កម្ពុជានឹងខិតខំកៀរគរហិរញ្ញប្បទាន ដើម្បីគាំទ្រមូលនិធិទ្រទ្រង់ការរស់នៅបន្ស៊ាំនឹងអាកាសធាតុនៅមូលដ្ឋាន
ភ្នំពេញ៖នៅក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីលើកទី៣ស្តីពីមូលនិធិទ្រទ្រង់ការរស់នៅបន្ស៊ាំនឹងអាកាសធាតុ (LoCAL)នៅឯទីក្រុងព្រុចសែលប្រទេសបែលហ្សិក កម្ពុជាបានបង្ហាញការបន្តគាំទ្រលើគម្រោងនេះ (LoCAL) ឱ្យក្លាយជាយន្តការកាន់តែសកម្មមួយ ដើម្បីលើកកម្ពស់សេដ្ឋកិច្ចគ្រួសារនិងសហគមន៍នៅថ្នាក់មូលដ្ឋានឱ្យកាន់តែប្រសើរឡើង។
ការបន្តគាំទ្ររបស់កម្ពុជានេះ បានធ្វើឡើងក្នុងអំឡុងពេលឯកឧត្តម វ៉ាន់ មុនីនាថ អគ្គនាយកគោលនយោ បាយ និងយុទ្ធសាស្ត្រ និងជាប្រធានអនុគណៈកម្មការវាយតម្លៃ និងទទួលស្គាល់អង្គភាពគំរូក្នុងវិស័យបរិស្ថាន ដែលជាអង្គភាពចំណុះក្រសួងបរិស្ថាន តំណាងរដ្ឋមន្រ្តីក្រសួងបរិស្ថានឯកឧត្តម សាយ សំអាល់ បានដឹកនាំប្រតិភូចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីលើកទី៣ នៅប្រទេសបែលហ្សិក កាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៣។
កិច្ចប្រជុំនេះ ត្រូវបានរៀបចំឡើងដោយ មូលនិធិអភិវឌ្ឍន៍មូលធនអង្គការសហប្រជាជាតិ (UNCDF) និងមានការចូលរួមពីរដ្ឋមន្រ្តី និងតំណាងជាន់ខ្ពស់របស់ប្រទេសសមាជិក និងដៃគូអភិវឌ្ឍសរុបចំនួន ៥០ រូប។

ក្រសួងបរិស្ថាន បានឱ្យដឹងថា ក្នុងកិច្ចប្រជុំនោះអង្គប្រជុំបានទទួលលទ្ធផលមួយចំនួនរួមមាន ការអនុម័តសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាលើកទី១០ ស្តីពីមូលនិធិទ្រទ្រង់ការរស់នៅបន្ស៊ាំនឹងអាកាសធាតុ និងសេចក្តីប្រកាសរដ្ឋមន្រ្តី ស្តីពីមូលនិធិទ្រទ្រង់ការរស់នៅបន្ស៊ាំនឹងអាកាសធាតុ។

តាមរយៈកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីនេះក្រសួងបានបញ្ជាក់ថា៖ «កម្ពុជាបន្តគាំទ្រការលើកកម្ពស់មូលនិធិ LoCAL ឱ្យក្លាយជាយន្តការកាន់តែសកម្មមួយក្នុងការកៀរគរហិរញ្ញប្បទានអាកាសធាតុពីវិស័យសាធារណៈ និងវិស័យឯកជន ព្រមទាំងស្វាគមន៍ការពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការជាមួយគ្រប់ភាគីពាក់ព័ន្ធ ដើម្បីអនុវត្តសកម្មភាពបន្ស៊ាំនៅកម្រិតមូលដ្ឋាន»។
ពាក់ព័ន្ធនឹងមូលនិធិទ្រទ្រង់ការរស់នៅបន្ស៊ាំនឹងអាកាសធាតុនេះដែរ កាលពីខែវិច្ឆិកា ឆ្នាំ២០២២ មន្រ្តីជាន់ខ្ពស់នៃអគ្គនាយកដ្ឋានគោលនយោបាយ និងយុទ្ធសាស្ត្រ និងប្រតិភូថ្នាក់ក្រោមជាតិកម្ពុជា ក៏បានចូលរួមកិច្ចប្រជុំ ដើម្បីស្វែងយល់ពីគម្រោងបន្សុំាថ្នាក់ក្រោមជាតិដែលគាំទ្រដោយមូលនិធិ LoCALផងដែរ។

សូមបញ្ជាក់ផងដែរថា យោងតាមក្រុមប្រឹក្សាជាតិ អភិវឌ្ឍន៍ដោយចីរភាព បានឱ្យដឹងថា សកម្មភាពបន្សុំានឹងការប្រែប្រួលអាកាសធាតុមានសារសំខាន់ ក្នុងនោះរួមមាន ការលើកកម្ពស់ជីវភាពសហគមន៍ ការដាំស្តារព្រៃឈើឡើងវិញ ការកសាងសមត្ថភាពមន្ត្រី ការកសាងហេដ្ឋារចនាសម្ព័នដែលធន់នឹងអាកាសធាតុ (ផ្លូវនិងទឹក) និងការគ្រប់គ្រងសំណល់ប្លាស្ទីក។ ការបញ្ជ្រាបការប្រែប្រួលអាកាសធាតុ ធ្វើទៅតាមសាលារៀន និងសហគមន៍, ការលើកកម្ពស់សេដ្ឋកិច្ចគ្រួសារ និងសហគមន៍ និងការលើកកម្ពស់វិស័យទេសចរធម្មជាតិ ជាដើម៕
ដោយ៖សុខ រក្សា