អង់គ្លេសសន្យាផ្ដល់ជំនួយសព្វាវុធបន្ថែមដល់អ៊ុយក្រែន បង្កការខឹងសម្បាពីរុស្ស៊ី
ឡុងដ៍៖ នាយករដ្ឋមន្រ្តីចក្រភពអង់គ្លេស លោក រីហ្ស៊ី ស៊ូណាក់ កាលពីថ្ងៃចន្ទបានសន្យាផ្តល់ជំនួយសព្វាវុធបន្ថែមដល់អ៊ុយក្រែនដើម្បីយកទៅចម្បាំងជាមួយរុស្ស៊ី ក្នុងអំឡុងដំណើរទស្សនកិច្ចទៅអង់គ្លេសរបស់ប្រធានាធិបតីអ៊ុយក្រែន លោក វ្ល៉ូឌីមៀរ ហ្សេលេនស្គី ដែលបង្កការខឹងសម្បាពីទីក្រុងមូស្គូ។ នេះបើតាមការរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន អេភី(AP)។
ការិយាល័យរបស់លោក ស៊ូណាក់ បានឱ្យដឹងថា ចក្រភពអង់គ្លេសបានកំណត់ពេលវេលាដើម្បីបញ្ជាក់ថា ខ្លួននឹងផ្តល់ឱ្យអ៊ុយក្រែននូវមីស៊ីលការពារដែនអាកាសរាប់រយគ្រាប់បន្ថែមទៀត ក៏ដូចជា យន្តហោះគ្មានមនុស្សបើក (ដ្រូន) ដែលប្រើសម្រាប់ការវាយប្រហាររយៈចម្ងាយឆ្ងាយរហូតដល់ជាង ២០០ គីឡូម៉ែត្រ។
លោក ហ្សេលេនស្គី ដែលកំពុងស្ថិតក្នុងដំណើរទស្សនកិច្ចទៅអង់គ្លេសជាលើកទី២ចាប់តាំងពីរុស្ស៊ីឈ្លានពានអ៊ុយក្រែនឆ្នាំមុន បានថ្លែងអំណរគុណដល់អង់គ្លេស ហើយបាននិយាយថា សង្រ្គាមគឺជាបញ្ហា «សន្តិសុខមិនត្រឹមតែចំពោះអ៊ុយក្រែនប៉ុណ្ណោះទេ ប៉ុន្តែគឺចំពោះអឺរ៉ុបទាំងអស់»។
ចំណែកឯលោក ស៊ូណាក់ វិញ បានប្រាប់លោក ហ្សេលេនស្គី ថា៖ «ការដឹកនាំរបស់លោក (ហ្សេលេនស្គី) ភាពក្លាហាន និងភាពរឹងមាំរបស់ប្រទេសរបស់លោក គឺជាការលើកទឹកចិត្តដល់ពួកយើងទាំងអស់គ្នា»។
គួរបញ្ជាក់ថា ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះលោក ហ្សេលេនស្គី ក៏បានទៅបំពេញទស្សនកិច្ចនៅប្រទេសបារាំង អាល្លឺម៉ង់ និងអ៊ីតាលី ផងដែរ ដើម្បីស្វែងរកជំនួយបន្ថែមទៀត ខណៈអ៊ុយក្រែនត្រៀមខ្លួនដើម្បីធ្វើប្រតិបត្តិការវាយបករំដោះទឹកដីដែលរុស្ស៊ីកំពុងកាន់កាប់។
ជុំវិញការវិវត្តចុងក្រោយ វិមានក្រឹមឡាំងដែលតែងតែប្រឆាំងនឹងការផ្គត់ផ្គង់អាវុធរបស់លោកខាងលិច បានប្រតិកម្មថា ការសន្យារបស់ទីក្រុងឡុងដ៍ក្នុងការផ្គត់ផ្គង់អាវុធបន្ថែមដល់អ៊ុយក្រែន មានផលអវិជ្ជមានយ៉ាងខ្លាំង ប៉ុន្តែវានឹងមិនធ្វើឱ្យដំណើរការសង្រ្គាមផ្លាស់ប្ដូរនោះទេ។
អេភី បានស្រង់សម្ដីអ្នកនាំពាក្យវិមានក្រឹមឡាំង លោក ឌ្មីទ្រី ប៉េស្កូវ ដែលបានថ្លែងយ៉ាងដូច្នេះកាលពីថ្ងៃចន្ទថា៖ «ចក្រភពអង់គ្លេសប្រាថ្នាចង់ក្លាយជាប្រទេសនាំមុខគេក្នុងចំណោមប្រទេសដែលបន្តបង្ហូរអាវុធឱ្យអ៊ុយក្រែន។ យើងនិយាយម្តងទៀតថា វាមិនអាចធ្វើឱ្យមានឥទ្ធិពលខ្លាំង និងជាមូលដ្ឋានលើវិធីដែលប្រតិបត្តិការយោធាពិសេស [នៅអ៊ុយក្រែន] កំពុងបង្ហាញនោះទេ។ ប៉ុន្តែប្រាកដណាស់ វានឹងនាំទៅរកការបំផ្លិចបំផ្លាញ និងការបញ្ចេញសកម្មភាពបន្ថែមទៀត… វាធ្វើឱ្យបញ្ហាទាំងមូលកាន់តែស្មុគស្មាញសម្រាប់អ៊ុយក្រែន»។
សូមបញ្ជាក់ថាកន្លងមកចក្រភពអង់គ្លេសបានក្លាយជាសម្ព័ន្ធមិត្តយោធាដ៏សំខាន់មួយរបស់អ៊ុយក្រែន ដោយបានបញ្ជូនមីស៊ីលរយៈចម្ងាយខ្លី និងរថក្រោះធុន Challenger ជាច្រើន ជាមួយនឹងការបណ្តុះបណ្តាលទាហានអ៊ុយក្រែនចំនួន ១៥ ០០០ នាក់ទៀតនៅលើដឹកដីអង់គ្លេស។
កាលពីសប្តាហ៍មុន ចក្រភពអង់គ្លេសបានប្រកាសថា ខ្លួនបានបញ្ជូនឱ្យអ៊ុយក្រែននូវមីស៊ីលក្រូស Storm Shadow ។ ជំនួយមីស៊ីលដែលអាចបាញ់បានចម្ងាយជាង ២៥០ គីឡូម៉ែត្រនេះ ធ្វើឱ្យអង់គ្លេសក្លាយជាប្រទេសដំបូងគេ ដែលបញ្ជូនមីស៊ីលរយៈចម្ងាយឆ្ងាយទៅឱ្យអ៊ុយក្រែន។
ក្នុងជំនួបកាលពីថ្ងៃចន្ទផងដែរ លោក ហ្សេលេនស្គី បានក៏បានលើកឡើងជាថ្មីពីសំណើរសុំយន្តហោះចម្បាំង។ យ៉ាងណាមិញ អ្នកនាំពាក្យរបស់លោក ស៊ូណាក់ បាននិយាយថា អង់គ្លេសមិនបញ្ជូនយន្តហោះចម្បាំងណាមួយទៅឱ្យអ៊ុយក្រែននោះ ប៉ុន្តែថា ប្រទេសនឹងចាប់ផ្តើមបណ្តុះបណ្តាលអ្នកបើកយន្តហោះចម្បាំងអ៊ុយក្រែននៅរដូវក្ដៅនេះ។
ចំណែកឯវិមាន Downing Street បានឱ្យផងដែរថា លោក ស៊ូណាក់ ក៏នឹងជំរុញសម្ព័ន្ធមិត្តឱ្យផ្តល់ការគាំទ្របន្ថែមទៀតដល់អ៊ុយក្រែន នៅក្នុងកិច្ចប្រជុំនៃក្រុមមេដឹកនាំនៃប្រទេសអ្នកមានទាំង៧ (G7) នៅជប៉ុននៅចុងសប្តាហ៍នេះ។ នេះបើតាម AP។
ការសន្យាផ្ដល់អាវុធបន្ថែមរបស់អង់គ្លេស ធ្វើឡើងបន្ទាប់ពីការិយាល័យប្រធានាធិបតីបារាំង លោក អេម៉ានូអែល ម៉ាក្រុង បាននិយាយថា បារាំងនឹងផ្គត់ផ្គង់រថក្រោះធុនស្រាល រថពាសដែក និងប្រព័ន្ធការពារដែនអាកាសជាច្រើនទៀតទៅឱ្យអ៊ុយក្រែននៅប៉ុន្មានសប្ដាហ៍ខាងមុខ ប៉ុន្តែមិនបានបង្ហាញតួលេខជាក់លាក់នោះទេ។ ការិយាល័យបន្ថែមថា បារាំងនឹងហ្វឹកហាត់ទាហានអ៊ុយក្រែនប្រមាណ ២ ០០០ នាក់នៅបារាំង និងជិត ៤ ០០០ នៅប៉ូឡូញ។
ចំណែកឯរដ្ឋាភិបាលអាល្លឺម៉ង់វិញ កាលពីថ្ងៃអាទិត្យបានប្រកាសកញ្ចប់ជំនួយយោធាថ្មីសម្រាប់អ៊ុយក្រែន ដែលមានតម្លៃបីប៊ីលានដុល្លារ រួមទាំងរថក្រោះ ប្រព័ន្ធប្រឆាំងយន្តហោះចម្បាំង និងគ្រាប់រំសេវ។ ការប្រកាសនេះ ធ្វើឡើងក្នុងដំណើរទស្សនកិច្ចទៅអាល្លឺម៉ង់របស់លោក ហ្សេលេនស្គី ដែលជួបជាមួយលោកអធិការបតី អូឡាហ្វ សុលហ្ស៍៕
ប្រែសម្រួល៖ហួន ឌីណា
ប្រភព៖ UK promises Ukraine more weapons, angering Russia
UK promises attack drones, more missiles for Ukraine as Zelenskyy meets Sunak on European tour