ឯកឧត្តម ជា វ៉ាន់ដេត ៖ កម្លាំងបក្សខ្លាំងគឺមិនអាចខ្វះពីការចូលរួមរបស់សកម្មជននៅតាមមូលដ្ឋានបានទេ
តាកែវ៖ ឯកឧត្តម ជា វ៉ាន់ដេត បានលើកឡើងថា កម្លាំងបក្សខ្លាំងគឺមិនអាចខ្វះពីការចូលរួមរបស់សកម្មជននៅតាមមូលដ្ឋានបានោះទេ។ ឯកឧត្តម បញ្ជាក់បន្តថា បក្សរបស់យើងគឺត្រូវពឹងផ្អែកទៅលើសកម្មជននៅតាមភូមិ ឃុំ នីមួយៗ ហើយបក្សឈ្នះឆ្នោតនៅទូទាំងប្រទេស គឺអាស្រ័យទៅលើការគាំទ្រពីបងប្អូនពូមីងទាំងអស់គ្នា ពូនផ្តុំចេញពីមូលដ្ឋាននីមួយៗ ទើបគណបក្សប្រជាជនកម្ពុជា បានឈ្នះឆ្នោតរហូតមក។

ឯកឧត្តម បន្តថា មូលហេតុអ្វីបានជាបក្សយើងត្រូវឈ្នះឆ្នោត គឺទី១ដោយសារបក្សប្រជាជន បានដឹកនាំប្រជាពលរដ្ឋ ក៏ដូចជាសមាជិកបក្សបានទទួលផលប្រយោជន៍ ទៅតាមសមត្ថភាព ឱកាស ក៏ដូចជាការខិតខំប្រឹងប្រែងរបស់បុគ្គលនីមួយ ទី២សកម្មជនរបស់យើងថ្ងៃក្រោយគឺជាអ្នកបន្តវេនពីចាស់ៗ ឬអ្នកជំនាន់មុនដែលត្រូវចូលនិវត្តន៍ ហេតុដូច្នេះហើយ យុវជននៅតាមភូមិ ឃុំ ត្រូវធ្វើការងារបក្សដើម្បីសន្សំនូវការចេះដឹង គុណសម្បត្តិដើម្បីក្លាយទៅជាមេដឹកនាំ ភូមិ ឃុំ ដែលយើងនិងមានឱកាសជួយមូដ្ឋានរបស់យើងឱ្យកាន់តែរីកចំរើន ។

ការលើកឡើង របស់ ឯកឧត្តម ជា វ៉ាន់ដេត សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារគណបក្សចុះជួយមូលដ្ឋានស្រុកបាទី កាលពីថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៣ ក្នុងឱកាសជួបសំណេះសំណាលជាមួយបងប្អូន ជនបង្គោលគណបក្សប្រជាជនកម្ពុជា ប្រមាណជា ៣០០ នាក់ នៅ ឃុំពត់សរ ស្រុកបាទី ខេត្តតាកែវ។

ឯកឧត្តម បន្តទៀតថា កន្លងមកឃុំពត់ស បានធ្វើការងារល្អ ក្រោមការដឹកនាំរបស់ គណពង្រឹងស្រុក ឃុំ និងសមាជិកក្រុមប្រឹក្សា និងបងប្អូនទាំងអស់ ដែលជាជនបង្គោល និងជាសកម្មជនរបស់គណបក្ស មានការអភិវឌ្ឍន៍ល្អ ជាក់ស្តែងផ្លូវជាច្រើនបានធ្វើជាប្រភេទផ្លូវបេតុងជាហូរហែរ ដែលទាំងនេះគឺជាការអភិវឌ្ឍន៍នៅមូលដ្ឋាន ។ គណបក្សប្រជានជនឈ្នះ និងធ្វើការអភិវឌ្ឍន៍កាន់តែល្អថែមទៀត ជាក់ស្តែងមណ្ឌលសុខភាព បានសាងសង់រួចរាល់និងសម្ពោធដាក់ឱ្យប្រើប្រាស់ ដែលបាននិងកំពុងផ្តល់សេវាសុខាភិបាលនៅនិងមូលដ្ឋានទាំងការពិនិត្យព្យាបាលជំងឺ និងការសម្រាលកូនផងដែរ។
ឯកឧត្តម ក៏បានណែនាំឱ្យសកម្មជនគណបក្សបន្តយកចិត្តទុកដាក់ជំរុញឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់អញ្ជើញទៅបោះឆ្នោតនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ ជូនគណបក្សប្រជាជនកម្ពុជា ឱ្យបានគ្រប់ៗគ្នា ដើម្បីគណបក្សប្រជាជនកម្ពុជាបន្តដឹកនាំប្រទេស ឱ្យកាន់តែរីកចម្រើន និងសុខសន្តិភាពបន្តទៀត៕

អត្ថបទ ង៉ាន់ ទិត្យ រូបភាព រិន រចនា