ហ្វីលីពីនទទួលបានភ្ញៀវទេសចរអន្តរជាតិជាង២លាននាក់ គិតត្រឹមពាក់កណ្តាលខែឧសភានេះ
ម៉ានីល៖ នាយកដ្ឋានទេសចរណ៍ហ្វីលីពីន (DOT) នៅថ្ងៃទី១៤ ខែឧសភា បានបញ្ជាក់ថា ភ្ញៀវទេសចរបរទេសជាង២លាននាក់បានធ្វើដំណើរមកលេងកំសាន្តប្រទេសហ្វីលីពីនក្នុងឆ្នាំ២០២៣នេះ។

រដ្ឋមន្ត្រីទេសចរណ៍ហ្វីលីពីន លោកស្រី គ្រីស្ទីណា ហ្គាសៀ ហ្វ្រាស់ស្កូ បាននិយាយថា ប្រទេសហ្វីលីពីនបានកត់ត្រាចំនួនភ្ញៀវអន្តរជាតិចំនួន២,០០២,៣០៤នាក់ គិតចាប់ពីថ្ងៃទី០១ ខែមករា ដល់ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៣។ លោកស្រីថា ភ្ញៀវទេសចរចិនប្រហែល៧៥,០០០នាក់ បានស្ថិតក្នុងចំណោមភ្ញៀវទេសចរដែលធ្វើវិស្សមកាលនៅហ្វីលីពីន ដែលជាប្រទេសប្រជុំកោះដ៏ល្បីល្បាញ ជាពិសេសឆ្នេរខ្សាច់ដ៏ស្រស់ស្អាតលំដាប់ថ្នាក់ពិភពលោក។
លោកស្រីបន្ថែមថា កូរ៉េខាងត្បូង គឺជាទីផ្សារកំពូលរបស់ហ្វីលីពីន ដែលមានអ្នកមកលេងកំសាន្តចំនួន៤៨៧,៥០២នាក់ បន្ទាប់មកគឺសហរដ្ឋអាមេរិក អូស្ត្រាលី និងកាណាដា។ ទន្ទឹមគ្នា ទីភ្នាក់ងារទេសចរណ៍ហ្វីលីពីនបានកត់ត្រាពីប្រាក់ចំណូលចំនួន១៦៨,៥២ពាន់លានប៉េសូ ឬប្រហែល៣ពាន់លានដុល្លារ គិតត្រឹមខែមេសាឆ្នាំនេះ កើនឡើង៧៨២.៥៩ភាគរយ ខ្ពស់ជាងឆ្នាំមុន។

ក្នុងនាមជាកត្តាជំរុញក្បាលម៉ាស៊ីនសេដ្ឋកិច្ចដ៏សំខាន់ ការចូលរួមចំណែករបស់ឧស្សាហកម្មទេសចរណ៍ ចំពោះផលិតផលក្នុងស្រុកសរុប (GDP) របស់ប្រទេសហ្វីលីពីនមានចំនួន១២.៧ភាគរយក្នុងឆ្នាំ២០១៩។ ទោះជាយ៉ាងណាក៏ដោយ ជំងឺរាតត្បាតកូវីដ១៩បានប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់វិស័យទេសចរណ៍ ដោយកាត់បន្ថយការមកដល់របស់ភ្ញៀវទេសចរបរទេស និងធ្វើឲ្យបុគ្គលិកបម្រើសេវាកម្មទេសចរជិត១.១លាននាក់បង្ខំចិត្តឈប់ពីការងារ ឬផ្លាស់ប្តូរការងារនៅទូទាំងប្រទេស។

សូមរម្លឹកថា ហ្វីលីពីនបានទទួលភ្ញៀវទេសចរបរទេសជាង២.៦៥លាននាក់ក្នុងឆ្នាំ២០២២ ចាប់តាំងពីប្រទេសអាស៊ីអាគ្នេយ៍មួយនេះ បានបន្ធូរបន្ថយការរឹតបន្តឹងលើការចូលក្នុងប្រទេសហ្វីលីពីនរបស់ភ្ញៀវទេសចរបរទេស។ សម្រាប់ឆ្នាំ២០២៣ នាយកដ្ឋានទេសចរណ៍ហ្វីលីពីនបានកំណត់គោលដៅ នៃការមកដល់របស់ភ្ញៀវទេសចរអន្តរជាតិ នឹងកើនឡើងពី២.៦លាន ទៅ ៦.៤លាននាក់៕

ប្រភព៖ ស៊ីនហួរ ប្រែសម្រួលដោយ៖ ឈឹម ទីណា