លោក ស៊ី ជីនភីង សន្យាបង្កើនទំនាក់ទំនងជាមួយប្រទេស កាហ្សាក់ស្ថានឱ្យកាន់តែស៊ីជម្រៅ
ប៉េកាំង៖ នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ ប្រទេសចិនបានបង្ហាញឆន្ទៈចង់បង្កើនទំនាក់ទំនងកាន់តែស៊ីជម្រៅជាមួយប្រទេសកាហ្សាក់ស្ថាន (Kazakhstan) ដោយផ្អែកលើការជឿទុកចិត្តគ្នាទៅវិញទៅមកនៅក្នុងគ្រានៃវិបុលភាព និងភាពចម្រូងចម្រាសលាយឡំគ្នា។ នេះជាការលើកឡើងរបស់ប្រធានាធិបតីចិន លោក ស៊ី ជីនភីង (Xi Jinping) ដែលបានប្រាប់សមភាគីកាហ្សាក់ស្ថានដែលបាននឹងកំពុងបំពេញទស្សនកិច្ចនៅប្រទេសចិន។
នៅក្នុងសប្តាហ៍នេះប្រទេសចិននឹងធ្វើជាម្ចាស់ផ្ទះជាលើកដំបូងក្នុងការរៀបចំកិច្ចប្រជុំកំពូលដោយផ្ទាល់រវាងមេដឹកនាំប្រទេសនៅតំបន់អាស៊ីកណ្តាល ដែលសុទ្ធសឹងតែជាមេដឹកនាំដែលមានទំនាក់ទំនងជិតស្និទ្ធជាមួយនឹងប្រទេសរុស្ស៊ី ខណៈដែលទំនាក់ទំនងរបស់ទីក្រុងប៉េកាំងជាមួយប្រទេសលោកខាងលិចកំពុងមានភាពជូរចត់។
ប្រទេសដូចជាកាហ្សាក់ស្ថាន កៀហ្ស៊ីស៊ីស្ថាន តាហ្ស៊ីគីស្ថាន តួកម៉េនីស្ថាន និងអ៊ូសបេគីស្ថាន ដែលពីមុនជាផ្នែកមួយនៃទឹកដីរបស់សហភាពសូវៀត សុទ្ធតែជាប្រទេសដែលកំពុងស្វែងរកការវិនិយោគពីក្រៅប្រទេសផ្សេងៗ ដោយសារតែទីក្រុងម៉ូស្គូដែលធ្លាប់មានទំនាក់ទំនងពាណិជ្ជកម្មជាមួយគ្នាពីមុន បានបង្វែរទិសដៅបញ្ជូនធនធានរបស់ខ្លួនទៅក្នុងការចំណាយនៅក្នុងសង្រ្គាមនៅអ៊ុយក្រែន។
ប្រធានាធិបតីកាហ្សាក់ស្ថាន លោក Kassym Jomart Tokaev ជាមេដឹកនាំប្រទេសដែលពោពេញទៅដោយវាលស្មៅដ៏ធំល្វឹងល្វើយ និងសម្បូរទៅដោយធនធានថាមពល និងធនធានកសិកម្ម។ បន្ថែមលើនេះ លោកគឺជាមេដឹកនាំដំបូងគេក្នុងចំណោមមេដឹកនាំអាស៊ីកណ្តាលទាំងប្រាំប្រទេស ដែលបានធ្វើដំណើរទៅដល់ទីក្រុងស៊ាន (Xian) ភាគពាយ័ព្យប្រទេសចិនដើម្បីចូលរួមកិច្ចប្រជុំកំពូលខាងលើ។
លោក ស៊ី ជីនភីង បានមានប្រសាសន៍ថា «ប្រទេសចិន និងកាហ្សាក់ស្ថានគួរតែលើកកម្ពស់ការកសាងសហគមន៍ចិន-កាហ្សាក់ស្ថានរួមគ្នា ដើម្បីអនាគតរួមគ្នា និងបង្ហាញពីមិត្តភាពពីមួយជំនាន់ទៅមួយជំនាន់ ប្រកបដោយការជឿទុកចិត្តគ្នាទៅវិញទៅមក ពោលគឺរួមគ្នាដើម្បីភាពចម្រុងចម្រើន»។
ប្រធានាធិបតីរូបនេះបាននិយាយទៅកាន់ប្រធានាធិបតីកាហ្សាក់ស្ថានថា «ដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់អ្នកមកកាន់ប្រទេសចិន បានបង្ហាញពីភាពល្អប្រសើរនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ ហើយជាថ្មីម្តងទៀត វាក៏បានបញ្ជាក់ពីទំនាក់ទំនងដែលមិនអាចរំលាយបានជាមួយប្រទេសចិនផងដែរ»។
គួរដឹងដែរថា ពាណិជ្ជកម្មរវាងចិនជាមួយប្រទេសនៅតំបន់អាស៊ីកណ្តាលទាំងប្រាំ បានកើនឡើងរហូតដល់ទៅចំនួន ១០០ ដង ចាប់តាំងពីការបង្កើតទំនាក់ទំនងការទូតកាលពីបីទសវត្សរ៍មុន ពោលគឺបន្ទាប់ពីការដួលរលំសហភាពសូវៀតនៅឆ្នាំ១៩៨៩។ ជាក់ស្ដែង ការវិនិយោគរវាងប្រទេសចិន និងប្រទេសទាំងប្រាំ បានឈានដល់កម្រិតខ្ពស់បំផុត រហូតដល់ទៅចំនួនជាង ៧០ ប៊ីលានដុល្លារក្នុងឆ្នាំ២០២២។
គួររំឭកថា កិច្ចប្រជុំកំពូលរវាងមេដឹកនាំចិន និងអាស៊ីកណ្តាល ធ្លាប់ត្រូវបានប្រព្រឹត្តទៅតាមអនឡាញកាលពីឆ្នាំមុន ដោយសារតែជំងឺរាតត្បាតកូវីដ១៩។ ហើយមូលហេតុនៃការជ្រើសរើសទីក្រុងស៊ាន ជាកន្លែងសម្រាប់កិច្ចប្រជុំកំពូលដោយផ្ទាល់ជាលើកដំបូង គឺដោយសារតែវាជានិមិត្តរូបនៃប្រវត្តិសាស្ត្រ ព្រោះទីក្រុងនេះមានសារៈសំខាន់ខ្លាំងណាស់នៅក្នុងផ្លូវពាណិជ្ជកម្ម ដែលជាផ្លូវសូត្របុរាណ ឆ្ពោះទៅកាន់តំបន់អាស៊ីកណ្តាល៕ ប្រែសម្រួលដោយ៖ ធា សុណា