កសិដ្ឋានមួយស្ថិតនៅស្រុកសៀមបូកខេត្តស្ទឹងត្រែង ដាំម្នាស់ទឹកឃ្មុំនិងកែច្នៃទៅជាស្រាម្នាស់

អត្ថបទដោយ៖
CPA

ភ្នំពេញ៖​ ​ផ្លែម្នាស់ គឺជាផ្លែឈើមួយប្រភេទដែលមានអត្ថប្រយោជន៍ច្រើនសន្ធឹកសន្ធាប់ដល់ សុខភាព ដូចជាបង្កើ​នប្រព័ន្ធ​ភាពស៊ាំ សុខភា​ពផ្លូវដង្ហើម ជួយរំលាយអាហារ ពង្រឹងឆ្អឹង កាត់បន្ថយការរលាកសន្លាក់ ព្យាបាល​កា​រក្អក និងផ្តាសាយ និងការសម្រកទម្ងន់។

ផ្លែម្នាស់ ជាប្រភពសារធាតុរ៉ែដ៏ច្រើន និងត្រូវបានគេនិ​យមយកកែច្នៃជា​ទឹកម្នាស់​សម្រាប់ពិសារ ហើយប​ច្ចុប្ប​ន្ននេះ​គេក៏អាចបន្តច្នៃផ្លែឈើ​មួយប្រភេទនេះ​ទៅជាស្រា ដែលមានគុណភាពផងដែរ។

ស្ថិតក្នុងខេត្តស្ទឹងត្រែង លោក សាយ ពន្លឺចិត្តៈ ដែលជាម្ចាស់កសិដ្ឋាន​ដាំដុះម្នាស់​មួយកន្លែង បានកែច្នៃទិ​ន្ឋផល​ទាំង​នេះ ទៅជាស្រាម្នាស់ដែល​កំពុងទទួល​បានការ​ចាប់អារម្មណ៍ និងមានតម្រូវការខ្ព​ស់នៅលើ​ទី​ផ្សា​រ។​

លោក សាយ ពន្លឺចិត្តៈ បានរៀបរាប់ឱ្យដឹងថា ស្រានេះគឺជាផលិផលថ្មី ដែល​ខ្លួនចង់កែច្នៃបន្ថែម ចេញពីដំ​​ណាំម្នាស់ដែលខ្លួនបានដាំដុះចាប់តាំងពីឆ្នាំ ២០០៨ ​មក។​ម្ចាស់កសិដ្ឋាន និងជាអ្នកកែច្នៃរូបនេះបន្តថា  សម្រាប់ផលិតផលនេះ គឺយើង​បានដំ​ណើរ​ការផលិតប្រមាណ ៣ខែហើយ និងផលិតបានប្រ​មាណ​១ ម៉ឺន ដប ដែលជាការសាកល្បងដើម្បីស្ទាប់ស្ទង់មើលទីផ្សារ។ ​

លោក ពន្លឺចិត្តៈ បានឱ្យដឹងទៀតថា  ស្រាម្ចាស់នេះមានចំណុះ ៧៥០មីលីលីត្រ និង មានរសជាតិជូ​រអែមឆ្ងា​​ញ់ ឈ្ងុយម្នាស់​ហើយមេស្រាទៀតសោតក៏ខ្ញុំ​ផលិតដោយ​កសិដ្ឋានខ្លួនឯងផ្ទាល់ ពោលគឺ​ចម្រា​​ញ់ចេ​ញពីផ្លែម្នាស់ទឹកឃ្មុំស្រស់សុទ្ធ ១០០ភាគរយ ដោយធ្វើការបន្ទំរយៈពេលប្រាំមួយខែទៀតទើបទទួ​​លបាន​ស្រាផ្លែ​ឈើប្រភេទនេះ។

លើសពីលោកក៏បានបញ្ជាក់ថា ស្រាម្នាស់នេះត្រូវបានផលិតឡើងប្រកបដោយគុណភាព និងតាម​បច្ចេ​កទេ​ស​ជំនាញពិត​ ដើម្បីធានាថាអតិថិជនគ្រប់ប្រភេទរបស់លោក នឹងអាចទទួលទានដោយ​មិនបង្ក​ផល​ប៉ះ​ពាល់ដល់សុខភាព។ ​

លោក ពន្លឺចិត្តៈ បានឱ្យដឹងដែរថា ស្រាកែច្នៃថ្មីមួយប្រភេទនេះមានឈ្មោះថា «Honey Pinapple Wine» កំពុងត្រូវបានដាក់លក់សា​កល្បង​នៅ​លើទីផ្សារ និងទទួលបាន​ការកុម៉្មង់ពី​រាជធានីភ្នំពេញ និងខេត្ត​មួយ​ចំនួន។​

លោកបញ្ជាក់ថាក្នុងដំណើរការផលិត និងលក់សាកល្បងនេះ ខ្ញុំឃើញថា ទីផ្សាររបស់យើងមា​នទាំង​តាម​​កា​រលក់ផ្ទាល់ និងតាមអនឡាញ ដែលបងប្អូន​ភាគច្រើននៅរាជធានីភ្នំពេញ ខេត្ត​ស្ទឹងត្រែង និងខេ​ត្តសៀ​មរាប​គាំទ្រ ហើយក៏មានឈ្មួញយកទៅលក់បន្ត និងលក់នៅតាមតំបន់ទេសចរណ៍ផងដែរ។ ​

ជាមួយគ្នានេះដែរ លោក ពន្លឺចិត្តៈ ក៏បានឱ្យដឹងថា បច្ចុប្បន្នតម្រូវការផ្លែម្នាស់ស្រស់ គឺមានតម្រូវកា​រទី​ផ្សារ​ខ្លាំងខណៈលោកព្យាយាមដាំម្នាស់បន្ថែមដើម្បីបំពេញតម្រូវការទីផ្សារផង និងផ្គត់ផ្គង់​ដល់ការ​ផលិ​ត​ទឹកម្នា​ស់ និងស្រាម្នាស់។​

ទាក់ទិន នឹងការផលិតស្រាម្នាស់ លោកក៏បានឱ្យដឹងពីគម្រោងនា​ពេលអនាគតថា លោកចង់ផលិតស្រាប្រ​ភេទ​នេះ​​​ដើម្បីលក់ឱ្យបានគ្រប់ខេត្តក្រុង និងដាក់លក់នៅ​តាមបណ្ដាលផ្សារទំនើបនានា ពិសេសគឺអាច​នាំ​ចេញនៅក្រៅប្រទេសថែមទៀតផងដែរ​៕ ដោយ៖ស្រ៊ុន សិរី វឌ្ឍនៈ

ads banner