សម្ដេចតេជោ ហ៊ុន សែន៖ អ្នកដែលផ្តាច់ខ្លួនពីអ្នកនយោបាយជ្រុលនិយម លើកលែងតែម្នាក់ទេ ក្រៅពីហ្នឹងទទួលយកទាំងអស់
ភ្នំពេញ៖ ក្នុងពិធីប្រគល់សញ្ញាបត្រជូនដល់និស្សិតជ័យលាភី នៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម,វិទ្យាស្ថានជាតិកសិកម្មព្រែកលៀប និងវិទ្យាស្ថានជាតិកសិកម្មកំពង់ចាម ដែលធ្វើឡើងនៅមជ្ឈមណ្ឌលកោះពេជ្រ រាជធានីភ្នំពេញ នាព្រឹកថ្ងៃចន្ទទី១៥ ខែឧសភា ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចស្វាគមន៍អ្នកទាំងឡាយដែលផ្តាច់ខ្លួនពីអ្នកនយោបាយជ្រុលនិយម ដើម្បីមកចូលរួមជាមួយគណបក្សប្រជាជនកម្ពុជា គឺទទួលយកទាំងអស់ លើកលែងតែម្នាក់នោះចេញទេ ។

សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា ប្រជាពលរដ្ឋខ្មែរបច្ចុប្បន្ន មិនបានភ្លើជាមួយបុគ្គលនោះទៀតទេ បានជាពួកគេចាប់ផ្តើមមកចូលរួមជាមួយគណបក្សប្រជាជនកម្ពុជា ។
សម្ដេចតេជោ ហ៊ុន សែន ក៏បានប្រកាសបន្តស្វាគមន៍បណ្ដាសមាជិក-សមាជិកាបណ្ដាគណបក្សនានា ដែលចង់ចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជាពីគ្រប់ទីកន្លែងទាំងអស់។ សម្ដេចប្រកាសមិនទទួលតែមេដឹកនាំបក្សក្បត់ជាតិ រត់ចោលស្រុកម្នាក់គត់ប៉ុណ្ណោះ ។

សម្តេចតេជោ ហ៊ុន សែន ក៏បានគូសបញ្ជាក់ថា ដោយសារតែបុគ្គលនោះ ភ្លើល្ងង់ បានជាមិនដែលធ្វើនយោបាយឈ្នះគណបក្សប្រជាជនកម្ពុជា ហើយខ្លួនស្ទើរតែជាប់គុកទៀតផង ៕


អត្ថបទ៖ វណ្ណលុក, រូបភាព៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ