ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ហ៊ុន ម៉ានី ពិនិត្យ និងព្យាបាលប្រជាជន ជាងប្រាំពាន់នាក់ នៅសៀមរាប

អត្ថបទដោយ៖
CPA

សៀមរាប៖ក្រុម​​គ្រូ​ពេទ្យ​ស្ម័គ្រ​ចិត្ត ហ៊ុន ម៉ា​នី បាន​ចុះទៅ​ពិនិត្យ​ព្យា​បាល​ប្រជា​ជន​នៅ ស្រុកប្រាសាទបាគងខេត្តសៀ​ម​រា​បដោយ​ឥត​គិត​ថ្លៃ ព្រមទាំងបានធ្វើការ​​​បណ្ដុះ​បណ្ដាល​ពី​វគ្គ​សង្គ្រោះ​បឋម​និង​ផ្សព្វ​ផ្សាយ​យុទ្ធនា​ការ​ចាក់​វ៉ា​ក់សាំង​កូ​វីដ​ ១៩ ​​វិធាន​ការ​សុខាភិ​បាល ចែកម៉ាស់ និងអាល់កុល​ផង​ដែរ​។

ការ​ចុះ​ពិនិត្យ ​ព្យា​បាល និងបណ្តុះបណ្តាល​​ដល់​ប្រជា​ជន​ពី​ក្រុម​ការងារ​គ្រូ​ពេទ្យ​ស្ម័គ្រ​ចិត្ត ហ៊ុន ម៉ា​នី​នេះ ធ្វើឡើង​ដោ​យ​មាន​ការ​សហកា​រ​ជាមួ​យមន្ទីរសុខាភិបាល​ខេត្តសៀមរាប ​មន្ទីរពេទ្យកុមារអង្គរស.ស.យ.ក ខេត្តសៀមរាបនិងអា​ជ្ញា​ធរ​ពាក់​ព័ន្ធ​ កាលពីថ្ងៃទី​១៤ ខែឧសភា ឆ្នាំ​២០២៣​។​

លោក ​លេង ផា​លី ប្រធាន​ប្រតិ​បត្តិ​ក្រុម​ការងារ​គ្រូ​ពេទ្យ​ស្ម័គ្រ​ចិត្ត ហ៊ុន ម៉ា​នី និង​ជា​រដ្ឋ​លេខាធិ​ការ​ក្រសួង​ផែន​ការ​បាន​ឱ្យដឹ​ង​ថា ​ក្រុម​គ្រូពេទ្យ​ស្ម័គ្រ​ចិត្ត​ចំនួន ​៤៥៦ នាក់ ​បាន​ចុះ​ទៅពិនិត្យ និង​​ព្យា​បាល​ប្រជាជន​ចំនួន​ ៥ ៧៣៩ ​នាក់ នៅ​​ក្នុងវិទ្យាល័យ ហ៊ុន សែន ប្រាសាទបាគង ភូមិឱឡោក ឃុំបាគង ស្រុកប្រាសាទបាគង ខេត្តសៀមរាប។

ជាមួយគ្នានោះ ក្រុម​គ្រូពេទ្យ​បាន​ពិនិត្យ​ និង​ព្យាបា​ល​ជំងឺ​កុមារ​ចំនួន ៥១៣​នាក់ ជំងឺ​ស្ដ្រី១៣៨​​នាក់ ជំងឺ​ផ្លូវចិ​ត្ត៤២នាក់​ ជំងឺ​ឫស​ដូង​បាត​៧៣នាក់ ជំងឺ​សន្លាក់​ឆ្អឹ​ង១៩៨នាក់​ ជំងឺ​ផ្លូវដង្ហើម៣៤៦​នាក់ និងជំងឺ​ទឹក​នោមផ្អែម​ចំនួន២១៥នាក់​។

ក្រុម​គ្រូពេទ្យ​ក៏បាន​ពិនិត្យ​អេកូ​សាស្ត្រ​ដល់​ស្ដ្រី​ចំនួន​១០៧​នាក់ វាស់​និង​ពិគ្រោះ​ជំងឺ​បេះដូង​ចំនួន​៩៤​នាក់​ ពិនិត្យ​ព្យា​បាល​ត្រចៀក ច្រមុះ បំពង់​ក​ ដល់​ប្រជា​ជន ១២៧នាក់ វះ​កាត់​តូច​៦៩​នាក់ វិភាគឈាម​១១៧២​​នាក់ ជំងឺ​ទូទៅមនុ​ស្សចាស់​១៣៧៦​នា​ក់ ពិនិត្យ​ព្យា​បាល​ផ្នែក​ប្រព័ន្ធ​ប្រសាទ​និង​បំបាត់​ការ​ឈឺ​ចុកចាប់​៤៩​នាក់ បណ្ដុះ​បណ្ដាល​វគ្គ​សង្គ្រោះ​បឋម​១៥៦នាក់ ពិនិត្យ​ជំងឺ​ភ្នែកនិងចែកវែនតា៩៨៦​នាក់ និង​ពិនិត្យ​សុខ​ភាព​មាត់​ធ្មេញ​ដល់​ប្រជា​ជន​ចំនួន​៧៨​នាក់​។​

លោក លេង ផា​លី បានបញ្ជាក់ថា ៖ «ក្រៅពី​ការ​ពិនិត្យ និង​​ព្យា​បាល​ជំងឺ​ដល់​ប្រជា​ជន ក្រុមគ្រូ​ពេទ្យ​ស្ម័គ្រ​ចិត្ត​ហ៊ុន ម៉ា​នី ក៏បាន​ចែក​ឱសថ ម៉ាស់ អាល់កុល និងវែនតា ​ដល់​ប្រជា​ជន​ផង​ដែរ»​។

លោកបានបន្តថា​ការចុះពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋ និងយុទ្ធនាការចាក់វ៉ាក់សាំងបង្ការកូវីដ១៩  ក្នុងក្របខណ្ឌទូទាំងប្រទេសជាមួយរាជរដ្ឋាភិបាល ​ជាស្មារតីមនុស្សធម៌សុទ្ធសាធដែលស្តែងចេញពី​សេចក្តីស្រ​ឡា​ញ់ បងប្អូនប្រជាពលរដ្ឋក្នុងនាមជាឈាមជ័រខ្មែរដូចគ្នា ខ្មែរស្រឡាញ់ខ្មែរ ខ្មែររួបរួមគ្នាតែមួយអនាគតតែមួយ​​។​​

សូម​ជម្រាប​ដែរ​ថា ​ក្នុង​រយៈ​ពេល​១១​ឆ្នាំ (០២ ធ្នូ ឆ្នាំ២០១២ ដល់ ១៤ ឧសភា ឆ្នាំ២០២៣) ក្រោ​ម​ការដឹក​នាំ​ដោយ​ផ្ទាល់ ​និង​ការ​ចង្អុល​បង្ហាញ​ជា​ប្រចាំ​របស់​លោក ហ៊ុន​ ម៉ា​នី​ ប្រធាន​សហ​ភាព​សហ​ព័ន្ធ​យុវជន​កម្ពុជា​ ក្រុម​ការងារ​គ្រូពេទ្យ​ស្ម័គ្រ​ចិត្ត​ហ៊ុន​ ម៉ា​នី ​បាន​ចូល​រួម​អប់រំ​ផ្សព្វ​ផ្សាយ​ចាក់​វ៉ាក់​សាំង​បង្កា​កូ​វីដ​១៩​ក្នុង​ក្រប​ខ័ណ្ឌ​ទូទាំង​ប្រទេស​ សង្គ្រោះ​​បឋម​ យក​សំណាក​រកវីរុស​កូ​វីដ​១៩​ និង​ពិនិត្យ​ព្យាបាល​ជំងឺ​ជូន​ប្រជា​ពលរដ្ឋ​ដោយ​ឥត​គិតថ្លៃ​ក្នុង​២៥​រាជ​ធានី​-ខេត្ត​បាន​ចំនួន​ ១០៣១លើក។​

​គិត​ត្រឹម​ថ្ងៃទី​១៤​ ខែឧសភា​ ឆ្នាំ​២០២៣ ក្រុម​​គ្រូ​ពេទ្យ​ស្ម័គ្រ​ចិត្ត ហ៊ុន ម៉ា​នី បាន​ព្យា​បាល​ជំងឺ​ជូន​ប្រជា​ពលរដ្ឋ​បាន​ចំនួន​១១,៧១២,៤៦០នាក់​៕

ដោយ៖ទិត្យ រានុពិចិត្រ

ads banner