ហ្វីលីពីនដាក់ពង្រាយពោងបណ្ដែងទឹកនៅផ្នែកខ្លះនៃសមុទ្រចិនខាងត្បូង ដើម្បីអះអាងពីដែនទឹករបស់ខ្លួន
ម៉ានីល៖អ្នកនាំពាក្យឆ្មាំសមុទ្រហ្វីលីពីនបានឱ្យដឹងកាលពីថ្ងៃអាទិត្យទី១៤ខែឧសភាថា ហ្វីលីពីនបានដាក់ឧបករណ៍បង្ហាញផ្លូវនាវា(ពោងបណ្ដែងទឹក)នៅក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខ (EEZ) ដើម្បីអះអាងពីដែនអធិបតេយ្យភាពរបស់ខ្លួនលើប្រជុំកោះជម្លោះស្រ្ពាតលី ក្នុងសមុទ្រចិនខាងត្បូង។ នេះបើតាមការរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។
ការដាក់ពង្រាយនេះ ធ្វើឡើងចំពេលដែលចិនធ្វើសកម្មភាពគឃ្លើនឡើងៗនៅសមុទ្រចិនខាងត្បូង ខណៈប្រធានាធិបតីហ្វីលីពីន លោក ហ្វឺឌីណាន់ ម៉ាកូស ជូនៀ បន្តពង្រឹកទំនាក់ទំនងកាន់តែស្អិតរមួតជាពិសេសផ្នែកយោធាជាមួយសហរដ្ឋអាមេរិក ដែលជាសម្ព័ន្ធមិត្តសន្ធិសញ្ញាចាស់វស្សា។
ឆ្មាំឆ្នេរសមុទ្រហ្វីលីពីន បាននិយាយថា ខ្លួនពង្រាយពោងបណ្ដែងទឹកចំនួនប្រាំ ដែលមានបំពាក់ទង់ជាតិហ្វីលីពីន កាលពីចន្លោះថ្ងៃទី ១០-១២ កន្លងទៅ ក្នុងតំបន់ចំនួនប្រាំនៃតំបន់ EEZ រួមទាំងតំបន់ថ្មប៉ប្រះទឹក Whitsun ជាកន្លែងដែលនាវាសមុទ្រចិនរាប់រយគ្រឿងបានចតនៅឆ្នាំ ២០២១។
លោក Commodore Jay Tarriela អ្នកនាំពាក្យឆ្មាំសមុទ្រ ទទួលបន្ទុកបញ្ហាសមុទ្រចិនខាងត្បូង បាននិយាយនៅលើបណ្ដាញសង្គមធ្វីតធឺរថា៖ «ទង្វើនេះបង្ហាញពីការប្តេជ្ញាចិត្តមិនងាករេរបស់ហ្វីលីពីនក្នុងការការពារព្រំដែនសមុទ្រ និងធនធានរបស់ខ្លួន និងរួមចំណែកដល់សុវត្ថិភាពនៃពាណិជ្ជកម្មដែនសមុទ្រ»។
ជុំវិញបញ្ហានេះ ស្ថានទូតចិនប្រចាំទីក្រុងម៉ានីល មិនបានចេញប្រតិកម្មអ្វីភ្លាមៗនោះទេ ខណៈចិនបានទាមទារដែនទឹកសមុទ្រចិនខាងត្បូងស្ទើរតែទាំងមូលថាជារបស់ខ្លួន និងបានធ្វើសកម្មភាពយោធា និងសកម្មភាពស៊ីវិលផ្សេងៗ រួមទាំងការដាក់ទូកនេសាទចិន ដើម្បីគាំទ្រការអះអាងរបស់ខ្លួន៕
ប្រែសម្រួល៖ហួន ឌីណា