«សកេរ» របាំសហសម័យថ្មីមួយ បង្កើតឡើងដោយសិល្បករខ្មែរ
ភ្នំពេញ៖របាំសហសម័យត្រូវបានបង្កើតឡើងនៅពាក់កណ្តាលសតវត្សទី២០ ហើយរបាំរាំមួយប្រភេទនេះគឺជាការច្របាច់បញ្ចូលគ្នារវាងរបាំប្រពៃណីជាតិនូវជំនាញបច្ចេកទេសថ្មីក្នុងសិល្បៈ និងជំនាញបច្ចេកទេសក្នុងទម្រង់បុរាណ។

របាំសហសម័យ ជារបាំដែលកើតចេញពីគំនិតច្នៃប្រឌិតរបស់អ្នកសិល្បៈ ហើយរបាំសហសម័យតែងត្រូវបានសិល្បករ បង្កើតថ្មីជាបន្តបន្ទាប់ដើម្បីបង្ហាញពីកង្វល់ ឬបញ្ហាផ្សេងៗនៅក្នុងសង្គម។

ជាក់ស្តែងស្នាដៃសិល្បៈ «សកេរ» ជាស្នាដៃបង្កើតថ្មីពីសិល្បករខ្មែរក្នុងឆ្នាំ២០២២ ដោយការយកទម្រង់របាំបុរាណរឿងរាមកេរ្តិ៍មកបូកផ្សំ និងសិល្ប:សហសម័យ រួមទាំងការប្រើបច្ចេកទេសសម័យទំនើប ធ្វើឱ្យស្នាដៃនេះក្លាយជាស្នាដៃបែបឌីជីថល ដ៏ពិសេសដែលអ្នកទស្សនាពុំដែលធ្លាប់បានឃើញពីមុនមក។

លោក ង៉ែត រ៉ាឌី ជាអ្នកដំឡើងស្នាដៃ «សកេរ» និងជាមន្ត្រីនៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ បានប្រាប់ឱ្យដឹងថា ស្នាដៃបែបសហសម័យថ្មីនេះ ត្រូវបានបង្កើតក្នុងឆ្នាំ២០២២ ដោយការផ្សាភ្ជាប់ទៅនឹងប្រធានបទ «ទង្វើថ្ងៃនេះ ផលតបស្នងថ្ងៃស្អែក» ហើយស្នាដៃនេះក៏ទទួលបានជ័យលាភីក្នុងកម្មវិធីរដូវវប្បធម៌ឆ្នាំ២០២២ ដែលរៀបចំដោយអង្គការសិល្បៈខ្មែរអម្រឹតៈផងដែរ។

លោក ង៉ែត រ៉ាឌី បានរៀបរាប់ឱ្យដឹងពីអត្ថន័យនៃពាក្យ «សកេរ» ថា៖ «ពាក្យ ស និងកេរ គឺជាពាក្យបូកផ្សំ ស=សក្ការៈ រីឯ កេរ=កេររបស់ព្រះមហាក្សត្រ ជាបុព្វបុរសរបស់ខ្មែរ»។
កំពុងហាត់សមផង និងឆ្លៀតផ្តល់បទសម្ភាសន៍ផង លោក រ៉ាឌី បង្ហាញការយល់ឃើញថាស្នាដៃថ្មីសន្លាងមួយនេះនឹងក្លាយជាចំណងដៃដល់យុវជនជំនាន់ក្រោយឱ្យមានឱកាសសិក្សា បន្ថែមលើជំនាញរបស់ខ្លួន និងការវិភាគឱ្យការតែស៊ីជម្រៅផងដែរ។

លោក ង៉ែត រ៉ាឌី បញ្ជាក់ថា ៖ «ការបង្កើតស្នាដៃថ្មីបែបសហសម័យនេះ គឺយើងចង់ជំរុញដល់អ្នកជំនាញ និងក្មេងៗជំនាន់ក្រោយឱ្យផ្តោតលើទាំងបច្ចេកទេស និងគ្រឹះសំខាន់របស់ជំនាញមួយនេះ ព្រោះសព្វថ្ងៃយើងកំពុងតែប្រឈម លើបញ្ហាធនធាន ឬអ្នកជំនាញដែលវាជាបញ្ហាចម្បងក្នុងពេលបច្ចុប្បន្ន និងអនាគត»។
លោកបន្តទៀតថា៖«ស្នាដៃនេះក៏ជំរុញការហាត់សមបែបលក្ខណៈល្ខោនអាន ឬដោយមានអត្ថបទរឿងមុន និងមានអ្នកពោលជូនដើម្បីឱ្យសិល្បករកាន់តែយល់ច្បាស់អំពីដំណើរឃ្លាព្យាង្គរបស់ការពោលដើម្បីធ្វើឱ្យការបង្ហាញជូនកាន់តែសុក្រិត ល្អប្រសើរ ដោយសារការពោលរបស់ល្ខោនខោលគឺជាខ្លឹមរបស់ទម្រង់មួយនេះ»។

ម្ចាស់ស្នាដៃរូបនេះបន្តថ្លែងថា ស្នាដៃរបៀបថ្មីមួយនេះក៏នឹងលើកទឹកចិត្តដល់សិល្បករកុំឱ្យផ្តោតលើតែមួយតួអង្គ តែគួរសិក្សាលើតួអង្គដទៃទៀត និងអាចប្រើប្រាស់បច្ចេកទេសផ្សេងណាមួយ ជាមធ្យោបាយសម្រាប់ការវិវឌ្ឍន៍បន្តទៅមុខទៀតផងដែរ។
លោក រ៉ាឌី បញ្ជាក់ថា ៖ «ឧទារហណ៍ថា ជាក់ស្តែងក្នុងស្នាដៃនេះ បើសម្តែងជាច្បាប់ដើមត្រូវប្រើមនុស្សប្រហែលជា ១២នាក់ តែបើជាវីធីសាស្ត្រថ្មីនេះយើងប្រើ មនុស្សតែបួននាក់ប៉ុណ្ណោះ ក្នុងរយៈពេល៤០នាទីនៃលំនាំឈុតរឿង ថ្វាយព្រះទម្រង់ ដែលដកស្រង់ចេញពីរឿងរាមកេរ្តិ៍។ លើសពីនេះ សិល្បករថែមទាំងបានសាកល្បងស្វែងយល់ពីដំណើរការក្នុងការរុករកវិធីសាស្ត្ររួមគ្នា និងចែករំលែកគោលគំនិតដល់គ្នាទៅវិញទៅមក»។
ជាស្នាដៃថ្មីបែបឌីជីថលបង្កើតថ្មី លោក ង៉ែត រ៉ាឌី ថាលោកបានសាកល្បងបច្ចេកទេសថ្មីៗដើម្បីផ្សំជាមួយនឹងដំណើររឿងដោយប្រើបច្ចេកទេសដូចជា៖ Sound Effect, Projector as an Image, Prop experimentation ដើម្បីរៀបរៀងរបៀបថ្មីដែលឈរលើសាច់រឿងចាស់ក្នុងទម្រង់ល្ខោនខោល។
ជាស្នាដៃថ្មី រមែងត្រូវការពេលវេលាយូរ លោក រ៉ាឌី បានឲ្យដឹងថា សម្រាប់ការសម្តែង ១ដង គឺត្រូវចំណាយពេលហាត់សម និងថតអស់រយៈពេលជិតមួយខែឯណោះ។
ក្នុងនោះលោកបន្តរៀបរាប់ពីផលវិបាកថា ៖ «សម្រាប់ផលវិបាក គឺជាផ្នែកមួយក្នុងដំណើរផ្លាស់ប្តូរដែលសិល្បករពួកគាត់បានខិតខំ សម្របខ្លួនលើអត្តចរឹកតួអង្គ ការរៀបរៀងថ្មី និងបូកផ្សំទាំងទស្សនៈ លើឈុត ឆាកនៃរឿងក៏ដូចជាព្យាយាមប្រើប្រាស់អ្វីដែលយើងមាននៅលើឆាកស្រាប់ ហើយអ្វីដែលំបាកខ្លាំង គឺត្រូវគិតពីការថតប្លង់ បែបឌីជីថលលើទម្រង់ទស្សនីយភាពមួយនេះ»។
ដោយសារជាស្នាដៃថ្មី អ្នកជំនាញសិល្បៈសហសម័យរូបនេះ មានបំណងផ្សព្វផ្សាយបន្ថែម ដោយលោកចង់ស្នើសុំការជួយពីស្ថាប័នណាមួយដើម្បីធ្វើការសម្តែងផ្ទាល់លើឆាក ក៏ដូចជាការចែករំលែកទម្រង់ល្ខោនខោលក្នុងគោលដៅដើម្បីអភិរក្ស និងអភិវឌ្ឍន៍ឱ្យកាន់តែប្រសើរ។
ជាមួយគ្នានេះ លោក ង៉ែត រ៉ាឌី ក៏ចង់សំណូមពរដល់ប្រជាជនកម្ពុជាដែលតែងតែគាំទ្រ គោរព និងផ្តល់តម្លៃលើទម្រង់សិល្បៈវប្បធម៌ ឲ្យបន្តឆន្ទៈដែលខ្លួនមាន និងចែករំលែកដល់កូនចៅជំនាន់ក្រោយផងដែរ។
បន្ថែមពីលើនេះ លោកក៏មានបំណងលើកទឹកចិត្តដល់យុវជនជំនាន់ក្រោយ គួរស្វែងយល់ និងវិភាគលើស្នាដៃថ្មីតាមរយៈបទពិសោធន៍ដែលខ្លួនមាន និងបើកចិត្តទូលាយលើការយល់ឃើញថ្មីមួយទៀតបែបសហសម័យ ដែលជាទម្រង់ ឬគោលគំនិតថ្មីក្នុងការបកស្រាយរាល់ចម្ងល់ណាមួយដែលយើងចង់លើកយកមកបង្ហាញជូន តាមរយៈស្នាដៃបង្កើតថ្មីរបស់អ្នកដំឡើងស្នាដៃនៅកម្ពុជាផងដែរ។
គួរបញ្ជាក់ថា បច្ចុប្បន្នស្នាដៃបង្កើតថ្មី «សកេរ» ទទួលបានការគាំទ្រពី អង្គការសិល្បៈខ្មែរអម្រឹតៈ សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ក្រុមសិល្បៈក្រោមដំបូល(Roof Dance) និងអ្នកជំនាញជាច្រើនរូបនៅក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ៕
ដោយ៖ស្រ៊ុន សិរី វឌ្ឍនៈ