ផ្លូវដែកចិន និងឡាវ កត់ត្រាពីការដឹកជញ្ជូនអ្នកដំណើរឆ្លងកាត់ព្រំដែនជាង១៣.០០០នាក់
គុនមីង៖ យោងតាមរបាយការណ៍ពីប៉ុស្តិ៍ត្រួតពិនិត្យច្រកទ្វារព្រំដែនចេញ-ចូលរបស់ទីក្រុងម៉ូហាន បានឱ្យដឹងថា ផ្លូវដែកចិន និងឡាវបានកត់ត្រាពីការដឹកជញ្ជូនអ្នកដំណើរឆ្លងកាត់ព្រំដែនចំនួន១៣.៣១០នាក់ ចាប់តាំងពីការបើកដំណើរការសេវាដឹកអ្នកដំណើររបស់ខ្លួននៅថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៣នេះ។

គិតមកទល់ខែឧសភានេះ ទីក្រុងព្រំដែនចិន ម៉ូហាន ក្នុងខេត្តយូណាន ភាគនិរតីនៃប្រទេសចិន បានកត់ត្រាពីការដឹកជញ្ជូនអ្នកដំណើរក្នុងប្រទេសចំនួន៧.០២៤នាក់ និងអ្នកដំណើរទៅក្រៅប្រទេសចំនួន៦.២៨៦នាក់។

លោក ញ៉ាណហ្សាណា ដែលជាអ្នកមគ្គុទ្ទេសក៍ទេសចរណ៍ជនជាតិឡាវ បាននិយាយថា ឥឡូវនេះ ផ្លូវដែកចិន និងឡាវ បានផ្តល់ភាពងាយស្រួលណាស់ ក្នុងការធ្វើដំណើរទៅកាន់ប្រទេសចិន ហើយថា អ្នកទេសចរណ៍មកពីប្រទេសថៃ និងឡាវកាន់តែច្រើនឡើងៗ កំពុងមានគម្រោងធ្វើដំណើរទៅកាន់ប្រទេសចិន។

សូមរម្លឹកថា ផ្លូវដែកចិន និងឡាវ ដែលជាគម្រោងដ៏សំខាន់កើតចេញពីកិច្ចសហប្រតិបត្តិការខ្សែក្រវ៉ាត់ និងផ្លូវដែលមានគុណភាពខ្ពស់ បានចាប់ផ្តើមដំណើរការនៅខែធ្នូ ឆ្នាំ២០២១។ ផ្លូវដែកប្រវែង១,០៣៥គីឡូម៉ែត្រនេះ បានតភ្ជាប់ទីក្រុងគុនមីង របស់ប្រទេសចិន ជាមួយនឹងទីក្រុងវៀងចន្ទន៍ របស់ប្រទេសឡាវ៕

ប្រភព៖ ស៊ីនហួរ ប្រែសម្រួលដោយ៖ ឈឹម ទីណា