គ.ជ.ប សម្រេចទទួលស្គាល់ជាផ្លូវការនូវអ្នកសង្កេតការណ៍ជាតិ ជាង ១៥ ០០០ នាក់
ភ្នំពេញ៖គិតត្រឹមថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៣ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានសម្រេចទទួលស្គាល់ជាផ្លូវការនូវអ្នកសង្កេតការណ៍ជាតិជាង ១៥ ០០០ នាក់ មកពីអង្គការសមាគមចំនួនប្រាំ។
គ.ជ.ប ក៏កំពុងបន្តពិនិត្យពាក្យសុំចុះឈ្មោះអ្នកសង្កេតការណ៍ជាតិ និងភ្ញៀវពិសេសដើម្បីសម្រេចចំនួនជាង ១ពាន់នាក់ទៀត សម្រាប់ចូលរួមសង្កេតមើលដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ គ.ជ.ប ចុះថ្ងៃទី១៣ ខែឧសភា ឆ្នាំ ២០២៣ បានឱ្យដឹងថា សម្រាប់អ្នកសង្កេតការណ៍ជាតិដែល គ.ជ.ប បានសម្រេចទទួលស្គាល់ជាផ្លូវការ មកពីអង្គការចំនួន ៥ សរុបចំនួន ១៥ ១៦៩ នាក់។ អ្នកទាំងនោះ មកពី សហភាពសហព័ន្ធយុវជនកម្ពុជា, គណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា (ខុមហ្វ្រែល), អង្គការសហព័ន្ធសិទ្ធិមនុស្ស និងអភិវឌ្ឍន៍កម្ពុជា,ស មា គមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ និងអង្គការមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាព
សេចក្តីប្រកាសព័ត៌មានដដែលបន្តថា គ.ជ.ប ក៏កំពុងពិនិត្យ អង្គការសមាគមចំនួនប្រាំទៀតផងដែរ ដែលមានចំនួន ១ ១៥៧ នាក់ ដែលពួកគេមកពី សហភាពសហព័ន្ធយុវជនកម្ពុជា សម្រាប់ខេត្តប៉ៃលិន, សមាគមមិត្តយើង, អង្គការដើម្បីអភិវឌ្ឍន៍ និងការពារធនធានធម្មជាតិ, សមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍សម្រាប់ខេត្តព្រះសីហនុ និងសមាគមរាជសីហ៍។
ខណៈភ្ញៀវពិសេស ចំនួនមួយផងដែរ គឺសមាគមកុមារជ័យនៅប្រទេសបារាំង (KOMAR CHEY ASSOCIATION in France) ចំនួនពីរនាក់។
បើតាម គ.ជ.ប ការដាក់ និងការទទួលពាក្យសុំចុះឈ្មោះអ្នកសង្កេតការណ៍ជាតិបានប្រព្រឹត្តទៅពីថ្ងៃទី១ ខែមេសា ដល់ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៣ និងអ្នកសង្កេតការណ៍អន្តរជាតិ ចាប់ពីថ្ងៃទី១ ខែមេសា ដល់ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៣។
លោក ខន កែវមនោ អ្នកនាំពាក្យនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានប្រាប់ឱ្យដឹងនៅថ្ងៃទី១៤ ខែឧសភា ថា ការចូលរួមរបស់អ្នកសង្កេតការណ៍បោះឆ្នោតមានសារៈសំខាន់ណាស់ ដើម្បីវាយតម្លៃការបោះឆ្នោតប្រកបដោយសេរី ត្រឹមត្រូវ យុត្តិធម៌ និងតម្លាភាព។
លោកបានឱ្យដឹងថា ៖ «អ្នកសង្កេតការណ៍បោះឆ្នោតត្រូវបំពេញតួនាទី ប្រកបដោយឯករាជ្យ អព្យាក្រឹត ឥតលម្អៀង ក្នុងការចូលរួមសង្កេតមើលការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ ឆ្នាំ២០២៣ ខណៈគិតត្រឹម ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៣ គ.ជ.ប បានទទួលស្គាល់អ្នកសង្កេតការណ៍បោះឆ្នោតជាផ្លូវការ ជាង ១ ម៉ឹន ប្រាំពាន់នាក់ហើយ»។
ជាមួយគ្នានេះដែរ លោក កន សាវាង្ស អ្នកសម្របសម្រួលផ្នែកអង្កេត និងតស៊ូមតិ នៃអង្គការខុមហ្រ្វែល ក៏បានឱ្យដឹងដែរថា អង្គការរបស់លោកបានដាក់អ្នកសង្កេតការណ៍ ស្ទើរតែគ្រប់ដំណាក់កាលនៃការបោះឆ្នោត ដែលរៀបចំដោយគ.ជ.ប រហូតមក ហើយក៏បានបន្តចូលរួមសង្កេតការណ៍ស ម្រាប់ការបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ នៅពេលខាងមុខនេះដែរ។
លោកបានបន្តថា ៖ «ក្នុងដំណើការបោះឆ្នោតនៅពេលខាងមុខនេះ អង្គការខុមហ្វ្រែលបានដាក់អ្នកសង្កេតការណ៍នៅគ្រប់ ២៥ រាជធានីខេត្ត ប៉ុន្តែទំហំបុណ្ណានោះ គឺមិនទាន់បានពិភាក្សានៅឡើយទេ អាស្រ័យទៅលើការចូលរួមរបស់ប្រជាពលរដ្ឋ»។
ទោះជាយ៉ាងណា នៅក្នុងផែនការ អង្គការខុមហ្វ្រែល មានបំណងដាក់អ្នកសង្កេតការណ៍ឱ្យបានច្រើន នៅតាមការិយាល័យបោះឆ្នោត៕
ដោយ៖គឹម យុត្ថារ៉ូ