មេដឹកនាំអាស៊ានជំរុញឱ្យបញ្ចប់អំពើហិង្សាមីយ៉ាន់ម៉ា និងមានកិច្ចពិភាក្សារកដំណោះស្រាយរួមបញ្ចូលគ្នា
ហ្សាការតា៖ ក្រុមមេដឹកនាំនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍(អាស៊ាន) ដែលចូលរួមកិច្ចប្រជុំកំពូលនៅទីក្រុងឡាប៊ូនបាចូ នៃប្រទេសឥណ្ឌូនេស៊ី បានអំពាវនាវកាលពីថ្ងៃពុធទី ១០ ខែឧសភា ឱ្យបញ្ចប់ជាបន្ទាន់នូវអំពើហិង្សាក្នុងប្រទេសមីយ៉ាន់ម៉ាដែលជាកិច្ចខិតខំប្រឹងប្រែងមួយដើម្បីបើកផ្លូវដល់ការសន្ទនាស្វែងរកដំណោះស្រាយជាបន្ទាន់ និងការផ្តល់ជំនួយមនុស្ស។
ក្រុមមេដឹកនាំបាននិយាយក្នុងសេចក្ដីថ្លែងការណ៍រួមថា៖ «យើងមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះអំពើហិង្សាដែលកំពុងបន្តនៅក្នុងប្រទេសមីយ៉ាន់ម៉ា និងជំរុញឱ្យបញ្ឈប់ជាបន្ទាន់នូវរាល់ទម្រង់នៃអំពើហិង្សា និងការប្រើប្រាស់កម្លាំង»។
បន្ថែមពីលើនេះក្រុមមេដឹកនាំក៏អំពាវនាវផងដែរ ឱ្យមានការបង្កើតភាពងាយស្រួលដល់ការផ្ដល់ជំនួយមនុស្សធម៌ប្រកបដោយសុវត្ថិភាព និងទាន់ពេលវេលា និងការសន្ទនាថ្នាក់ជាតិដែលរួមបញ្ចូលពីគ្រប់ភាគី។
ការអំពាវនាវទាំងនេះ ធ្វើឡើងចំពេលយោធាមីយ៉ាន់ម៉ា ដែលកំពុងដឹកនាំប្រទេស បង្កើនការវាយប្រហារយោធាយ៉ាងបង្ហូរឈាមទៅកងកម្លាំងតស៊ូ និងក្រុមឧទ្ទាមជនជាតិភាគតិច ខណៈព្យាយាមបង្រួបបង្រួមអំណាចនៅមុនការបោះឆ្នោតដែលបានគ្រោងទុក។
បន្ថែមពីនេះផងដែរ ក៏ធ្វើឡើងបន្ទាប់ពីក្រុមមិនស្គាល់មុខបើកការបាញ់ប្រហារលើក្បួនរថយន្ត ដែលរួមដំណើរដោយមន្រ្តីការទូតឥណ្ឌូនេស៊ី និងសិង្ហបុរី និងបុគ្គលិកជំនួយមនុស្សធម៌ផ្សេងទៀត ក្នុងប្រទេសមីយ៉ាន់ម៉ា កាលពីថ្ងៃចន្ទ។
គួរបញ្ជាក់ថា អាស៊ានដែលមានគោលនយោបាយមិនជ្រៀតជ្រែកក្នុងកិច្ចការផ្ទៃក្នុងរបស់ប្រទេសជាសមាជិក បានព្យាយាមរកដំណោះស្រាយការទូតលើវិបត្តិនៅមីយ៉ាន់ម៉ា ប៉ុន្តែកិច្ចខិតខំប្រឹងប្រែងរបស់ប្លុករហូតមកដល់ទល់ពេលនេះនៅតែមិនអាចបញ្ឈប់អំពើហិង្សាក្នុងប្រទេសនេះ។
អាស៊ាន បានប្រកាន់ជំហររឹងប៉ឹងទល់នឹងរបបយោធាមីយ៉ាន់ម៉ា ជុំវិញការមិនគោរពកិច្ចព្រមព្រៀងជាឯកច្ឆន្ទប្រាំចំណុច ដែលមេដឹកនាំយោធា លោក មីន អ៊ុងឡាំង យល់ព្រមជាមួយអាស៊ានបន្ទាប់ពីរដ្ឋប្រហារឆ្នាំ ២០២១។ តាមរយៈនេះ ប្លុកបានហាមមិនឱ្យមន្រ្តីយោធាមីយ៉ាន់ម៉ា ចូលរួមកិច្ចប្រជុំកំពូលៗ លុះត្រាតែមានការអនុវត្តផែនការសន្តិភាព ដែលរួមមានការបញ្ឈប់អរិភាព ការចាប់ផ្តើមការចរចា និងការអនុញ្ញាតបើកផ្លូវឱ្យការផ្ដល់ជំនួយមនុស្ស៕ ប្រែសម្រួល៖ ហួន ឌីណា