មេដឹកនាំអាស៊ានបានឯកភាពគ្នា ក្នុងលើកកម្ពស់ការតភ្ជាប់ការទូទាត់ឌីជីថលនៅទូទាំងតំបន់អាស៊ាន
ហ្សាការតា៖បណ្តាប្រទេសសមាជិកអាស៊ាន បានយល់ព្រមជំរុញការប្រើប្រាស់រូបិយប័ណ្ណក្នុងស្រុករបស់សាម៉ី ប្រទេសដើម្បីធ្វើប្រតិបត្តិការហិរញ្ញវត្ថុទ្វេភាគីនិងបានយល់ព្រមលើកកម្ពស់ការតភ្ជាប់ការទូទាត់ឌីជីថលនៅទូទាំងតំបន់អាស៊ាន។នេះបើតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មានឥណ្ឌូនេស៊ី អាន់តារ៉ា កាលពីថ្ងៃទី១១ខែឧសភា កន្លងមកដែលបានដកស្រង់ប្រសាសន៍លោកប្រធានាធិបតី ចូកូ វីដូដូ នៅក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤២ ដែលទើបតែបានបញ្ចប់កាលពីពេលថ្មីៗនេះ។
សារព័ត៌មាននេះបានបញ្ជាក់ទៀតថា មេដឹកនាំប្រទេសសមាជិកអាស៊ានបានប្រកាសរួមគ្នាអំឡុងកិច្ចប្រជុំកំពូលលើកទី ៤២ នៅទីក្រុងឡាប៊ូនបាចូ ប្រទេសឥណ្ឌូនេស៊ី អំពីការប្រើប្រាស់រូបិយបណ្ណក្នុងស្រុករបស់សាម៉ីប្រទេសនីមួយៗឱ្យធ្វើចរាចរណ៍នៅក្នុងតំបន់។ កិច្ចព្រមព្រៀងខាងលើនេះ គឺស្របតាមគោលបំណងរបស់អាស៊ានក្នុងការសម្រេចបាននូវមជ្ឈភាព ដែលសំដៅពង្រឹងតំបន់នេះ និងលើកកម្ពស់ឯករាជ្យភាពរបស់តំបន់នេះនាពេលអនាគត។
នៅក្នុងអំឡុងពេលប្រជុំកំពូលកាលពីថ្ងៃព្រហស្បតិ៍ លោក ចូកូ វីដូដូ បាននិយាយថា ៖ «យើងបានយល់ព្រមពង្រឹងការអនុវត្តប្រតិបត្តិការរូបិយប័ណ្ណក្នុងស្រុក និងការតភ្ជាប់ការទូទាត់ឌីជីថលក្នុងចំណោមប្រទេសរបស់យើង»។
ក្នុងនាមជាប្រធានអាស៊ាន លោក វីដូដូ បានកត់សម្គាល់ឃើញថា កិច្ចព្រមព្រៀងខាងលើស្របតាមគោលបំណងរបស់អាស៊ានក្នុងការសម្រេចបាននូវមជ្ឈភាព ដែលសំដៅពង្រឹងតំបន់នេះ និងលើកកម្ពស់ឯករាជ្យភាពរបស់តំបន់នេះនាពេលអនាគត។
ទន្ទឹមនឹងនេះ លោក អាជេត រ៉ាសជីត ប្រធានក្រុមប្រឹក្សាធុរកិច្ចអាស៊ាន បានលើកឡើងដែរថា អំឡុងពេលជួបគ្នារវាងមេដឹកនាំអាស៊ាន និងតំណាងក្រុមប្រឹក្សាធុរកិច្ចអាស៊ាន សមាជិកទាំងអស់បានយល់ព្រមធ្វើសមាហរណកម្មសេវាទូទាត់ក្នុងតំបន់អាស៊ានតាមប្រព័ន្ធ ឃ្យូអា (QR)។
លោក អាជេត រ៉ាសជីត បានបញ្ជាក់ថា ៖ «ឃ្យូអាកូដ (QR Code) អាស៊ានអាចនឹងត្រូវបង្កើតឡើងប្រហាក់ប្រហែលគ្នានឹងឃ្យូអាកូដដែលមានរួចហើយរវាងឥណ្ឌូនេស៊ី និងថៃ ក៏ដូចជារវាងឥណ្ឌូនេស៊ី និងសិង្ហបុរីដែរ។ លើសពីនេះទៅទៀត ការរៀបចំនានាត្រូវបានធ្វើឡើង ដើម្បីពង្រីកការប្រើប្រាស់ QR Code អាស៊ាននៅទូទាំងតំបន់តែម្ដង។ ក្នុងចំណោមការត្រៀមទាំងនោះ មានទាំងការអនុវត្តការទូទាត់តាម QR Code នៅក្នុងប្រទេសមីយ៉ាន់ម៉ាផង»។
លោក អាជេត រ៉ាសជីត បានកត់សម្គាលដែរថា ខណៈដែលប្រទេសនីមួយៗអាចមានគោលជំហរឬមូលហេតុរៀងៗខ្លួន បណ្ដាមេដឹកនាំអាស៊ានបានយល់ព្រមទទួលយកសេវាឃ្យូអាកូដ មកប្រើប្រាស់ជាបណ្តើរៗក្នុងចំណោមប្រទេសសមាជិក សំដៅធ្វើសមាហរណកម្មប្រទេសសមាជិកអាស៊ានទាំងអស់ទៅក្នុងកម្មវិធីទូទាត់ហិរញ្ញវត្ថុបែបនេះ។
ចំពោះការយល់ព្រមជំរុញការប្រើប្រាស់រូបិយប័ណ្ណក្នុងស្រុករបស់សាម៉ីប្រទេសបណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិធនាគារអេស៊ីលីដា បានប្រាប់ឱ្យដឹងនៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ ២០២៣ ថា លោកសាទរចំពោះការសម្រេចរបស់មេដឹកនាំអាស៊ាន លើការប្រើប្រាស់រូបិយប័ណ្ណ និងការទូទាត់ក្នុងតំបន់អាស៊ានបែបនេះ។
លោកបានបញ្ជាក់ដូច្នេះថា ៖ «ខ្ញុំរីករាយណាស់ ដែលលឺជំហររបស់អាស៊ាន ដែលមានភាពច្បាស់លាស់ទៅលើការប្រើប្រាស់រូបិយបណ្ណរបស់អាស៊ាន ឬរូបិយវត្ថុក្នុងស្រុករបស់ប្រទេសសមាជិកអាស៊ាននីមួយៗ ជំរុញការទូទាត់បានលឿន និងរហ័ស និងមិនចាំបាច់ប្តូរប្រាក់នៅពេលដែលយើងធ្វើដំណើរនៅក្នុងប្រទេសក្នុងតំបន់អាស៊ាន ដោយយើងប្រើរូបិយវត្ថុជាតិយើងក្នុងការទូទាត់»។
បណ្ឌិត អ៊ិន ចាន់នី បានបន្តថា វាស្របទៅនឹងកិច្ចខិតខំប្រឹងប្រែងរបស់ធនាគារជាតិនៃកម្ពុជា ក៏ដូចជាធនាគារពាណិជ្ជនៅក្នុងស្រុកទាំងអស់ ជាពិសេសធនាគារអេស៊ីលីដា ដែលបានខិតខំជាច្រើនឆ្នាំមកហើយ ក្នុងការដាក់ឱ្យដំណើរការប្រព័ន្ធទូទាត់ឆ្លងដែន (Cross Border Paymernt) ដោយវាមានសារៈសំខាន់ខ្លាំងណាស់ ដែលបានពិភាក្សាគ្នានាពេលកន្លងមក។
«យើងបានធ្វើការទូទាត់ឆ្លងដែននេះ ដោយចាប់ផ្តើមពីប្រទេសថៃ និងបានសាកល្បងជាមួយប្រទេសវៀតណាម ហើយបាននិងកំពុងតែអភិវឌ្ឍន៍បន្តជាមួយប្រទេសឡាវ រួមនឹងប្រទេសដទៃទៀត ក្នុងតំបន់អាស៊ាន។ការសម្រេចរបស់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍នេះ សំខាន់ណាស់ក្នុងការប្រើប្រាស់រូបិយបណ្ណអាស៊ាន ឬរូបិយវត្ថុរបស់ប្រទេសដែលជាសមាជិក ជំរុញការទូទាត់ ដោយមិនបាច់ឆ្លងកាត់ទៅតំបន់ផ្សេងក្រៅពីអាស៊ាន»។ បណ្ឌិត អ៊ិន ចាន់ បានបញ្ជាក់បន្ថែម៕
ដោយ៖វណ្ណ សុជាតា