ចេកស្រស់កម្ពុជាជាង៩០ភាគរយ ត្រូវបាននាំចេញទៅទីផ្សារចិន

ភ្នំពេញ៖អ្នកនាំពាក្យក្រសួងកសិកម្ម និងក្រុមហ៊ុននាំចេញផលិតផលកសិកម្ម បានបញ្ជាក់ថា  ចេកស្រស់របស់កម្ពុជាប្រមាណ ៩៣ភាគរយ រួមទាំងដំណាំសក្តានុពលរបស់កម្ពុជាមួយចំនួន ត្រូវបាននាំចេញទៅកាន់ទីផ្សារប្រទេសចិន ខណៈដំណាំកសិកម្មដទៃទៀត ចិននិងកម្ពុជា បន្តពិភាក្សាក្នុងនាំចេញបន្ថែម។

កញ្ញា អ៊ឹម រចនា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានប្រាប់ឱ្យដឹងនៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ ២០២៣​ថា កម្ពុជាបាននាំចេញចេកស្រស់ចំនួន ៩៥.០២៨ តោនក្នុងត្រីមាសទី១ ឆ្នាំ២០២៣ ដែលក្នុងនោះ ៨៨.៩៤៧ តោន ឬ៩៣,៦ ភាគរយបានទៅទីផ្សារប្រទេសចិន។

កញ្ញាបាន​បញ្ជាក់ថា ៖ «ប្រទេសចិនគឺជាទីផ្សារដ៏ធំមួយសម្រាប់ផលិតផលកសិកម្មដ៏មានសក្តានុពលរបស់កម្ពុជារបស់យើង មិនត្រឹមតែសម្រាប់ចេកស្រស់ប៉ុណ្ណោះទេ ថែមទាំងសម្រាប់អង្ករ ដំឡូងមី ស្វាយ និងវែងផងដែរ»។ ​

កញ្ញា អ៊ឹម រចនា បានបន្តថា ការនាំចេញផ្លែចេក និងផលិតផលកសិកម្មផ្សេងទៀតទៅកាន់ប្រទេសចិន បានរួមចំណែកយ៉ាងសំខាន់ក្នុងកា​រអភិវឌ្ឍន៍វិស័យកសិកម្មកម្ពុជា និងនាំមកនូវអត្ថប្រយោជន៍ជាច្រើនដល់ប្រជាជនកម្ពុជា ជាពិសេសប្រជាកសិករដែលបាននិងកំពុងដាំដុះដំណាំសក្តានុពលនៅទូទាំងប្រទេសកម្ពុជា។ ការនាំចេញចេករបស់កម្ពុជាមានការកើនឡើងគួរឱ្យកត់សម្គាល់ចាប់តាំងពីឆ្នាំ ២០១៩ បន្ទាប់ពីប្រទេសចិនបានអនុញ្ញាតឱ្យប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍នេះ នាំចេញចេកស្រស់ដោយផ្ទាល់ទៅកាន់ទីផ្សាររបស់ខ្លួន។

លោក ហ៊ុន ឡាក់ អគ្គនាយកក្រុមហ៊ុនឡងម៉េត ដែលបានធ្វើការដាំដុះចេករាប់ពាន់សម្រាប់នាំចេញទៅកាន់ប្រទេសចិន បានឱ្យដឹងនៅថ្ងៃទី​១៤ ខែឧសភា ឆ្នាំ​២០២៣​ ដែរថា ទីផ្សារ ជាទីផ្សារដ៏ធំទូលាយ សម្រាប់ផលិតចេកស្រស់របស់កម្ពុជា ខណៈការនាំចេញចេកស្រស់ចាប់ផ្តើមមានភាពប្រសើរឡើងវិញ ក្រោយពីស្ថានភាពកូវីដ១៩ បានធូរស្រាល ហើយប្រទេសចិនបា​ន​ប​ញ្ច​ប់​​វិធានការបិទខ្ទប់មក។

លោកបានបញ្ជាក់ថា ៖ «​នៅដើមឆ្នាំ២០២៣នេះ ការនាំចេញចេកស្រស់របស់កម្ពុជា ទៅកាន់ទីផ្សារក្នុងតំបន់ ហាក់មានភាពប្រសើរឡើងវិញ បើធៀបនឹងឆ្នាំ២០២២កន្លងទៅ ដោយសារតែប្រទេសចិន ដែលជាទីផ្សារធំ លែងមានការបិទខ្ទប់ មានត​ម្រូវការច្រើន និងការដឹកជញ្ជូនចាប់ផ្តើមធ្លាក់ថ្លៃបន្តិចមកវិញ»។

លោកបានបន្ថែមទៀតថា ក្នុងឆ្នាំ២០២២កន្លងទៅ ការនាំចេញចេកមានការថយចុះ ដោយសារតែការបិទខ្ទប់ របស់ប្រទេសចិន​ និងបញ្ហាដឹកជញ្ជូន ខណៈដែលប្រទេសជាទីផ្សារដ៏ធំរបស់កម្ពុជា។ បែបនេះក្តី ការនាំចេញចេកនៅតែអាចដំណើរការទៅមុខបានជាធម្មតា និងបានចាប់ផ្តើមស្ទុះងើបឡើងវិញនៅក្នុងឆ្នាំ២០២៣នេះ ដោយសារតែផ្លែចេក ត្រូវបានប្រជាជនចិននិយមទទួលទានជាប្រចាំថ្ងៃ។

ថ្វីត្បិតតែ ចិនជាទីផ្សារដ៏ធំសម្រាប់កម្ពុជាមែន តែលោក ហ៊ុន ឡាក់ លើកឡើងថា កម្ពុជា គួរពង្រីកទីផ្សារនាំចេញចេកស្រស់ ឱ្យបានកាន់តែច្រើនជាងនេះ។ទើបកាលពីពេលថ្មីៗ ក្នុងដំណើរទស្សនកិច្ចទៅកាន់បារាំង ក្រសួងកសិកម្ម និងវិស័យឯកជនផ្នែកដំណាំសាកវប្បកម្ម ដែលដឹកនាំដោយ លោកឌិត ទីណា ក្រៅពីទៅសិក្សាស្វែងយល់ពីតម្រូវការទីផ្សារបារាំងហើយ  ក៏មានគោលបំណងទៅស្វែងទីផ្សារថ្មី សម្រាប់ផលិតផលចេកស្រស់ ក៏ដូចជាផលិតផលកសិកម្មដែលមានសក្តានុពលរបស់កម្ពុជា សម្រាប់នាំចេញទៅប្រទេសនេះ​ផងដែរ។

បើតាមរបាយការណ៍ពីក្រសួងកសិកម្ម ការនាំចេញចេកស្រស់របស់កម្ពុជា  ក្រៅពីប្រទេសចិនហើយ កម្ពុជាក៏បាននាំចេញចេកស្រស់ទៅកាន់ទីផ្សារវៀតណាម ជាងប្រាំមួយពាន់តោន និងប្រទេសជប៉ុនជិត២០តោនផងដែរ៕

ដោយ៖វណ្ណ សុជាតា

ads banner