ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត អបអរសាទរ ចំពោះការទទួលបាននូវសមិទ្ធផលថ្មីៗជាច្រើននៅក្នុងទីអារាម វត្តសន្ទុកក្រៅ ខេត្តកំពង់ធំ

ខេត្តកំពង់ធំ ៖ ក្នុងពិធីបញ្ចុះខណ្ឌសីមា និងសម្ពោធឆ្លងព្រះវិហារថ្មី នៅវត្តសន្ទុកក្រៅ ស្ថិតនៅភូមិសន្ទុកក្រៅ ឃុំកកោះ ស្រុកសន្ទុក ខេត្តកំពង់ធំ ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៣ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត តំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានថ្លែង អបអរសាទរ ចំពោះការទទួលបាននូវសមិទ្ធផលថ្មីៗជាច្រើននៅក្នុងទីអារាមដ៏ចំណាស់ដែលមានអាយុកាលប្រមាណជាង ២ សតវត្សរ៍នេះ កើតឡើងនៅក្រោមវប្បធម៌នៃការចែករំលែកពីសំណាក់ពុទ្ធបរិស័ទ្ធជិតឆ្ងាយ រួមជាមួយនឹងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ។

ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត បន្តថា នៅក្រោមម្លប់នៃសន្តិភាពពេញលេញ ដែលជាផ្លែផ្កានៃនយោបាយឈ្នះ-ឈ្នះ របស់ សម្តេចតេជោ នាយករដ្ឋមន្រ្តី, ខេត្តកំពង់ធំ បានប្រែក្លាយពីស្ថានភាពនៃការបំផ្លិចបំផ្លាញដោយសារវិនាសកម្មសង្គ្រាម មកជាខេត្តដែលមានការអភិវឌ្ឍរីកចម្រើនជាលំដាប់លើគ្រប់វិស័យ ហើយក៏កំពុងបន្តពង្រីកសក្តានុពលរបស់ខ្លួនឆ្ពោះទៅរកវឌ្ឍនភាពរុងរឿងបន្ថែមទៀត ក្រោមកិច្ចខិតខំប្រឹងប្រែងយ៉ាងសកម្មរបស់ថ្នាក់ដឹកនាំ, មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋនៅទូទាំងខេត្ត។ ដូច្នេះ សូមចូលរួមថែរក្សាឱ្យបាននូវ សុខសន្តិភាពដែលកំពុងមាននាពេលបច្ចុប្បន្ននេះ ហើយកុំឱ្យសង្គ្រាម និងជម្លោះបែកបាក់ អាចត្រលប់មកវិញសាជាថ្មីឱ្យសោះនៅលើទឹកដីដ៏ពិសិដ្ឋរបស់យើង។

ឯកឧត្តម បណ្ឌិត បន្តទៀតថា សម្តេចតេជោ តែងបានគិតគូរយកចិត្តទុកដាក់ក្នុងការកសាងអភិវឌ្ឍប្រទេសជាតិ ជាមួយនឹងគោលបំណងអាទិភាពចម្បងបំផុត គឺសេចក្តីសុខសាន្ត និងជីវភាពសម្បូរសប្បាយរបស់ប្រជាពលរដ្ឋ ក៏ដូចជាសិទ្ធសេរីភាពក្នុងការគោរពប្រតិបត្តិជំនឿសាសនាផងដែរ ដូចដែលស្តែងឡើងតាមរយៈការអបអរសាទរការសម្ពោធឆ្លងសមិទ្ធផលក្នុងផ្នែកពុទ្ធចក្រ នាពេលនេះ ។

ឯកឧត្តម បណ្ឌិត បានរំលេចថា តាមរយៈការរៀបចំធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍លើកទី៣២ និងអាស៊ានប៉ារ៉ាហេ្គមលើកទី១២ ក្នុងឆ្នាំ២០២៣ នេះ, គឺ សម្តេចតេជោ នាយករដ្ឋមន្ត្រី កំពុងនាំកម្ពុជាបោះជំហានឆ្ពោះទៅមុខកាន់តែឆ្ងាយ ដោយសម្រេចបាននូវការលើកកម្ពស់កិត្យានុភាព និងការធានារក្សាផលប្រយោជន៍ជាតិ ហើយជាពិសេស គឺការផ្សព្វផ្សាយអំពីការប្រែមុខមាត់របស់កម្ពុជានៅលើឆាកអន្តរជាតិ ដោយឈានចេញពីប្រទេសដែលធ្លាប់ត្រូវបានញាំញីដោយសង្គ្រាមបែកបាក់ និងភាពភ័យខ្លាច ប្តូរមកជាទឹកដីកោះសុខសន្តិភាព, ស្ថិរភាព និងសុខដុមរមនាត្រជាក់ត្រជុំ ព្រមជាមួយនឹងការបើកចំហរបេះដូង និងទឹកចិត្តយ៉ាងទូលំទូលាយ ដើម្បីទទួលស្វាគមន៍បណ្តាមិត្តភក្តិអន្តរជាតិមកពីគ្រប់ទិសទីទាំងក្នុងតំបន់ និងសាកលលោក ៕ ដោយ ៖ ហេង វណ្ណា

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner