពេល ១៥ ខែនៃការវាយលុកអ៊ុយក្រែនរបស់រុស្ស៊ី។
លោកពូទីនបាននិយាយ នៅឯក្បួនដង្ហែ ដែលរួមមានអតីតយុទ្ធជន និងទាហានចាស់ជរាមកពីយុទ្ធនាការអ៊ុយក្រែនរបស់រុស្ស៊ីថា “ថ្ងៃនេះ អរិយធម៌បានឈានដល់ចំណុចរបត់ដ៏សំខាន់ម្តងទៀត” ។ លោកបានអះអាងថា៖ «សង្គ្រាមមួយត្រូវបានបញ្ចេញប្រឆាំងនឹងមាតុភូមិរបស់យើង៕ ប្រភពពី AFP ប្រែសម្រួលដោយ៖ សារ៉ាត

