ឯកឧត្តម លី ធុជ៖ ចក្រភពអង់គ្លេសជាដៃគូដែលស្ថិតស្ថេរជាមួយកម្ពុជា
ភ្នំពេញ៖ អនុប្រធានទី១ អាជ្ញាធរមីន ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានលើកឡើងថា ចក្រភពអង់គ្លេសជាដៃគូដែលស្ថិតស្ថេរជាមួយគ្នា ហើយកម្ពុជានៅតែដឹងគុណចំពោះការគាំទ្ររបស់ចក្រភពអង់គ្លេស ដែលបានផ្តល់ជំនួយមកកម្ពុជាក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមក។

ឯកឧត្តម លី ធុជ បានលើកឡើងដូចនេះ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ដែលបានចូលរួមជាភ្ញៀវកិត្តិយស ក្នុងឱកាសនៃការអបអរសាទរពិធីព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម និងព្រះរាជពិធីគ្រងរាជសម្បត្តិរបស់ព្រះមហាក្សត្រ ឆាលស៍III(Charles III )នៃចក្រភពអង់គ្លេស និងអៀរឡង់ខាងជើង កាលពីល្ងាចថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៣។
ឯកឧត្តមបានលើកឡើងនាឱកាសនោះថា ៖ «ក្នុងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ខ្ញុំសូមថ្វាយព្រះពរយ៉ាងស្មោះស្ម័គ្របំផុតចំពោះព្រះមហាក្សត្រ ឆាលស៍ III និងថ្វាយព្រះពរចំពោះរាជ្យសម្បត្តិដ៏រុងរឿង ដែលនឹងផ្តល់ជូនប្រជាជននៃចក្រភពអង់គ្លេស និងអៀរឡង់ខាងជើង កាន់តែមានសុភមង្គល និងវិបុលភាព»។
អនុប្រធានទី១ អាជ្ញាធរមីន ក៏បានបញ្ជាក់ផងដែរថា ក្នុងថ្ងៃដ៏វិសេសនេះ មិនត្រឹមតែប្រារព្ធពិធីឡើងគ្រងរាជ្យរបស់ព្រះមហាក្សត្រ ឆាលស៍ III ប៉ុណ្ណោះទេ ប៉ុន្តែវាក៏បង្ហាញពីភាពជាដៃគូដែលស្ថិតស្ថេររវាងកម្ពុជា និងចក្រភពអង់គ្លេស។

ឯកឧត្តម លី ធុជ បានសង្កត់ធ្ងន់ថា ៖ «កម្ពុជា នៅតែដឹងគុណចំពោះការគាំទ្ររបស់ចក្រភពអង់គ្លេស ដែលបានផ្តល់ជំនួយមកកម្ពុជាក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមក ហើយកម្ពុជាទន្ទឹងរង់ចាំបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយចក្រភពអង់គ្លេស សម្រាប់ឆ្នាំខាងមុខៗទៀត ដើម្បីទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការជិតស្និទរវាងប្រទេសទាំងពីរ និងដើម្បីសេចក្តីសុខ សេចក្តីចម្រើន នៃប្រជាជាតិទាំងពីរ»។
សូមរំឭកផងដែរថា ក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ ប្រទេសកម្ពុជា និងចក្រភពអង់គ្លេស បានអភិវឌ្ឍកិច្ចសហប្រតិបត្តិការល្អគ្រប់ជ្រុងជ្រោយ ដើម្បីផលប្រយោជន៍ទៅវិញទៅមករបស់ប្រជាជនទាំងពីរ។
ក្នុងនោះដែរ ស្ថានទូតអង់គ្លេសប្រចាំនៅកម្ពុជា បានជួយក្នុងការសម្របសម្រួលដ៏មានតម្លៃ ក្នុងការជំរុញកិច្ចសន្ទនារវាងអាជ្ញាធរពាក់ព័ន្ធនៃប្រទេសកម្ពុជា និងចក្រភពអង់គ្លេស លើវិស័យផ្សេងៗដូចជា ពាណិជ្ជកម្ម កិច្ចការបរទេស បរិស្ថាន និងវិស័យការពារជាតិ ជាដើម។ នេះជាការថ្លែងបន្ថែមពីឯកឧត្តម លី ធុជ។
ឯកឧត្តមបានបន្តថា ៖ «យើងក៏សូមអរគុណដល់ចក្រភពអង់គ្លេសចំពោះការគាំទ្រ និងជំនួយដ៏មានតម្លៃសម្រាប់កម្ពុជាក្នុងវិស័យអភិវឌ្ឍន៍ជាច្រើន រួមទាំងការអប់រំ សកម្មភាពបោសសម្អាតមីន ពាណិជ្ជកម្ម សុខភាព បរិស្ថាន ក៏ដូចជាការប្រគល់នូវមរតករបស់កម្ពុជាមកវិញកាលពីខែកុម្ភៈ ឆ្នាំ២០២៣ ក្នុងនោះគ្រឿងអលង្ការមាស និងលោហៈដ៏មានតម្លៃសរុបចំនួន ៧៧ ដុំ»។

សូមបញ្ជាក់ថា កាលពីថ្ងៃទី៦ ខែឧសភា ឆ្នាំ ២០២៣ ព្រះអង្គម្ចាស់ឆាលស៍ ទី៣ (Charles III) បានឡើងគ្រងរាជ្យសម្បត្តិនៅក្នុងពិធីរាជាភិសេកធំបំផុតរបស់ចក្រភពអង់គ្លេសសម្រាប់រយៈពេល ៧ទសវត្សរ៍ និងជាការបង្ហាញព្រឹត្តិការណ៍ដ៏អស្ចារ្យមានអាយុកាលជាង ១០០០ឆ្នាំ។
ព្រះអង្គម្ចាស់ ឆាលស៍ (Charles) បច្ចុប្បន្នមានព្រះជន្ម ៧៣វស្សា ជាព្រះរាជបុត្រច្បង បានឡើងសោយរាជ្យបន្តជាព្រះមហាក្សត្រចក្រភពអង់គ្លេស បន្ទាប់ពីព្រះមាតា គឺព្រះមហាក្សត្រិយ៍ អេលីហ្សាប៊ែតទី២ (Elizabeth II) សោយទិវង្គតកាលពីថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២២ ក្នុងព្រះជន្ម ៩៦ព្រះវស្សា៕ ដោយ៖ នាង សុគន្ធា