មន្រ្តីជាន់ខ្ពស់នៃក្រសួងបរិស្ថាន៖ សត្វអណ្តើកហ្លួងជាសត្វដ៏កម្រជិតផុតពូជ និង មានរស់នៅតែតាមដងព្រែកស្រែអំបិល

ភ្នំពេញ ៖ អណ្តើកហ្លួងជាប្រភេទសត្វកម្រជិតផុតពូជនៅលើពិភពលោក ហើយសត្វដ៏កម្រនេះកំពុងមានវត្តមាននៅកម្ពុជា ដោយគេឃើញមានរស់នៅនៅតែតាមដងព្រែកស្រែអំបិល ខេត្តកោះកុង ។

នេះជាការថ្លែងបញ្ជាក់ពីសំណាក់ ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋលេខាធិការ និងជាមន្រ្តីនាំពាក្យក្រសួងបរិស្ថាន ក្នុងពេលដឹកនាំមន្ត្រី និង អ្នកសារព័ត៌មានធ្វើការស្វែងយល់ពីវិធីសាស្ត្រនៃការបង្កាត់ពូជ និងផ្ស៊ាំអណ្តើកហ្លួងនៅស្រុកស្រែអំបិល ខេត្តកោះកុង កាលពីថ្ងៃទី ១៥ ខែឧសភា ឆ្នាំ២០២៣កន្លងមក ។

ឯកឧត្តមរដ្ឋលេខាធិការបានថ្លែងថា អណ្តើកហ្លួងជាប្រភេទសត្វ ឧរង្គសត្វតំណាងឲ្យប្រទេសកម្ពុជា”។ អណ្តើកហ្លួងពីដំបូងឡើយត្រូវបានគេគិតថា បាត់បង់ពីប្រទេសកម្ពុជាទៅហើយ ប៉ុន្តែទោះបីយ៉ាងណាក្នុងអំឡុងឆ្នាំ២០០០ ត្រូវបានគេរកឃើញប្រភេទសត្វនេះឡើងវិញក្នុងប្រទេសកម្ពុជា ។ បន្ទាប់ពីរកឃើញក្រសួងកសិកម្ម និងអង្គការWCSបានរួមគ្នា្ រួចហើយក៏បានយកប្រភេទសត្វអណ្តើកហ្លួងនេះមួយចំនួនយកទៅលែងសម្រាប់បង្កាត់ពូជដើម្បីបង្កើនចំនួនអណ្តើកហ្លួងនៅតាមព្រែកស្រៃអំបិលក្នុងខេត្តកោះកុងដែលជាតំបន់អភិរក្សនេះឡើង។

ជាមួយគ្នានេះ ឯកឧត្តមរដ្ឋលេខាធិការបានថ្លែងដោយអំពាវនាវដល់ប្រជានេសាទឱ្យចូលរួម និងអភិរក្សអណ្តើកហ្លួងនេះពីព្រោះថាដូចជាយើងដឹងស្រាប់ហើយនៅលើពិភពលោកមានត្រឹមតែ៣ប្រទេស ប៉ុណ្ណោះ ដែលនៅមានវត្តមានអណ្តើកហ្លួងនេះ គឺកម្ពុជា ឥណ្ឌូនេស៊ី និងម៉ាឡេស៊ី ។ សម្រាប់កម្ពុជារបស់យើងនេះដែរគឺមានសត្វអណ្តើកហ្លួងច្រើន។

ឯកឧត្តមបានលើកឡើងដោយបញ្ជាក់បន្ថែមថា៖”កន្លងមកដោយមានកិច្ចខិតខំប្រឹងប្រែងរួមនេះគឺយើងនឹងជំរុញបន្ថែមទៀតក្នុងការបង្កើនចំនួនសត្វអណ្តើកហ្លួងក្នុងជម្រកធម្មជាតិ។សម្រាប់នៅទីនេះក៏ជាឧទាហរណ៍មួយផងដែរសម្រាប់ការអភិរក្សជារួមទៅលើប្រភេទសត្វកម្រដែលយើងចាំបាច់ប្រើវិធីសាស្រ្តមួយចំនួនមានន័យថា យើងបង្កាត់ពូជ បន្ទាប់មកយើងនឹងយកកូនរបស់វាដែលកើតមកទៅលែងក្នុងតំបន់ជម្រកធម្មជាតិដើម្បីបង្កើនចំនួនរបស់វា”។

ទន្ទឹមជាមួយគ្នានេះ ឯកឧត្តមរដ្ឋលេខាធិការបានធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋដែលរស់នៅក្បែរតំបន់សត្វកម្រៗទាំងនេះចាំបាច់ត្រូវចូលរួមអភិរក្សទាំងអស់គ្នាក្នុងនេះកុំដាក់អន្ទាក់ កុំបរបាញ់សត្វ សម្រាប់អន្ទាក់ក្នុងទីកន្លែងនេះគឺឧបករណ៍នេសាទ ដែលឧបករណ៍ខ្លះទោះវាស្របច្បាប់តែវាជាឧបសគ្គក្នុងការបំផ្លាញសត្វកម្រទាំងនេះ។កន្លងមកនៅស្រុកស្រែអំបិលនេះគេឃើញមានការលក់សាច់សត្វ ក៏ដូចជាលក់សត្វអណ្តើហ្លួង ហើយដែលសម្បុរសជនបានឃើញ ហើយសង្រ្គោះសត្វទាំងនេះដើម្បីយកទៅប្រគល់ជូនក្រសួងបរិស្ថានចំនួន២ក្បាលដែលជាអណ្តើកហ្លួងញីឈ្មោះ ហើយក្រសួងក៏បានប្រគល់ជូនមជ្ឈមណ្ឌលអភិរក្សសត្វល្មូនខេត្តកោះកុង សម្រាប់ថែរក្សានិងអភិរក្សបន្តទៀត។

លោក ខន ផុន ជាអ្នកសម្របសម្រួលគម្រោងអណ្តើកហ្លួង និង ក្រពើត្រី ប្រចាំនៅខេត្តកោះកុងនៃអង្គការWCS បានឱ្យដឹងថា ៖ ការបង្កាត់ពូជអណ្តើកហ្លួងបានទទួលជោគជ័យពីព្រោះថាក្នុងឆ្នាំនេះគឺជាឆ្នាំទី៣ហើយដោយក្នុងនេះការថែរក្សាអណ្តើកហ្លូងពីមួយឆ្នាំទៅមួយឆ្នាំកាន់តែល្អប្រសើរ ដោយក្នុងឆ្នាំទី១យើងបានសំបុក៧១ តែយើងបានតែកូន ១ទេ សម្រាប់ឆ្នាំទី២យើងបានសំបុក៨០ ហើយបានកូនរហូតដល់៣៥ និងឆ្នាំទី៣នេះយើងបានសំបុក២៧០ជាង ហើយយើងបានកូនអណ្តើកហ្លួងរហូតដល់១២២កូន។អញ្ចឹងឆ្នាំខាងមុខទៀតសង្ឃឹមថាយើងបានយ៉ាងហោចណាស់២០០កូន”។

លោក អ៊ិន ហ៊ុល អនុប្រធាននាយកដ្ឋានអភិរក្សជីវចម្រុះនៃរដ្ឋបាលជលផលខេត្តកោះកុងបានបញ្ជាក់ឱ្យដឹងថាចំពោះការលែង កូនអណ្តើកហ្លួងបានគឺគេធ្វើការលែងចូលទៅក្នុងជម្រកធម្មជាតិ ដោយក្នុងនេះគេបានធ្វើការបែងចែកជា២គឺកាលពីអំឡុងឆ្នាំ ២០០០ដល់ឆ្នាំ២០០៥ នៅពេលយកចេញពីសំបុក១ខែឬច្រើនជាងនេះដែលមើលទៅវារឹងដៃរឹងជើង ហើយគេបានលែងវាចូលក្នុងព្រែកធម្មជាតិ ប៉ុន្តែចាប់ពីឆ្នាំ២០០៦ដល់បច្ចុប្បន្នការលែងកូនអណ្តើកហ្លួងទាល់តែរយៈពេល៣ទៅ៤ឆ្នាំពោលគឺទាល់តែអាចបំពាក់ឧបករណ៍លើខ្នងវាបានទើបគេលែង ។ ការធ្វើបែបនេះគឺយើងអាចតាមដានពីសកម្មភាពនិងការរស់នៅរបស់វា ។ យើងអាចដឹងពីជីវិតរបស់វា នៅពេលគេចាប់វាបាន ឬយើងចង់ស្រាវជ្រាវពីប្រវត្តិអណ្តើកហ្លួងណាមួយទៅថ្ងៃក្រោយ ។

តាមរបាយការណ៍ ស្ដីពីការអភិរក្សអណ្តើកហ្លួងក្នុងប្រព័ន្ធព្រែកស្រែអំបិលស្រុកស្រែអំបិល ខេត្តកោះកុង និងស្រុកកំពង់សីលា ខេត្តព្រះសីហនុ ក្នុងឆ្នាំ២០២៣នេះ បានបញ្ជាក់ឱ្យដឹងថា ក្នុងរដូវពងកូនឆ្នាំ២០២៣ នៅមជ្ឈមណ្ឌលអភិរក្សសត្វល្មូនខេត្តកោះកុង បានរកឃើញពងអណ្តើកហ្លួងចំនួន ២១សម្បុក (ចាប់ពីថ្ងៃទី១៥ ខែមករា ដល់ ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២២) មានពងសរុប ២៧២គ្រាប់ នៅលើឆ្នេរខ្សាច់សិប្បនិម្មិតក្បែរស្រះបង្កាត់ក្នុងមជ្ឈមណ្ឌលអភិរក្សសត្វល្មូនខេត្តកោះកុង ៕

អត្ថបទ៖លោក ជិន ម៉ាដេប៉ូ , រូបភាព៖លោក រិន រចនា

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner