បណ្តុំអាជីវកម្មទុរេន​សំឡូត កំពុងសិក្សាបន្ថែមទៀតលើបច្ចេកទេសដាំដុះទុរេនសំឡូត ដើម្បីបំពេញតម្រូវការពីភាគីចិន

ភ្នំពេញ៖​ ក្រុមបណ្តុំ​អាជីវកម្ម​ទុរេន​សំឡូត ខេត្តបាត់ដំបង បាននិងកំពុងប្រឹងប្រែងបង្កើនបច្ចេកទេសក្នុងការដាំដុះរបស់ខ្លួន ទៅតាមការណែនាំពីក្រសួង និងមន្ទីរកសិកម្ម បន្ទាប់ពីវិនិយោគិន​ចិនជាច្រើនក្រុមហ៊ុន បានជួបនិង​ច​ចារ​ចង់ប្រមូល​ទិញ​ទុរេន​សំឡូត ស​ម្រាប់​​នាំចេញ​ទៅកាន់​ប្រទេស​ចិន នាពេលខាងមុខ។

លោក ណៃ ច​ន ប្រធាន​បណ្តុំ​អាជីវកម្ម​ទុរេន​សំឡូត ខេត្តបាត់ដំបង បានឱ្យដឹង​នៅថ្ងៃទី៩ ខែឧសភា ឆ្នាំ​២០២៣​ថា​ បណ្តុំ​អា​ជីវកម្ម​ទុរេន​សំឡូតបានជួបជាមួយនឹង​ក្រុមហ៊ុនច្រើនគួរសមដែរ ដែលក្រុមហ៊ុនទាំងនោះ មានបំណងចង់នាំចូលទុរេនរបស់ស្រុកសំឡូតទាំងមូល ទៅលក់នៅទីផ្សារប្រទេសខ្លួន ប៉ុន្តែនៅមានឧបសគ្គខ្លះលើ​បរិមាណផ្គត់ផ្គង់ ដោយភាគីចិន បារម្ភខ្លាចខាងស្រុកសំឡូតផ្គត់ផ្គង់ មិនបានតាមកិច្ចសន្យា។

លោក ណៃ ច​ន បានបញ្ជាក់ថា ខាងបណ្តុំអាជីវកម្មទុរេនសំឡូង និង​ខាង​មន្ទីរ​កសិកម្ម​ខេត្តបាត់ដំបង តែងតែពិភាក្សាគ្នាជាច្រើនដង​ទាក់ទងនឹងការនាំចេញទុរេនទៅចិននេះ ដោយកន្លងទៅចិន តែងសួរយើងថា តើយើងអាចផ្គត់ផ្គង់ទុរេនឱ្យគេក្នុងមួយឆ្នាំបានប៉ុន្មាន គេតម្រូវឱ្យយើងផ្តល់ទិន្នន័យលម្អិតឱ្យគេ ប៉ុន្តែយើងមានការព្រួយបារម្ភថា បើសិនជាយើងចុះកិច្ចសន្យាហើយ យើងមិនអាចផ្គត់ផ្គង់ឱ្យគេបានតាមកិច្ចសន្យា ដែលនេះ​ហើយ​ជាបញ្ហា។ 

លោកបានបន្ថែមថា កាលពីពាក់កណ្តាលឆ្នាំ ២០២២ ខាងមន្ទីរកសិកម្មខេត្តបាត់ដំបង បាន​នាំ​ខាង​ឈ្មួញ​ជនជាតិ​ថៃ​ និង​ចិន ចុះ​ដល់​ចម្ការ​ទុរេន ក្នុង​បណ្តុំ​អាជីវកម្ម​ទុរេន​ក្នុង​ឃុំ​សំឡូត ក្នុង​គោលបំណង​នាំចេញ​ទុរេន​ទៅកាន់​ប្រទេស​ចិន តាមរយៈ​ទីផ្សារ​ប្រទេស​ថៃ។ ក្រុមហ៊ុនចិននេះ​ មានការពេញចិត្តយ៉ាងចំពោះរសជាតិ និងគុណភាពទុរេនសំឡូត។

លោក ណៃ ច​ន បានបន្តថា ៖ «ចំពោះរសជាតិ និងគុណភាព យើងអាចធានាបានថា ទុរេនយើងមានគុណភាពល្អ ឆ្ងាញ់ ថែ​មទាំងមានការបញ្ជាក់ពីក្រសួងកសិកម្មទៀតផង ប៉ុន្តែចំពោះបរិមាណផ្គត់ផ្គង់ និងភូតគាមអនាម័យ គេទាមទារឱ្យយើងធ្វើឱ្យបានល្អប្រសើរជាង ដែលនេះវាទាមទារឱ្យមានការចំណាយដើមទុនច្រើន»។

បើតាម​លោក ណៃ ច​ន បណ្តុំ​អាជីវកម្ម​ទុរេន​សំឡូត នៅក្នុង​ឃុំ​សំឡូត​នេះ មាន​សមាជិក​ជា​ម្ចាស់​ចំការ​ចំនួន​ជិត២០ចម្ការ ដោ​យ​ការប្រមូល​ផល​ក្នុង​មួយឆ្នាំ ចន្លោះ៣០០ ទៅ៤០០តោន។

ជាមួយគ្នានេះដែរ លោក ហេង សិទ្ធិ មន្រ្តីនៃ​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ​ខេត្តបាត់ដំបង បាន​ប្រាប់ឱ្យដឹងដែរ​ថា ក្រសួ​ង និងមន្ទីរកសិកម្ម មានភារកិច្ចក្នុងការជួយរកទីផ្សារឱ្យកសិករ និងណែនាំឈ្មួញ ពីផលិតផលទុរេនសំឡូតនេះ។ លោកបន្តថា ដោយឡែកចំពោះការចចារ ដែលនឹងឈានដល់ការនាំចេញ គឺវាអាស្រ័យទៅលើសហគមន៍ និងឈ្មួញ។

ចំពោះការដាំដុះទុរេនសំឡូតវិញ លោកបានប្រាប់ថា នៅខេត្តបាត់ដំបង មានតែស្រុកសំឡូតមួយប៉ុណ្ណោះ ដែលមានការដាំដុះទុរេន ដោយបច្ចុប្បន្នផ្ទៃដីដាំដុះទុរេនមានចំនួន៥៤៦ហិកតា ខណៈដែលផ្ទៃដីប្រមូលមានចំនួន៤១៧ហិកតា ដោយក្នុងមួយហិកតាអាចប្រមូលបានជាង១២តោន។

លោក ហេង សិទ្ធិ  បានថ្លែងថា ៖ «ការប្រមូលទុនរេនជារៀងរាល់ឆ្នាំ មានបរិមាណជាង៥០០០តោន។ ចំពោះតម្លៃវិញចន្លោះ១៣ ០០០ រៀលទៅ ១៥ ០០០ រៀល សម្រាប់ទុរេនដឹកចេញចម្ការទៅតាមប្រភេទទុរេននីមួយ។ ទុរេនពូជម៉ាន់ថងទឹកគោថ្លៃជាងគេ តែមិនសូវសម្បូរនោះទេ។ នៅដើមឆ្នាំនេះ ទុរេនមិនទាន់សម្បូរនៅឡើយទេ ទាល់ចុងខែ៦ ឬដើមខែ៧ ទើបសម្បូរច្រើន»។

​ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ធ្លាប់បានលើកឡើងថា មកទល់​ពេល​បច្ចុប្បន្ននេះ ប្រទេស​កម្ពុជា​ពុំទាន់​មាន​ទីផ្សារ​នៅក្រៅ​ប្រទេស​នៅឡើយ​ទេ ជាពិសេស​ប្រទេស​ចិន ដែល​កម្ពុជា​ពុំទាន់​បាន​ឈានទៅដល់​ដំណាក់កាល​នៃ​ការចរចា​របើក​របាំង​ភូតគាម​អនាម័យ​នៅឡើយ​ទេ។

​ម្យ៉ាងវិញទៀត ផលិតផល​ទុរេន​របស់​កម្ពុជា នៅមានកម្រិត​នៅឡើយ ម្យ៉ាងវិញទៀត​នៅមាន​ផលិតផល​កសិកម្ម​ជាច្រើន​មុខ​ទៀត​របស់​កម្ពុជា​នៅ​រង់ចាំ​បន្តកន្ទុយ​គ្នា​ដើម្បី​រងចាំ​ការអនុញ្ញាត ពី​ភាគី​ចិន ហើយ​ខាង​ចិន អនុញ្ញាត​ឲ្យ​កម្ពុជា​លើកយក​ផលិ​តផល​កសិកម្ម​ម្តង​មួយមុខៗយកមក​ពិនិត្យ ទន្ទឹមនឹងនោះ ក៏ត្រូវ​រង់ចាំ​មើល​បរិ​មាណនៃ​ការផលិត​នៅក្នុង​ស្រុក​មានការ​កើនឡើង​ក្នុង​កម្រិតណា​ដែរ៕ ដោយ៖វណ្ណ សុជាតា

ads banner