នាយករដ្ឋមន្រ្តីទីម៉រខាងកើត ទទួលយកអនុសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន ដើម្បីជំរុញការអភិវឌ្ឍវិស័យកសិកម្មដោយខ្លួនឯង និងមានសន្តិសុខស្បៀង
ឥណ្ឌូណេស៊ី៖ ឯកឧត្តម Taur Matan Ruak នាយករដ្ឋមន្រ្តីទីម័រខាងកើត បានទទួលយកអនុសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន ដើម្បីជម្រុញការអភិវឌ្ឍវិស័យកសិកម្មដោយខ្លួនឯង និងមានសន្តិសុខស្បៀង ។ ឯកឧត្តម នាយករដ្ឋមន្រ្តីទីម័រខាងកើត បានទទួលយកអនុសាសន៍របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដូចនេះ ក្នុងជុះនួបពិភាក្សាការងារនៅរសៀលថ្ងៃទី៩ឧសភា ក្នុងឱកាសដែលប្រមុខរដ្ឋាភិបាល នៃប្រទេសទាំង២ អញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤២ នៅក្រុងឡាប៊ូនបាចូ សាធារណរដ្ឋឥណ្ឌូណេស៊ី ។
ឯកឧត្តម Taur Matan Ruak នាយករដ្ឋមន្រ្តីទីម័រខាងកើត បានថ្លែងអំណរគុណចំពោះសម្តេចតេជោ ហ៊ុន សែន ដែលបានជួយជ្រុំជ្រែងកិច្ចការងារយ៉ាងច្រើន ពីដើមរៀងមកដើម្បីឲ្យសមាគមអាស៊ានទទួលយកទីម័រខាងកើតជាសមាជិកទី១១ ជាមួយគ្រួសារអាស៊ាន ។
ឯកឧត្តមនាយករដ្ឋមន្ត្រីទីម័រខាងកើត ក៏បានជំរាបសម្តេចតេជោថា វត្តមានរបស់ទីម័រខាងកើតមកកាន់កិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធនៅប្រទេសឥណ្ឌូនេស៊ីនាពេលនេះ គឺមិនអាចកាត់ផ្ដាច់បានពីការជួយជ្រោមជ្រែងរបស់សម្ដេចតេជោ ហ៊ុន សែន នោះទេ ។
ឯកឧត្តមនាយករដ្ឋមន្រ្តីទីម័រខាងកើត បានជំរាបសម្តេចថា ការអញ្ជើញរបស់ទីម័រឡេស្តនៅក្នុងកិច្ចប្រជុំកំពូលអាស៊ាននៅឯប្រទេសឥណ្ឌូនេស៊ីនាពេលនេះ គឺជាលើកទីមួយ នៃប្រវត្តិសាស្ត្រដែលសម្តេចតេ ជោ ហ៊ុន សែន បានជ្រុំជ្រែង។សម្តេចតេជោ ហ៊ុន សែន បានបង្ហាញពីបំណងរបស់សម្តេចចង់ឲ្យទីម័រខាងកើត ចូលជាសមាជិកពេញសិទ្ធិតែម្តងនៅអាស៊ាន ។
អំពីកិច្ចសហប្រតិបត្តិការរវាងប្រទេសកម្ពុជា និងទីម័រខាងកើត សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា សម្តេចចង់ឲ្យទីម័រមានសន្តិសុខស្បៀង ។ សម្តេចក៏បានលើកពីបំណងចង់ឲ្យអ្នកវិនិយោគរបស់ទីម័រខាងកើត មកវិនិយោគនៅក្នុងប្រទេសកម្ពុជា បង្កើតរោងចក្រកិនស្រូវនាំអង្ករចេញទៅកាន់ទីម័រ ដោយឡែកកន្ទក់សម្រាប់ផលិតជាចំណីសត្វ ។
សម្តេចបានបញ្ជាក់បន្ថែមថា ប្រសិនបើប្រទេសទីម័រ ឯកភាព កម្ពុជា នឹងបញ្ជូនអ្នកជំនាញផ្នែកកសិកម្មទៅសិក្សាដីនៅឯប្រទេសទីម័រខាងកើត ថាតើស្ថានភាពដីនៅទីនោះអាចដាំដុះទៅលើដំណាំអ្វីបានផលច្រើន។
ឯកឧត្ដមនាយករដ្ឋមន្រ្តីទីម៉រខាងកើត បានទទួលយកនូវអនុសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន ពាក់ព័ន្ធទៅនឹងសន្តិសុខស្បៀងដើម្បីឲ្យមានការអភិវឌ្ឍវិស័យកសិកម្មដោយខ្លួនឯង និងមានសន្តិសុខស្បៀង៕ ដោយ វណ្ណលុក


