អ្នកគ្រប់គ្រងផ្សារហនុមាន នៃខេត្តកណ្តាល បានចូលខ្លួនសុំទោស និងធ្វើកិច្ចសន្យាឈប់ចាក់សំរាម
កណ្ដាល៖អ្នកគ្រប់គ្រងផ្សារហនុមាន (ហៅផ្សារអរិយក្សត្រ)លោក សុន ណន បានចូលខ្លួនសុំទោស និងធ្វើកិច្ចសន្យាឈប់ចាក់សំរាមនៅចំណុចផ្លូវមុខ «វត្តឧទុម្ពរ» ក្នុងសង្កាត់អរិយក្សត្រ ក្រុងអរិយក្សត្រនៃខេត្តកណ្តាល និងបានសន្យាសម្អាតសំរាមចេញពីទីតាំងខាងលើឱ្យបានស្អាតក្នុងរយៈពេលប្រាំពីរថ្ងៃ។
ការចូលខ្លួនសុំទោសនិងធ្វើកិច្ចសន្យានេះបានធ្វើឡើងនៅព្រឹកថ្ងៃទី១៤ខែឧសភាឆ្នាំ២០២៣នៅសាលាក្រុងអរិយក្សត្រ បន្ទាប់ពីអាជ្ញាធរក្រុងអរិយក្សត្រ បានហៅម្ចាស់ផ្សារខាងលើនេះ ចូលខ្លួនមកបកស្រាយពាក់ព័ន្ធការបញ្ជាឱ្យកូនចៅរបស់ខ្លួនយកសំរាមមកចាក់ចោលក្នុងទីតាំងខាងលើ ។
លោក ចាន់ តារា អភិបាលក្រុងអរិយក្សត្របានឱ្យដឹងថា ពីមុនមកនៅចំណុចផ្លូវមុខ «វត្តឧទុម្ពរ» គឺជាកន្លែងស្តុកសំរាមក៏ពិតមែន ប៉ុន្តែក្រោយពេលដែលសង្កេតឃើញថាមានផលប៉ះពាល់ច្រើនដល់សុខភាពសាធារណៈ និងជះក្លិនមិនល្អ ទើបអាជ្ញាធរពាក់ព័ន្ធបានណែនាំពលរដ្ឋនៅទីនោះឱ្យឈប់ចាក់សំរាមនៅទីនោះទៀត។ លោកបន្តទៀតថា អាជ្ញាធក៏បានបញ្ជូនគ្រឿងចក្រជាច្រើនគ្រឿងទៅ ឈូសឆាយ កាយសំរាមចេញផងដែរ ខណៈទីតាំងខាងលើត្រូវបានបញ្ចូលទៅជាក្រុងអរិយក្សត្ររួចហើយ។
ជាមួយគ្នានេះ រដ្ឋបាលក្រុងអរិយក្សត្រ អំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ឱ្យចូលរួមថែរក្សាបរិស្ថាន និងសុខមាលភាពសង្គម ដោយទុកដាក់ និងបោះសំរាមឱ្យបានត្រឹមត្រូវ។ រដ្ឋបាលក្រុងអរិយក្សត្រ ក៏នឹងផ្តល់រង្វាន់លើកទឹកចិត្តចំនួនប្រាំម៉ឺនរៀល ដល់ប្រជាពលរដ្ឋណាដែលបានរាយការណ៍ពីអ្នកយកសំរាមទៅចោលនៅទីតាំងហាមឃាត់ខាងលើ។

នៅចំពោះមុខ អាជ្ញាធរក្រុងអារិយក្សត្រ លោក សុន ណន អ្នកគ្រប់គ្រងផ្សារហនុមាន (ហៅផ្សារអរិយក្សត្រ) បានចុះកិច្ចសន្យាបញ្ឈប់ចោលសំរាមនៅទីតាំងខាងលើ និងសន្យាណែនាំបុគ្គលិក អាជីវករក្នុងផ្សាររបស់ខ្លួន មិនឱ្យយកសំរាមទៅចោលនៅទីតាំងខាងលើទៀតឡើយ

ក្នុងកិច្ចសន្យានោះ មានខ្លឹមសារថា ៖«ក្នុងនាមខ្ញុំបាទជាអ្នកគ្រប់គ្រងផ្សារ សូមសន្យាក្នុងរយៈពេល ៧ថ្ងៃនឹងសម្អាតសំរាមដែលយកទៅចោលឱ្យអស់ និងមិនឱ្យមានសំរាមនៅទីនោះទៀតទេ។ បើសិនជាថ្ងៃក្រោយខ្ញុំបាទ ប្រព្រឹត្តខុសពីកិច្ចសន្យា ខ្ញុំសូមទទួលទោសមុខច្បាប់ជាធរមាន ដើម្បីជាភស្តុតាងខ្ញុំបាទសូមផ្តិតមេដៃស្តាំ»។
ជាមួយគ្នានេះ អាជ្ញាធរក្រុងអរិយក្សត្រ ក៏បានណែនាំដល់ប្រជាពលរដ្ឋ មិនឱ្យយកសំរាមទៅចាក់ចោលនៅទីនោះទៀតនោះទេ ដោយសង្កត់ធ្ងន់ថា វាអាចបង្កជាហានិភ័យ ប៉ះពាល់ដល់សុខភាព សុខមាលភាព និងបរិស្ថានទាំងមូលនៅក្នុងតំបន់។

រដ្ឋបាលក្រុងអរិយក្សត្រ កាលពីថ្ងៃទី ១៣ ខែឧសភា បានណែនាំឱ្យម្ចាស់ផ្សារហនុមាន ចូលខ្លួនមកបកស្រាយរឿងបញ្ជាឱ្យកូនចៅយកសំរាមមកចាក់ចោល នៅព្រឹកថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៣ នៅសាលាក្រុងអរិយក្សត្រជាកំហិត។

សូមរំឮកផងដែរថា កាលពីថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៣ កន្លងទៅលោក ចាន់ តារា អភិបាលនៃគណៈអភិបាលក្រុងអរិយក្សត្រ និងមន្ត្រី-អាជ្ញាធរដែលពាក់ព័ន្ធបានចុះទៅពិនិត្យ និងហាមឃាត់មិនឱ្យបងប្អូនប្រជាពលរដ្ឋយកសំរាមមកចាក់ចោលនៅទីតាំងខាងលើបន្តទៀតនោះទេ៕
ដោយ៖គឹម យុត្ថារ៉ូ